ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​អ្នក​ចង់ដឹង​អំពី​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
18, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​ម្នាក់ៗ​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​ការពារ​រាងកាយ​ពី​មេរោគ​ទាំងឡាយ​ដែល​បង្ក​ជំ​ងឹ​។ ប៉ុន្តែ​ពេលខ្លះ ការការពារ​របស់​វា​ក៏​បរាជ័យ​ដែរ មានន័យថា មេរោគ​មួយ​អាច​ចូលទៅក្នុង​ខ្លួន​បាន​យ៉ាង​ជោគជ័យ និង​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​បាន​។ ដូច្នេះ​តើ​មាន​វិធី​បែបណា​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​បានទេ​? តើ​មាន​អ្វី​កើត​ឡើងទៅ​បើសិនជា​អ្នក​ពង្រឹង​ដល់​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​? តើ​គួរ​លេបថ្នាំ​វីតាមីន ឬ​ថ្នាំ​ប៉ូវ​អ្វី​បាន​បន្ថែម​ដែរ​ទេ​? តើ​គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដែរ​ទេ​ដើម្បី​ទទួលបាន​ការឆ្លើយតប​របស់​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាង​ល្អ​?



​គំនិត​ក្នុង​ការបង្កើន​ប្រព័ន្ធ​ភាពស៊ាំ​គឺជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ប៉ុន្តែ​បើ​យើង​យកមក​អនុវត្តន៍​នោះ​ទំនងជា​ពិបាក​ណាស់​ដោយសារតែ​ហេតុផល​ជាច្រើន​។ បច្ចុប្បន្ននេះ វា​មិនទាន់មាន​ការស្រាវជ្រាវ ឬ​បង្ហាញ​តាមបែប​វិទ្យាសាស្ត្រ​ដោយផ្ទាល់​មួយ​នៅឡើយ​ទេ​ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​របៀប​រស់នៅ និង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នកស្រាវជ្រាវ​បាន​ស្រាវជ្រាវ​ទៅលើ​ឥទ្ធិពល​នៃ​របប​អាហារ ការហាត់​ប្រាណ អាយុ ភាព​ស្ត្រេ​ស​ខាង​ចិត្តសាស្ត្រ និង​កត្តា​ផ្សេងៗ​ទៀត​ទៅលើ​ការឆ្លើយតប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទាំង​លើស​ត្វ និង​មនុស្ស​។​

​វិធីសាស្ត្រ​ស្រប់​ខ្លួន​រស់នៅ​បែប​ផ្តល់​សុខភាព​ល្អ​
​ជម្រើស​ការពារ​ខ្លួន​ដំបូង​គេ​ដែល​យើង​អាចធ្វើ​បាន​នោះ​គឺ​ជ្រើសរើស​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​។ កាលណា​យើង​អនុវត្ត​នូវ​ក្បួន​ណែនាំ​ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​ក់មាន​សុខភាព​ល្អ នោះ​វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​ផងដែរ​។ គន្លឹះ​ទាំងនេះ​មានដូចជា​៖
•    កុំ​ជក់បារី​
•    ញ៉ាំ​របប​អាហារ​ដែលមាន​ជាតិ​ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ខ្ពស់ តែ​ខ្លាញ់ Saturated Fat ទាប​
•    ហាត់ប្រាណ​ទៀងទាត់​
•    រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​
•    គ្រប់គ្រង​សម្ពាធ​ឈាម​
•    បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ចូរ​ញ៉ាំ​វា​តែ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​
•    គេង​គ្រប់គ្រាន់​
•    ចៀសវាង​ការបង្ក​រោគ​តាមរយៈ​ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់ និង​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​មុននឹង​ញ៉ាំ​
•    សម្រាប់​អ្នក​ដែលមាន​ការប្រឈមមុខ​នឹង​ជំងឺ​គួរតែ​ទៅពិនិត្យ​សុខភាព​ជា​ទៀត​ទាត់​

​អាយុ និង​ប្រព័ន្ធ​ភាពស៊ាំ​

​ភាព​ចាស់​ទៅតាម​អាយុ​អាចជា​ហេតុផល​មួយ​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ថយចុះ ដូច្នេះ​ក៏​ជា​រឿង​មួយ​ងាយ​ធ្វើ​ឲ្យ​អ្នកមាន​ការបង្ក​រោគ​ច្រើន មាន​ជំងឺ​រលាក​ច្រើន និង​មហារីក​ដែរ​។​

