ជាតិ
​មហាផ្ទៃ​នឹង​ចាត់ការ​ទីប្រឹក្សា និង​ជំនួយ​ការ​សម្តេច ស ខេង ដែល​លួច​កាង​បទល្មើស​ផ្សេងៗ​
18, Oct 2017 , 11:08 am        
រូបភាព
លោក ខៀវ សុភ័គ ប្រធានគ្រប់គ្រងទីប្រឹក្សា និងជំនួយការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ ប្រធានគ្រប់គ្រងទីប្រឹក្សា និងជំនួយការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ព្រមាន​ចាត់វិធានការ​លើ​ទីប្រឹក្សា និង​ជំនួយការ​របស់​សម្ដេច ស ខេង ដែល​លួច​ប្រព្រឹត្ត​អំពើ​មិនគួរ​គប្បី ក្នុង​គោលបំណង​កាង​បទល្មើស​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​



​ខុ​ទ្ធ​កាល័យ​សម្ដេច ស ខេង បានចេញ​លិខិត​មួយ ដែលមាន​សំណេរ​សរសើរ​ដល់ទី​ប្រឹក្សា និង​ជំនួយការ​សម្ដេច ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ទៅតាម​តួនាទី​របស់​ពួកគេ ដើម្បី​ចូលរួមចំណែក​ជួយ​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​មូលដ្ឋាន​។ អម​ជាមួយ​ពាក្យ​សរសើរ​ទាំងនេះ ខុ​ទ្ធ​កាល័យ​សម្ដេច ស ខេង ក៏​ព្រមាន​ចាត់វិធានការ​ទៅលើ​ទីប្រឹក្សា និង​ជំនួយការ​ទាំងនោះ​ផងដែរ ចំពោះ​មន្ត្រី​ដែល​លួច​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ដែល​ប៉ះពាល់​ដល់​កិត្តិយស​សម្ដេច ស ខេង​។​

​បើតាម​ខុ​ទ្ធ​កាល័យ​សម្ដេច ស ខេង ដែល​ទទួលបាន​ព័ត៌មាន​អំពី​បទល្មើស ដែល​ទីប្រឹក្សា និង​ជំនួយការ ធ្លាប់បាន​ប្រព្រឹត្ត​នោះ មានដូចជា សកម្មភាព​រត់ការ កាង​អំពើ​ល្មើស​ផ្សេងៗ ឬ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​គោលបំណង​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជាដើម​។ លិខិត​ខុ​ទ្ធ​កាល័យ​សម្ដេច ស ខេង ដែល​ចុះហត្ថលេខា​ដោយ​លោក ខៀវ សុភ័គ ប្រធាន​គ្រប់គ្រង​ទីប្រឹក្សា និង​ជំនួយការ បាន​សរសេរ​ដូច្នេះ​ថា​៖«​ខុ​ទ្ធ​កាល័យ​សូម​ស្នើ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​អសកម្ម​នានា​ទាំងអស់នេះ ក្នុងករណី​នៅមាន​អ្នកប្រព្រឹត្ត​ទៅទៀត ខុ​ទ្ធ​កាល័យ​នឹង​បន្ត​អនុវត្ត​ដាក់ទោស​ទណ្ឌ​តាម​វិន័យ​រដ្ឋបាល ឬ​ក្នុងករណី​ធ្ងន់ធ្ងរ​នឹង​គោរព​ស្នើសុំ​យោបល់​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច ស ខេង ដើម្បី​បញ្ចប់​មុខតំណែង បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ឬ​បញ្ជូនទៅ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​ជា​ធរមាន​»​។​

​បន្ថែម​ពីលើ​នេះ​លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្ដេច ស ខេង ធ្លាប់បាន​បណ្ដេញ​ទីប្រឹក្សា និង​ជំនួយការ ចំនួន​៣​នាក់​រួចមកហើយ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ខុសច្បាប់​នេះ​។ លោក ខៀវ សុភ័គ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្ដេច​មិន​គាំទ្រ​ចំពោះ​ទង្វើ​ខុសច្បាប់ ដែល​យកឈ្មោះ​សម្ដេច​ទៅប្រើ​ប្រាស់​ធ្វើបាប​ពលរដ្ឋ​នោះទេ​។ កន្លងមក​មាន​ទីប្រឹក្សា​២​ទៅ​៣​នាក់​ហើយ ដែល​ប្រើ​ឈ្មោះ​ជាទី​ប្រ​ក្សា​សម្ដេច ដោយ​រត់ការ​ផ្លូវច្បាប់​ឲ្យ​គេ ឬ​ទៅ​ខ្ចីលុយ​គេ តែ​ពេល​គេ​ទារលុយ​វិញ មិន​ព្រម​សង​គេ ហើយ​ប្រើ​ឈ្មោះ​ទីប្រឹក្សា​សម្ដេច​ទៅ​គំរាម​គេ​វិញទៀត​។ តែ​ក្រោយពេល​ព័ត៌មាន​នោះ​ដឹង​ដល់​សម្ដេច​គាត់​ក៏​បណ្ដេញ​ចេញពី​ការងារ​តែម្ដង​»​។​

​កាលពីពេល​ថ្មីៗ​នេះ ក៏មាន​បុគ្គល​ម្នាក់​ប្រើ​ឈ្មោះ​ជាទី​ប្រឹក្សា​សម្ដេច ស ខេង ទៅ​រត់ការ​ការងារ​ឲ្យ​គេ​ផងដែរ ហើយ​នៅពេលនេះ​ខុ​ទ្ធ​កាល័យ​សម្ដេច ស ខេង កំពុង​ត្រួតពិនិត្យ​លើ​ករណី​បុគ្គល​ម្នាក់នេះ​។ នេះ​បើតាម​លោក ខៀវ សុភ័គ ៕


Tag:
 ​ខៀវ សុភ័គ​
  ស ខេង
 ​ទីប្រឹក្សា
 ​ជំនួយការ
 ​មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com