អន្តរជាតិ
​ស៊ី ជិន​ភីង​៖«​សង្គមនិយម​បែប​ប្រជាធិបតេយ្យ​ល្អ​ហើយ ចិន​មិនគួរ​ចម្លង​ប្រព័ន្ធ​នយោបាយ​ដទៃ​មក​ប្រើ​ទេ​»
18, Oct 2017 , 10:59 pm        
រូបភាព
​លោក ស៊ី ជិន​ភីង បាន​លើកឡើងថា ចិន​មិនគួរ​ចម្លង​យក​ប្រព័ន្ធ​នយោបាយ​ប្រទេស​ដទៃ​យកមកប្រើ​ប្រាស់​ឡើយ​។ មេដឹកនាំ​ចិន​រូបនេះ​ពន្យល់ថា ប្រព័ន្ធ​ដឹកនាំ​របស់​ចិន​បច្ចុប្បន្ន​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សក្តិសម​បំផុត​ដែល​អាច​រក្សា​ប្រយោជន៍​ប្រជាជន​ទូទៅ​បាន​។​



​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​ប្រាប់​អង្គ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ថា ប្រព័ន្ធ​ដឹកនាំ​សង្គមនិយម​បែប​ប្រជាធិបតេយ្យ (Socialist Democracy) មាន​ចរិតលក្ខណៈ​បែប​ចិន​ជា​ទម្រង់​គ្រប់គ្រង​មួយ​ដែលមាន​ប្រសិទ្ធភាព និង ត្រឹមត្រូវ​បំផុត​ដែល​អាច​រក្សា​ប្រយោជន៍​ប្រជាជន​បាន​។

​នៅ​ចំពោះមុខ​សមាជិក​សមាជិកា​បក្ស​ជាង ២​ពាន់​នាក់ អគ្គលេខាបក្ស​កុម្មុយនីស្ត​ចិន​រូបនេះ​បាន​សង្កត់ធ្ងន់ថា គ្មាន​ប្រទេស​ណាមួយ​គួរ​ចម្លង​យក​ប្រព័ន្ធ​នយោបាយ​ប្រទេស​ដទៃទៀត​ទាំងស្រុង​ដើម្បី​មកប្រើប្រាស់​ឡើយ​ព្រោះ​វា​មិន​ឆ្លើយតប​នឹង​ស្ថានភាព​សង្គម​នីមួយៗ​ឡើយ​។​

«​យើង​មិនគួរណា​ចម្លង​យក​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​ដទៃ​ទាំងស្រុង​ដើម្បី​មក​អនុវត្ត​ឡើយ​»​។

 បន្ថែម​ពីនេះ លោក ស៊ី ជិន​ភីង បាន​រៀបរាប់​បន្ថែម​ពី​គោលបំណង​របស់​គណបក្ស​កុម្មុយនីស្ត​ក្នុងការ​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​នយោបាយ សង្គមនិយម​បែប​ប្រជាធិបតេយ្យ ។ មេដឹកនាំ​កំពូល​ចិន​រូបនេះ​សង្ឃឹមថា ប្រព័ន្ធ​នយោបាយ​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​ទូទៅ​បង្ហាញ​ឆន្ទៈ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពួកគេ រួមទាំង​ជំ​រញ​ឲ្យ​មានការ​ច្នៃប្រឌិត និង​ជួយ​ធានា​ឲ្យ​ការដឹកនាំ​ប្រទេស​អាច​បន្ត​ទៅមុខ​ដោយ​និរន្ត​ភាព​។​

​ក្រៅពី​សារសំខាន់​នៃ​ប្រព័ន្ធ​នយោបាយ​ដែល​ចិន​ជ្រើសរើស លោក ស៊ី ជិ​ភីង ក៏បាន​រម្លឹក​ផងដែរ​ពី​តួនាទី​ស្នូល​នៃ​បក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ផ្លាស់ប្តូរ​ប្រទេស​ចិន​កន្លងមក​។ លោក សង្ឃឹមថា គណបក្ស​កុម្មុយនីស្ត​នឹង​បន្ត​កែទម្រង់​ការដឹកនាំ​រប​ស់​ខ្លួន និង​ស្ថាប័ន​ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ស្របតាម​បរិបទ​សង្គម ហើយ​និង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ និង​ធានា ឬ​ការពារ​ការ​រី​ចម្រើន​ទៅមុខ​របស់​ប្រទេស​ចិន​ផង​៕


Tag:
 ស៊ី ជិន​ភីង​
  មហាសន្និបាត​ទី​១៩
  បក្ស​កុម្មុយនីស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com