​យោងទៅតាម​សេចក្តីសន្និដ្ឋាន​នៃ​ការសិក្សា​ជាច្រើន​បាន​ឲ្យ​ដឹងថា បើ​យើង​ប្រៀបធៀប​នឹង​មនុស្ស​វ័យក្មេង​និង​មនុស្ស​ចាស់ ឃើញថា មនុស្ស​ចាស់​ទំនង​ជាមាន​ជំងឺឆ្លង​ច្រើន ហើយក៏​ទំនងជា​ឆាប់​ស្លាប់​ផងដែរ​។ ជំងឺ​ទាំងនោះ​មានដូចជា ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម ជំងឺ​ផ្តាសាយធំ ជាពិសេស​ជំងឺ​រលាក​សួត​តែម្តង​។ គ្មាន​នរណាម្នាក់​ដឹងថា​ហេតុអ្វី​បានជា​ជំងឺ​ទាំងនេះ​ច្រើនតែ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ឆាប់​ស្លាប់​នោះទេ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ខ្លះ​សង្កេតឃើញថា វា​អាច​ដោយសារតែ​ការថយចុះ​របស់​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ T ដែល​ផលិត​ចេញពី​ក្រពេញ Thymus ដែល​វា​ត្រូវបាន​ទ្រោម​ស្វិត​នៅពេល​អាយុ​កាន់តែច្រើន ដូច្នេះ​វា​ក៏​មិន​ងាយ​ទប់ស្កាត់​ការបង្ក​រោគ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​។​

​ការថយចុះ​នៃ​ការឆ្លើយតប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទៅនឹង​ការបង្ក​រោគ​ត្រូវបាន​គេ​រកឃើញ​តាមរយៈ​ឆ្លើយតប​ចំពោះ​ការចាក់​វ៉ាក់សាំង​លើ​មនុស្ស​ចាស់​តែម្តង​។ ឧទាហរណ៍ ការសិក្សា​ទៅលើ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយធំ​ត្រូវបាន​គេ​បង្ហាញថា សម្រាប់​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ វ៉ាក់សាំង​នេះ​មិនសូវមាន​ប្រសិទ្ធភាព​ដូច​ចាក់​លើ​ក្មេង​អាយុ​ចាប់ពី ២​ឆ្នាំ​ឡើងទៅ​ទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វា​មាន​ទំនាក់ទំនង​មួយ​រវាង​ជីវជាតិ និង​ប្រព័ន្ធ​ភាពស៊ាំ​លើ​មនុស្ស​ចាស់​។ ក្នុង​ទម្រ​ង​មួយ​នៃ​ជំងឺ​កង្វះ​អាហារូបត្ថម្ភ ច្រើនតែ​ត្រូវបាន​គេ​រកឃើញ​ច្រើន​លើ​មនុស្ស​ចាស់​តែម្តង​។ រឿងនេះ​ដោយសារតែ​ពួកគេ​ទំនងជា​មិនសូវ​ញ៉ាំ​អាហារ​បាន​ច្រើន និង​ច្រើន​តែមាន​របប​អាហារ​តិចតួច​ក្នុងការ​ទទួលទាន​ផង​។​

​របប​អាហារ​អាចជួយ​អ្វីខ្លះ​បាន​ទៅ​?

​ប្រព័ន្ធ​ភាពស៊ាំ​ប្រៀបដូចជា​កងទ័ព​អញ្ចឹង ដូច្នេះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង គឺ​ត្រូវការ​អាហារ​មាន​ជីវជាតិ​ចិញ្ចឹម​កងទ័ព​ទាំងនេះ​។ អ្នកវិទ្យាសាស្ត្រ​បានកត់សម្គាល់​យូរហើយ​ថា អ្នក​ដែល​រស់នៅក្នុង​ជីវិត​ក្រីក្រ និង​កង្វះ​អាហារូបត្ថម្ភ​ទំនងជា​ងាយ​មាន​ជំងឺឆ្លង​ខ្លាំងណាស់​។ ទោះបីជា​យ៉ាងណាក៏ដោយ មិន​ខ្វល់​ថា ការកើនឡើង​នៃ​អត្រា​ជំងឺ​ទាំងនេះ​បង្កឡើង​ដោយ​ឥទ្ធិពល​កង្វះ​អាហារូបត្ថម្ភ​ឬ​អត់​ឡើយ វា​នៅតែ​មិនមែនជា​អ្វីដែល​យើង​ត្រូវ​ខ្វល់​ឡើយ ព្រោះ​មានការ​សិក្សា​តិចតួច​ណាស់​ដែល​និយាយថា កត្តា​ជីវជាតិ​ជាប់ទាក់ទង​គ្នា​ដោយផ្ទាល់​ទៅនឹង​ការកើត​ជំងឺ​នោះទេ​។​

