ជាតិ
អ្នកក្រុងសៀមរាបបារម្ភពីសុវត្ថិភាពពេលសកម្មភាពចោរឆក់ងើបឡើង «ស្នងការដ្ឋាននគរបាលខេត្តសៀមរាប»
× សៀមរាប៖ សកម្មភាពឆក់នៅតាមដងផ្លូវក្នុងក្រុងសៀមរាប ហាក់កក្រើកនារយៈពេលចុងក្រោយនេះ។ ប្រជាពលរដ្ឋ បានសម្តែងការបារម្ភចំពោះសុវត្ថិភាពនៅតាមទីសាធារណ អំឡុងពេលធ្វើដំណើរ ដូចជាដើរ និងជិះម៉ូតូ ដោយក្រុមចោរបានធ្វើសកម្មភាព ឆក់កាបូប និងទូរសព្ទដៃ។ល។
ការលិចចេញសកម្មភាពឆក់ទាំងនោះ មិនថាពេលថ្ងៃ ឬយប់ឡើយ។ ក្រុមចោរ ដែលភាគច្រើនជាក្មេងស្ទាវៗ តែងធ្វើសកម្មភាពភ្លាមៗ ពេលឳកាសហុចឱ្យ ឬជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយការធ្វេសប្រហែសជាដើម។
ជនរងគ្រោះដែលធ្លាប់ជួបហេតុការណ៍ឆក់នេះ បានឱ្យដឹងថា ក្រុមចោរជាក្មេងស្ទាវ២នាក់ បានធ្វើសកម្មភាពឆក់កាបូប នៅម៉ោងប្រមាណ ៨យប់ នៅជិតមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ សកម្មភាពឆក់មិនបានសម្រេច ធ្វើឱ្យកញ្ញា រ័ត្ន ស្លន់ស្លោជាខ្លាំង និងរអាពេលជិះទៅក្រៅម្តងៗ។ នាងរៀបរាប់យ៉ាងដូច្នេះថា៖« ធ្លាប់ឮមិត្តភក្តិ និយាយពីចោរឆក់ក្នុងក្រុងនេះដែរ តែមិនដែលជួប ទើបតែជួបផ្ទាល់ ពិតជាខ្លាច និងស្លត់ណាស់។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា គេជិតកៀកៗ ខ្ញុំស្មានតែគេជិះតាមផ្លូវធម្មតា ភ្លាមនោះ ពួកចោរទាញកាបូបដែលខ្ញុំកំពុងស្ពាយ ជាប់ខ្លួនយ៉ាងខ្លាំង តែសំណាង វាទាញអត់បាន ដោយសាររអិលនឹងអាវភ្លៀងដែលខ្ញុំពាក់ ហើយម៉ូតូខ្ញុំមិនបានដួល»។
ស្នងការរងខេត្តសៀមរាបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ភឹង ចិន្តារ៉េត ប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី១៨ ខែតុលាថា សកម្មភាពឆក់មានតិចតួចនៅក្នុងក្រុងសៀមរាប។ លោកបន្តថា ក្នុងរបាយការណ៍ រយៈពេល៩ខែដើមឆ្នាំ២០១៧នេះ មានករណីឆក់ចំនួន ៥លើកប៉ុណ្ណោះ ក្នុងនោះឆក់ភ្ញៀវទេសចរមួយករណី ដោយបង្ក្រាបបានចំនួន៣ករណី។
លោកស្នងការរង ភឹង ចិន្តារ៉េត បានប្រាប់ពីមូលហេតុដែលធ្វើឱ្យកើតមានករណីឆក់ យ៉ាងដូច្នេះថា៖« មុខសញ្ញាឆក់ ដែលយើងធ្លាប់ដឹងពីមុនមក ទី១ ជាក្មេងមកពីបណ្តាស្រុក មកជួលបន្ទប់ ហើយពួកហ្នឹង ច្រើនផ្ទុកសារធាតុញៀន។ ទី២ មិនប្រើប្រាស់ថ្នាំញៀនទេ តែមានស្រីស្នេហ៍នៅជាមួយ អត់លុយបង់ថ្លៃបន្ទប់ ក៏ចេញឆក់ទៅ»។ យ៉ាងណាក៏ដោយ លោក ភឹង ចិន្តារ៉េត បញ្ជាក់ថា លោកនឹងក្រុមការងារកំពុងយកចិត្តទុកដាក់ សំដៅយ៉ាងណាតាមចាប់មុខសញ្ញាឆក់ក្នុងក្រុងសៀមរាបឱ្យអស់ ដើម្បីរក្សាសុវតិ្ថភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។
ដូចទៅនឹងបណ្តាខេត្តផ្សេងទៀតដែរ គ្រឿងញៀនបាននិងកំពុងជ្រៀតជ្រែកចូលក្នុងក្រុងសៀមរាម។ អ្នកប្រើប្រាស់ទាំងនោះ ខ្លះមានវ័យកណ្តាល និងមួយចំនួនធំ មានអាយុក្រោម២៥ឆ្នាំ។ គេតែងសង្កេតឃើញញឹកញាប់ចំពោះអ្នកដែលបែកថ្នាំ គឺតែងដើរស្រែកនៅ តាមដងផ្លូវ ខ្លះមានសតិមិនគ្រប់ជាដើម។ល។
អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានឱ្យដឹងថា បញ្ហានេះគឺមានការយកចិត្តទុកដាក់ ដោយអាជ្ញាធរតែងសហការនៅតាមសង្កាត់មួយៗ ដើម្បីចុះផ្សព្វផ្សាយគោលការណ៍ភូមិឃុំ សុវត្ថិភាព។ លោក សូរ ប្លាតុង ពន្យល់ថា បញ្ហាគ្រឿងញៀននេះមិនមែនកើតមានតែនៅក្នុងក្រុងប៉ុណ្ណោះទេ តែវាក៏មានច្រើនដែរនៅតាមជាយៗក្រុង ហើយពួកគេ (អ្នកញៀនថ្នាំ) តែងធ្វើ សកម្មភាពឆក់ និងកាច់កញ្ចក់ឡានជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com