ក្រុម Manchester City បានយកឈ្នះ SSC Napoli ២-១ នាការប្រកួតក្របខណ្ឌ UEFA Champion League វគ្គសន្សំពិន្ទុ ដែលធ្វើឡើងនៅរាត្រីថ្ងៃទី១៧ ខែតុលានេះ ក្នុងទឹកដី Etihad Stadium។
កូនក្រុមរបស់លោក Pep Guardiola បានបើកការវាយសម្រុកតាំងពីដើមតង់ដោយលេងបាល់ខ្លីៗពីក្រោមទៅលើបានយ៉ាងល្អរហូតសម្រេចទីបានមួយគ្រាប់ដោយ Raheem Sterling នៅនាទី៩ មុនពេល Gabriel Jesus បន្ថែម១គ្រាប់ទៀតនៅ៤នាទីបន្ទាប់ជួយឲ្យ Manchester City នាំមុខ២-០ ក្នុងតង់ទី១។ ចូលដល់វគ្គទី២ ក្រុមមេឃខៀវនៅតែបន្តគ្រប់គ្រងបាល់ច្រើនដដែលបន្តែមិនអាចធ្វើអ្វីគូប្រកួតបានរហូតដល់នាទី ៧៤ ខ្សែបម្រើ Fernandinho បានបង្កើកំហុសក្នុងគ្រោះថ្នាក់ដែលធ្វើឲ្យ Napoli តាមបានមួយគ្រាប់វិញពីកីឡាករ Amadou Diawara ដោយបាល់ពិន័យ១១ម៉ែត្រ ចប់ការប្រកួត Manchester City ឈ្នះ Napoli ២-១។
ជ័យជម្នះនេះបានធ្វើឲ្យ Manchester City ឈរនៅកំពូលតារាងពូល F មាន៩ពិន្ទុ បន្ទាប់ពីប្រកួតឈ្នះទាំង៣លើកចុងក្រោយ ខណៈដែល Napoli ស្ថិតនៅលេខមាន៣ពិន្ទុ ក្រោយប្រកួត៣លើក ឈ្នះតែ១ម្តងប៉ុណ្ណោះ។
តាំងពីចាប់ផ្តើមរដូវកាលថ្មីមក Manchester City បានបង្ហាភាពខ្លាំងរបស់ខ្លួនដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត១១លើកចុងក្រោយទាំងក្របខណ្ឌលីកក្នុងស្រុក និងពានកំពូលអឺរ៉ុប។ ការប្រកួត៨លើកចុងក្រោយនៅ Premier League ក្រុមមេឃខៀវអាចរកជ័យជម្នះបាន៧លើក និងស្មើ១លើក មាន២២ពិន្ទុ ឈរនៅកំពូលតារាងបណ្តោះអាសន្ន។ តើក្រុមមួយណាទៅដែលអាចបញ្ចប់ភាពមិនដែលចាញ់របស់គេបាន?
សម្រាប់ជំនួបគូពិសេស១ទៀត Real Madrid បានត្រឹម១ស្មើជាមួយ Tottenham Hotspur ក្នុងដីខ្លួនឯង នៃវគ្គសន្សំពិន្ទុពូល H។ ក្រុមរហស្សមានមាន់ខ្នាយមាសបានបើកការនាំមុខមុននៅនាទី២៨ ដោយបាល់ចូលទីខ្លួនឯងពីខ្សែការពារ Raphael Varane បន្ទាប់ពី Cristiano Ronaldo ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើនៅចុងតង់ទី១ លទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត។ Real និងSpurs បន្តឈរនៅកំពូលតារាងមាន៧ពិន្ទុ ក្រោយប្រកួត៣លើក ឈ្នះ២ ស្មើ១ដូចគ្នា។
ដោយឡែកក្រុមមកពីអង់គ្លេសមួយទៀតគឺ Liverpool បានទទួលជ័យជម្នះលើកដំបូងរបស់ខ្លួនក្រោយលត់ Maribor ៧-០ និងហក់ឡើងទៅឈរកំពូលតារាងពូល E ផងដែរ។ ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុនេះ ក្រុមដែលដឹកនាំដោយលោក Jurgen Klopp ប្រកួតឈ្នះ១លើក និងស្មើ២លើកមាន៥ពិន្ទុ ស្មើក្រុមលេខ២ Spartak Moscow ដែរ។
លទ្ធផលគូដ៏ទៃទៀតនៃពានរង្វាន់ Champion League៖ ពូល E
Maribor ០ – ៧ Liverpool
Spartak Moscow ៥ - ១ Sevilla ពូល F
Feyenoord ១ - ២ Shakhtar Donetsk
Manchester City ២ - ១ SSC Napoli ពូល G
Monaco ១ - ២ Besiktas
RasenBallsport Leipzig ៣ - ២ FC Porto ពូល H
APOEL Nicosia ១ - ១ Borussia Dortmund
Real Madrid ១ - ១ Tottenham Hotspur