​ប៉ុន្តែ​មាន​អំណះអំណាង​មួយចំនួន​ដែល​បញ្ជាក់ថា ការ​កង្វះ​ជីវជាតិ ឬ​អាហារូបត្ថម្ភ​ដូចជា ជាតិ​ស័​ង្គ​សី សេ​ឡេ​ញ៉ូ​ម ជាតិ​ដែក ទង​ដែង វីតាមីន B9 និង​វីតាមីន A, B6, C និង E បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​លក្ខណៈ​ឆ្លើយតប​របស់​ប្រព័ន្ធ​ភាពស៊ាំ​លើស​ត្វ​។ ប៉ុន្តែ​ពេល​យើង​សិក្សា​នៅលើ​មនុស្ស​វិញ គឺ​មិនទាន់មាន​ការវាយតម្លៃ​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ​។​

​ឬ​ស​ឈើ និង​ថ្នាំ​បំប៉ន​ផ្សេងៗ​ទៀត​
​បើ​យើង​ដើរ​នៅតាម​ហាង​ទំនើប ឬ​ឱសថដ្ឋាន អ្នក​អាច​នឹង​មើលឃើញ​ថ្នាំ​កំប៉ុង ឬ​ជា​ប្រភេទ​ឬ​ស​ឈើ​ដែល​និយាយថា វា​អាចជួយ​ទ្រទ្រង់​ដល់​សុខភាព​ប្រ័ព​ន្ធ​ភាពស៊ាំ​។ ថ្វីបើ​ថ្នាំ​ទាំងនេះ​និយាយ​បែបនេះ​មែន​ក៏ដោយ តែ​គេ​មិនមាន​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា វា​ពិត​ជាមាន​ប្រសិទ្ធភាព​ដូច​អ្វីដែល​គេ​ពពាយនាយ​នោះទេ ជាពិសេស​ជួយ​ប្រឆាំងនឹង​ការបង្ក​រោគ និង​ជំងឺ​តែម្តង​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​នៅតែ​មិនទាន់​ដឹងថា ថ្នាំ​ឬ​ស​ឈើ​អាច​បង្កើន​ចំនួន​អង់ទីគ័រ​ក្នុង​ឈាម ដែលមាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ទាំងមូល ឬ​អត់​ទេ​។​

​ការទំនាក់ទំនង​លើ​ភាព​ស្ត្រេ​ស​
​តាម​ទិដ្ឋភាព​ភាគច្រើន​ឃើញថា មាន​អ្នកជំងឺ​ច្រើនណាស់​ដែលមាន​លក្ខណៈ​ឈឺក្រពះ អា​ឡែ​ហ្ស៊ី និង​ជំងឺ​បេះដូង គឺមាន​ជាប់ទាក់ទង​នឹង​ភាព​ស្ត្រេ​ស​ខាង​ផ្លូវចិត្ត​ទៅវិញ​ទេ​។ ប៉ុន្តែ​ថ្វីបើ​ទំនាក់ទំនង​រវាង​ភាព​ស្ត្រេ​ស និង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កំពុងតែ​ស្ថិតក្នុង​ការសិក្សា​នៅឡើយ​នោះ ដូច្នេះ​វា​នៅតែ​ស្ថិតក្នុង​សភាព​ស្រពិចស្រពិល​នៅឡើយ​ទេ​។​

​ពាក្យ​ថា​ស្ត្រេ​ស​អាចជា​ពិបាក​នឹង​យល់​អត្ថន័យ​របស់​វា​ណាស់ ព្រោះថា​អ្វីដែល​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​មួយ​ស្ត្រេ​ស​ខ្លាំង តែ​វា​មិនអាច​កើតឡើង​លើ​មនុស្ស​ម្នាក់​ផ្សេង​ទៀតឡើយ​។ អ្វីដែល​សំខាន់​យើង​ក៏​មិនអាច​វាស់​ដឹងថា​មនុស្សម្នា​ក់មាន​ភាព​ស្ត្រេ​ស​ខ្លាំង​ប៉ុណ្ណា​ដែរ​។ អ្នកវិទ្យាសាស្ត្រ​គ្រាន់តែ​អាច​វាស់​ដឹង​នូវ​អ្វីដែល​ជាការ​ឆ្លើយតប​ពី​ភាព​ស្ត្រេ​ស​នោះ​ប៉ុណ្ណោះ​ដូចជា ចំនួន​ដង​ដែល​បេះដូង​លោត​ក្នុង​មួយ​នាទី​ជាដើម​។​

