ជាតិ
លោក នេត សាវឿន ចង់ឲ្យចោទចោរឆក់ ពីបទ «ប៉ុនប៉ងមនុស្សឃាត»
× ភ្នំពេញ៖ ចោរឆក់ គួរតែត្រូវបានចោទពីបទ «ប៉ុនប៉ងមនុស្សឃាត» មួយបន្ថែមទៀត ក្រៅតែពីការដាក់ទោស ពាក់ព័ន្ធនឹងការឆក់។ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយស្នងការរាជធានី-ខេត្ត នៅទូទាំងប្រទេស រួមទាំងភាគីផ្សេងៗទៀត ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ។
ប្រសាសន៍របស់លោក នេត សាវឿន ខាងលើ ត្រូវបានដកស្រង់យកទៅចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ។ បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន យល់ថា ការដាក់ទោសលើចោរឆក់ កន្លងមក មានលក្ខណៈធូរស្រាល ដែលមិនអាចធ្វើឲ្យពួកគេ រាងចាល ហើយក៏បន្តប្រព្រឹត្តបទល្មើសដដែល។
លោក គៀត ច័ន្ធថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ បានយកប្រសាសន៍របស់លោក នេត សាវឿន ទៅប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់កិច្ចប្រជុំថា លោក នេត សាវឿន ជំរុញឲ្យស្នងការរាជធានី-ខេត្តទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអំពើឆក់ ដែលនៅតែបន្តកើតមានជាញឹកញាប់នាបច្ចុប្បន្ន ហើយពេលខ្លះ ក៏បណ្តាលឲ្យជនរងគ្រោះ បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការគនរបាលជាតិដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com