អន្តរជាតិ
ប្តី​ប្រពន្ធ​អង់គ្លេស​មួយគូ កុហកថា​ពួកគាត់​ពុល​អាហារ​ដើម្បី​ទារ​សំណង​ពី​ក្រុមហ៊ុន​ទេសចរណ៍
18, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ប្តី​ប្រពន្ធ​អង់គ្លេស​មួយគូ បាន​ប្តឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ទេសចរណ៍​ដែល​បានរៀបចំ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​។ នៅក្នុង​ពាក្យបណ្តឹង ពួកគាត់​អះអាងថា ពួកគាត់​រួមទាំង​កូន​ពីរ​នាក់​ទៀត​សុទ្ធតែ​ពុល​ចំណីអាហារ ប៉ុន្តែ​ផ្ទុយទៅវិញ តុលាការ​បាន​កាត់ទោស​ពួកគាត់​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​ប្រឌិត​ភស្តុតាង ព្រោះ​គ្រប់​សកម្មភាព​ដែល​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញថា ពួកគាត់​មានដំណើរ​កម្សាន្ត​ដ៏​រីករាយ​។



​តុលាការ Liverpool Crown Court ប្រទេស​អង់គ្លេស កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​កាត់ទោស​អ្នកស្រី Deborah Briton អាយុ​៥៣​ឆ្នាំ និង​ស្វាមី លោក Paul Robert អាយុ​៤៣​ឆ្នាំ ពី​បោកប្រាស់​ថា ខ្លួន​ពុល​ចំណីអាហារ នា​ដំណើរ​ទេសចរណ៍​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍​មួយ កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។ អ្នក​ទាំងពីរ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​៩​ខែ ទៅ​១៥​ខែ​។​



​នា​អំឡុង​ខែសីហា ឆ្នាំ​២០១៦ អ្នកស្រី Deborah និង លោក Paul បាន​ពឹង​មេធាវី​មួយរូប​ដើម្បី​ប្តឹង​ក្រុមហ៊ុន​ទេសចរណ៍ Thomas Cook ដោយ​អះអាងថា ដំណើរ​លំហែរ​កាយ​រប​ស់​ពួកគាត់​ទៅកាន់​កោះ Majorca ក្នុងប្រទេស​អេ​ស្ប៉ា​ញ ផ្តល់នូវ​អនុស្សាវរីយ៍​ដ៏​ជូរចត់ ដោយសារ​ការពុល​ចំណីអាហារ​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Mail ដោយ​នៅក្នុង​ពាក្យបណ្តឹង ពួកគាត់​ទាមទារ​សំណង​ជាង​២៦០០០​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​ទេសចរណ៍​។​

​តុលាការក្រុង​លី​វើ​ភូ​ល បាន​បើក​ការស៊ើបអង្កេត​លើ​រឿងនេះ ហើយ​បាន​រកឃើញថា លោក Paul និង​អ្នកស្រី Deborah បាន​ប្រឌិត​ភស្តុតាង​ជាច្រើន​។ ភស្តុតាង​មួយទៀត​ដែល​មិនអាច​ប្រកែក​បាន​នោះ គឺ​ការ​បង្ហោះ​រូបថត​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គេ​សង្កេតឃើញថា គ្រួសារ​អ្នក​ទាំងពីរ​មានដំណើរ​កម្សាន្ត​ដ៏​រីករាយ​នៅ កោះ Majorca ពោលគឺ​គ្មាន​បញ្ហា​ពុល​ចំណីអាហារ​នោះឡើយ​។​

​ទីបំផុត​ប្តី​ប្រពន្ធ​ទាំងពីរ​ទទួលស្គាល់​កំហុស​របស់ខ្លួន ប៉ុន្តែ​តុលាការ​នៅតែ​សម្រេច​តាមផ្លូវ​ច្បាប់ ដោយ​កំណត់​ដាក់ទោស​លោក Paul ឲ្យ​ជាប់ពន្ធនាគារ​១៥​ខែ និង​លោកស្រី Deborah ជាប់​៩​ខែ ខណៈ Charlene ដែលជា​កូនស្រី​របស់​ពួកគាត់ ត្រូវបាន​លើកលែងទោស​។​



​យោងតាម​សមាគម​ភ្នាក់ងារទេសចរណ៍​អង់គ្លេស (ABTA) ការទាមទារ​សំណង​ជំងឺ​ចិត្ត​របស់​ភ្ញៀវ​ដែល​ត្រឡប់​ពី​ដំណើរ​កម្សាន្ត ក្រោម​ហេតុផល​ជំងឺ​ផ្សេងៗ មានការ​កើនឡើង​៧​ដង នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​កើន​ពី​៥០០០​ករណី​នៅ​ឆ្នាំ​២០១៥ ដល់​៣៥០០០​ករណី​ក្នុង​ឆ្នាំ​២០១៦ ។​

​ក្នុងចំណោម​អ្នក​ទាមទារ​សំណង ករណី​ជាច្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រឌិត​ភស្តុតាង​។ ចំពោះ​អ្នកច្បាប់ អ្នក​ដែល​បង្កើត​ភស្តុតាង​ក្លែងក្លាយ ពិតជា​សក្តិសម​ណាស់ សម្រាប់​ទោស​ជាប់ពន្ធនាគារ​៕


Tag:
 ប្លែកៗ​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com