ជាតិ
នយោបាយជាតិ
គណបក្សសង្គ្រោះជាតិ៖«យើង នៅតែជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋ» រូបភាព៖ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចចិត្តចូលប្រជុំក្នុងរដ្ឋសភាលើកដំបូង កាលពីឆ្នាំ២0១៤ ក្រោយធ្វើពហិការយៈពេល១ឆ្នាំ បន្ទាប់ពីឆ្នោតរួច
× ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ជំទាស់នឹងសេចក្តីស្នើច្បាប់ ដែលយកអាសនៈនៃគណបក្ស ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ ហើយគណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួននៅតែជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២0១៧ ដើម្បីបញ្ជាក់ពីសុពលភាពនិងភាពស្របច្បាប់របស់ខ្លួន ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖«យើង ជាសមាជិករដ្ឋសភា ក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅតែជាតំណាងស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់»។
ការប្រកាសរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខាងលើ គឺក្រោយពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អនុម័តសេចក្តីស្នើច្បាប់មួយចំនួន ដែលបើកផ្លូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចបែងចែកអាសនៈនៃគណបក្សណាមួយ ដែលត្រូវរំលាយ ទៅឲ្យគណបក្សដទៃ។ ជាពិសេស ស្ថិតក្នុងដំណាក់កាលនេះ តុលាការកំពូល កំពុងចាត់ការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ឲ្យតែសេចក្តីស្នើខាងលើ ចូលជាធរមាន ហើយគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានរំលាយមែននោះ រាល់អាសនៈក្នុងរដ្ឋសភា និងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះ នឹងត្រូវធ្លាក់ទៅលើគណបក្សនានា ជាមិនខាន។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចាត់ទុកសេចក្តីស្នើច្បាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថាជាការរំលោភលើឆន្ទៈប្រជាពលរដ្ឋ និងជាការរំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ថា សេចក្តីស្នើច្បាប់ខាងលើ អាចនាំឲ្យស្ថាប័នជាតិសំខាន់ៗ បាត់បង់ភាពស្របច្បាប់។ យ៉ាងណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែអំពាវនាវឲ្យមានការពិនិត្យឡើងវិញ ចំពោះសេចក្តីស្នើច្បាប់ទាំងនោះ។
ទោះជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងយ៉ាងនេះក្តី តែសម្រាប់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សេចក្តីស្នើច្បាប់ទាំងនោះ គឺស្របតាមរដ្ឋធម្មនុញ្ញ។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមគំនិត បានអះអាងថា សេចក្តីស្នើរបស់ខ្លួន នឹងអាចបំពេញភាពខ្វះចន្លោះនៃច្បាប់ កន្លងមក។
«ការស្នើសុំធ្វើវិសោធនកម្មច្បាប់ទាំងនេះ គ្មានចេតនាចង់បំផ្លិចបំផ្លាញ បុគ្គលឬគណបក្សណាមួយឡើយ»។ នេះជាការលើកឡើងរបស់លោក ជាប យៀប តំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាជនកម្ពុជា។
ឯលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បកស្រាយថា ឥទ្ធិពលនៃច្បាប់ ត្រូវតែគ្របដណ្តប់លើគ្រប់ភាគី។ លោក បញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែយើងមើលឃើញភាពចន្លោះប្រហោង ទើបយើងកែប្រែ ដើម្បីឲ្យការអនុវត្តច្បាប់ កាន់តែមានសុពលភាព។ យើង ត្រូវអនុវត្តលើគ្រប់គណបក្ស។ យើង មិនសំដៅតែទៅលើគណបក្សណាមួយ ថាត្រូវរំលាយឬមិនរំលាយទេ។ រាល់ថ្ងៃហ្នឹង មាន៤ទៅ១0គណបក្សឯណោះ ដែលមានបណ្តឹងនៅតុលាការ»។
បច្ចុប្បន្ន សេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ទាំង៤ ដែលរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កំពុងស្ថិតក្នុងការពិនិត្យរបស់ព្រឹទ្ធសភា។ ជានីតិវិធី ក្រោយពិនិត្យនិងអនុម័តចប់ពេលណា សេចក្តីស្នើទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យបន្ត។ នៅដំណាក់កាលចុងក្រោយ សេចក្តីស្នើខាងលើ ត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ឡាយព្រះហស្តឲ្យប្រើប្រាស់ជាផ្លូវការ៕
Tag:
CNRP
ច្បាប់ចែកអាសនៈ
© រក្សាសិទ្ធិដោយ thmeythmey.com