កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Leicester ចង់បានអ្នកចាត់ការល្បីជំនួសតំណែង Shakespeare
× ម្ចាស់ក្លិប Leicester City ចង់បានគ្រូល្បីមកកាន់តំណែងជំនួសលោក Craig Shakespeare ដែលត្រូវបានបញ្ចប់ពីតំណែងជាអ្នកចាត់ការទូទៅដោយសារដឹកនាំមិនបានល្អ ដែលស្ថិតនៅតំបន់ត្រូវកាត់ចោលពីក្របខណ្ឌ Premier League។
លោក Shakespeare ត្រូវបាន Leicester City បញ្ឈប់តំណែងហើយ បន្ទាប់ពីដឹកនាំក្រុមជើងឯកលីកកំពូលអង់គ្លេសរដូវកាល ២០១៥-២០១៦ អស់រយៈពេល ៧ខែ ពោលគឺតាំងពីខែកុម្ភៈ ឆ្នាំ២០១៦មក ក្រោយពេលក្លិបបានបញ្ចប់តំណែងលោក Claudio Ranieri។
អ្នកចាត់ការសញ្ជាតិអង់គ្លេស វ័យ៥៣ឆ្នាំនេះ បានដឹកនាំក្រុមរហស្សនាមកញ្ជ្រោងខៀវបានយ៉ាងល្អកាលពីរដូវកាលមុន ដែលធ្វើឲ្យម្ចាស់ក្លិបដែលជាសេដ្ឋីជនជាតិថៃយល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំទៀតផង។
Michael Appleton ជំនួយការលោក Shakespeare
ប៉ុន្តែក្រោយដឹកនាំបានតែ៤ខែ ក្នុងកិច្ចសន្យានេះ ក្លិប Leicester បានសម្រេចបញ្ចប់តំណែងលោកវិញ ដោយសារដឹកនាំក្រុមឈ្នះតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោម៨ប្រកួតក្នុងលីកមាន៦ពិន្ទុ ស្ថិតនៅលេខរៀងទី១៨ ដែលជាតំបន់ត្រូវកាត់ចោល។
បើតាមគេហទំព័រកីឡា Telegraph ចុះផ្សាយនៅថ្ងៃទី១៨ ខែតុលានេះ ក្រោយបញ្ចប់តំណែលោក Shakespeare ម្ចាស់ក្លិប Leicester City លោក Vichai Srivaddhanaprabha បានដាក់គោលដៅយកអ្នកចាត់ការលំដាប់កំពូលមកដឹកនាំក្រុមវិញ។ លោក Carlo Ancelotti ដែលទំនេរពីការងារក្រោយ Bayern Munich បញ្ឈប់ពីតំណែងកាលពីថ្មីៗនោះ កំពុងស្ថិតក្នុងរាដាដើម្បីយកមកជំនួសកៅអីនេះ។ ក្រៅពីនេះក៏មានអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Sam Allardyce, David Moyes, Chris Coleman និងលោក Alan Pardew ក៏ស្ថិតក្នុងជម្រើសដែរ។
ដោយសារមិនទាន់រកអ្នកជំនួសភ្លាមៗបាន ក្លិបបានសម្រេចឲ្យជំនួយការលោក Michael Appleton ទទួលបន្ទុកក្រុមបណ្តោះអាសន្នសិន ដោយត្រូវដឹកនាំក្រុមពេលប៉ះ Swansea City ក្នុងក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ៕
Tag:
បាល់ទាត់
Leicester City
Craig Shakespeare
© រក្សាសិទ្ធិដោយ thmeythmey.com