មីនុយសំខាន់
អន្តរជាតិ
មហាសន្និបាត​៖ ស៊ី ជិន​ភីង សរសើរ​នយោបាយ​កណ្តា​ប់​ដៃ​ដែក​កម្ចាត់​មន្ត្រី​ពុករលួយ​ជាង​១​លាន​នាក់
18, Oct 2017 , 7:19 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​ក្នុងពេល​រៀបរាប់​ពី​សមិទ្ធផល​បក្ស​កុម្មុយនីស្ត​ចិន​សម្រេចបាន​ប្រាំ​ឆ្នាំ​មកនេះ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​លោក ស៊ី ជិន​ភីង បាន​កោតសរសើរ​គោល​នយោបាយ​កណ្តាប់ដៃ​ដែក​កម្ចាត់​អំពើពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ផងដែរ​។ នយោបាយ​កម្ចាត់​អំពើពុករលួយ​នេះ​កម្ចាត់​អស់​តាំងពី​«​មន្ត្រី​រុយ​» ដល់​«​មន្ត្រី​ខ្លា​»​ក្នុង​បក្ស​កុម្មុយនីស្ត​។



​ថ្លែង​ទៅកាន់​សមាជិក​សមាជិកា​បក្ស​កុម្មុយនីស្ត​ជាង ២​ពាន់​នាក់ រួមទាំង​អតីត​ប្រធានាធិបតី Jiang Zemin ដែល​ស្ថិតក្នុង​វ័យ ៩១ នោះ លោក ស៊ី ជិន​ភីង បាន​អះអាងថា យុទ្ធនាការ​កម្ចាត់​អំពើពុករលួយ​កន្លងមក​ពិត​មាន​សន្ទុះ​ខ្លាំង​លើសលុប និង​រួមចំណែក​សំខាន់​ដល់​ការអភិវឌ្ឍ​យ៉ាង​រហ័ស​របស់​ចិន​ផង​។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​ថ្លែង​ដូច្នេះ​៖« ការប្រឆាំង​អំពើពុករលួយ​បាន​ជួយ​បង្កើត​ជំហរ​មួយ​ដ៏​អស្ចារ្យ និង​រឹងមាំ​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​ចិន​»​។ 

​តាំងពី​ឡើងកាន់​អំណាច​នៅ​ឆ្នា​ម ២០១៤ លោក ស៊ី ជិន​ភីង បាន​បង្កើន​ចំណាត់​ការប្រឆាំង​អំពើពុករលួយ​ឥតមាន​បន្ធូរបន្ថយ​ដៃ​ឡើយ ដោយ​លោក​កម្ចាត់​មន្ត្រី​ពុករលួយ​ទាំង​ស្ថិតក្នុង​តំណែង​គ្រាក់ៗ និង​ស្ថិតក្នុង​តំណែង​តូច​ទាប​ផង​។ មន្ត្រី ១,៣​លាន​នាក់ ទាំង​តូច ទាំង​ធំ ត្រូវបាន​ចាប់ខ្លួន បណ្តេញ​ចេញពី​បក្ស និង ជាប់ពន្ធនាគារ​ផង​។ ក្នុងចំណោម​នោះ​មាន​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​ដូចជា​លោក Zhou Yongkang  ប្រធាន​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង រួម​តាំង​អតីត​អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​លោក Xu Caihou និង​លោក Guo Boxiong ថែមទៀត​។
អត្ថបទទាក់ទង

​យ៉ាងណាមិញ​អ្នកវិភាគ​មួយចំនួន​យល់ថា លោក ស៊ី ជិន​ភីង ប្រើប្រាស់​គោលនយោបាយ​ប្រឆាំង​អំពើពុករលួយ​នេះ​ដើម្បី​កម្ចាត់​គូបដិបក្ខ​ខ្លួន និង​ដើម្បី​ប្រមូលផ្តុំ​អំណាច​ផង​។ គោលនយោបាយ​ប្រឆាំង​អំពើពុករលួយ​ជា​ភារកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ដៃស្តាំ​របស់លោក ស៊ី ជិន​ភិ​ង លោក វ៉ាង ជី​សាន (Wang Qishan) ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​វិន័យ​នោះ​៕


Tag:
 ស៊ី ជិន​ភីង​
  មហាសន្និបាត​ទី​១៩
 ​បក្ស​កុម្មុយនីស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com