អន្តរជាតិ
ប្រធានាធិបតី ត្រាំ ព្រមានសមាជិកសភា ចន ម៉ាខេន ដែលព្យាយាមប្រឆាំងលោក
× បន្ទាប់ពីមានសង្គ្រាមពាក្យសម្តីជាមួយសមាជិកព្រឹទ្ធសភារដ្ឋ Arizona លោក ចន ម៉ាខេន (John McCain) លោក ដូណាល់ ត្រាំ បានគំរាមតបតវិញ បើសិនជាលោកលោក ម៉ាខេន ធ្វើហួសហេតុដោយព្យាយាមប្រឆាំងរូបលោកនោះ។ ការទាស់ទែងខ្វែងគំនិតគ្នារវាងប្រធានាធិបតីនិងសមាជិកសភានេះបង្ហាញឲ្យឃើញពីការប្រេះឆាក្នុងបក្ស ហើយអាចបង្កផលប៉ះពាល់ដល់គោលនយោបាយរបស់លោក ត្រាំ ជាពិសេសការកែទម្រង់ពន្ធ។
ពេលថ្លែងសុន្ទរកថានៅរដ្ឋ Philadelphia កាលពីថ្ងៃចន្ទទី ១៦ ខែតុលា លោក ចន ម៉ាខេន បានថ្លែងរិះគន់លោក ត្រាំ ដូច្នេះ៖ «រត់គេចពីការទទួលខុសត្រូវក្នុងការដឹកនាំពិភពលោក ដើម្បីតែចលនាជាតិនិយមក្លែងក្លាយដែលបង្កើតឡើងដោយក្រុមមនុស្សដែលស្វែងរកជនរងគ្រោះជាងព្យាយាមដោះស្រាយបញ្ហាមិនមែនជា ការស្នេហាជាតិឡើយដែលមេដឹកនាំធ្លាប់មានពីអតីតកាលឡើយ»។
ក្រោយពេលដែលលោក ម៉ាខេន និយាយរិះគន់ខ្លួនបែបនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខប្រតិកម្មតប និងព្រមានប្រឆាំងតបលោក ម៉ាខេន វិញបើវាហួសហេតុពេកនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បានអះអាងដូច្នេះ៖ មនុស្សទាំងអស់គួរប្រុងប្រយ័ត្នព្រោះនៅពេលដល់ចំណុចណាមួយនោះខ្ញុំនឹងតបវិញហើយ។ ខ្ញុំជាមនុស្សត្រឹមត្រូវហើយល្អទេ។ ខ្ញុំល្អណាស់ ប៉ុន្តែខ្ញុំនឹងប្រឆាំងតបវិញភា្លមបើវាហួសហេតុពេក ហើយវាមិនសាមញ្ញ»។
តាមពិតទៅលោក ម៉ាខេន បានបន្តរិះគន់លោក ត្រាំ តាំងពីលោកស្បថចូលកាន់តំណែងតាំងពីចុងខែមករាម្ល៉េះ។ ប៉ុន្តែទំនាក់ទំនងរវាងលោក ម៉ាខេន និងលោក ត្រាំ អាក្រក់ខ្លាំងកាលពីប៉ុន្មានខែមុន ក្រោយពេលដែលលោក ម៉ាខេន មិនជួយលោក ត្រាំ និរាករណ៍ច្បាប់ស្តីសុខាភិបាលលោក បារ៉ាក់ អូបាម៉ា (ObamaCare) ។
កន្លងមកនេះ ក្រៅពីមានជម្លោះជាមួយលោក ម៉ាខេន លោក ត្រាំ ក៏មានសង្គ្រាមពាក្យសម្តីជាមួយសមាជិកព្រឹទ្ធសភាក្នុងបក្សជាមួយគ្នាដែរ។ នោះគឺសមាជិកព្រឹទ្ធសភាជាន់ខ្ពស
លោក Bob Corker។ លោក Corker បានចោទថា លោក ដូណាល់ ត្រាំ ព្យាយាមរុញច្រានសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទីបីផងដែរ។
ពាក់ព័ន្ធជម្លោះរវាងប្រធានាធិបតី និងសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ក្នុងសាធារណរដ្ឋជាមួយគ្នានេះ អ្នកជំនាញវាយតម្លៃថា វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់លោកក្នុងកែទម្រង់វិស័យសំខាន់ៗមួយចំនួនដែលត្រូវឆ្លងកាត់ស្ថាប័ននីតិបញ្ញតិ្តជាពិសេសការកែទម្រង់ពន្ធ៕
Tag:
ដូណាល់ ត្រាំ
John McCain
Bob Corker
© រក្សាសិទ្ធិដោយ thmeythmey.com