​ថ្វីបើ​ភាព​ពិបាក​នេះ​កំពុងតែ​កើតឡើង​ចំពោះ​ទំនាក់ទំនង​របស់​ស្ត្រេ​ស និង​ប្រព័ន្ធ​ភាពស៊ាំ​ក៏ដោយ​តែ​អ្នកវិទ្យាសាស្ត្រ​នៅតែ​ព្យាយាម​ធ្វើការ​ពិសោធន៍​ដដែលៗ​ច្រើនដង​ទៀត​ជាមួយនឹង​សត្វ​ខុសៗ​គ្នា ឬ​មនុ​ស្សស់​ដើម្បី​ទទួលបាន​លទ្ធផល​ដ៏​ល្អ​មួយ​ដែលមាន​ហេតុផល​ត្រឹមត្រូវ​។​

​តើ​ការ​ផ្តាសាយ​ធ្វើ​ឲ្យ​អ្នក​ឈឺ​មែន​ទេ​?
​គ្រូពេទ្យ​ជំនាញៗ​ជាច្រើន​យល់ស្រប​ថា រដូវរងារ​គឺជា​រដូវ​ដែល​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ ហើយ​កាលណា​ពួកគេ​ស្ថិតក្នុង​រដូវ​នេះ គឺ​មិនសូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ​ទេ ហើយក៏​ព្យាយាម​នៅ​ក្នុងផ្ទះ​កាន់តែច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​អាច​ចម្លងជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​ក្នុងផ្ទះ​បាន​។​

​តាម​ការពិសោធន៍​មួយចំនួន​ជាមួយនឹង​សត្វ​កណ្តុរ​បាន​ឲ្យ​ដឹងថា កាលណា​សត្វ​នេះ​ប៉ះពាល់​នឹង​ភាព​ត្រជាក់​ច្រើន គឺមាន​ការថយចុះ​សមត្ថភាព​ទប់ស្កាត់​ការបង្ក​រោគ​។ ប៉ុន្តែ​ដល់ពេល​ធ្វើការ​ពិសោធន៍​ទៅលើ​មនុស្ស​វិញ បែរជា​លទ្ធផល​មាន​ភាពច្របូកច្របល​ច្រើន​ទៅវិញ ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ​មានការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ និង​ផ្តាសាយ ដែល​អាច​ដោយសារតែ​ការហាត់​ប្រាណ​ខ្លាំងពេក ឬ​រស់នៅក្នុង​ខ្យល់អាកាស់​ដែល​ស្ងួត​។​

​តើ​ការហាត់​ប្រាណ​ល្អ ឬ​អាក្រក់​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​?
​ការហាត់​ប្រាណ​ទៀងទាត់​គឺជា​គន្លឹះ​ដ៏​ល្អ​មួយ​ក្នុងការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។ វា​នឹង​ពង្រឹង​ដល់​សុខភាព​ប្រព័ន្ធ​បេះដូង​សរសៃឈាម បន្ថយ​សម្ពាធ​ឈាម គ្រប់គ្រង​ទម្ងន់​រាងកាយ និង​ប្រឆាំង​ជំងឺ​ជាច្រើន​។ ប៉ុន្តែ​តើ​វា​អាចជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​ដែរ​ទេ​? រឿងនេះ​គឺ​មិន​ខុសគ្នា​នឹង​របប​អាហារ​ផ្តល់​សុខភាព​ល្អ​នោះទេ​។ ការហាត់​ប្រាណ​អាច​ជំរុញ​ដល់​របត់​ឈាម​រត់​កាន់តែ​ល្អ​ដោយផ្ទាល់ តាមរយៈ​អនុញ្ញាតិ​ឲ្យ​កោសិកា និង​សារធាតុ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ចលនា​ពេញ​រាងកាយ​យ៉ាង​សេរី និង​ធ្វើ​ការងារ​របស់​វា​កាន់​តែមាន​ប្រសិទ្ធភាព​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com