អន្តរជាតិ
ស៊ី ជិន​ភីង​៖ «​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​ទាំងអស់​ត្រូវមាន​ខ្យល់​ដកដង្ហើម​ដូចគ្នា​»
18, Oct 2017 , 5:28 pm        
រូបភាព
​ប៉េកាំង​៖ មហាសន្និបាត​លើក​ទី​១៩ នៃ​បក្ស​កុម្មុយនីស្ត​ចិន​បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​១៨ ខែតុលា  នៅឯ​វិមាន​ប្រជាជន​ចិន​ក្នុង​រដ្ឋធានី​ប៉េកាំង​។ ប្រតិភូ​ចំនួន​២២៨០​នាក់​មកពី​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​ចិន បាន​ជួបគ្នា​ក្នុង​មហាសន្និបាត​ដែល​រៀបចំ​រៀងរាល់​ប្រាំ​ឆ្នាំ​ម្ដង​។ មហាសន្និបាត​នេះ នឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​២៤ ខែតុលា ចំណែកឯ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​នឹងធ្វើ​ឡើង​ក្រោយ​មហាសន្និបាត​បញ្ចប់​។​



​ថ្នាក់ដឹកនាំ​កំពូល​នៃ​បក្ស​កុម្មុយនីស្ត​ចិន បានបង្ហាញ​វត្តមាន​ក្នុង​ពិធី​បើក​មហាសន្និបាត​បក្ស​លើក​ទី​១៩ ដែល​ធ្វើឡើង​ក្នុង​វិមាន​ប្រជាជន​ចិន ក្បែរ​ទីលាន​ធាន​អាន​មេន​។ ក្រៅពី​ប្រតិភូ​ទាំង​ជិត​បី​ពាន់​នាក់ និង​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន អតីត​ប្រធានាធិបតី​លោក ចាង ជេ​មីន ដែលមាន​វ័យ​ជរា​ទៅហើយ និង​លោក ហ៊ូ ជិន​តាវ ព្រមទាំង​អតីតមន្ត្រី​សំខាន់​ជាច្រើន​ទៀត ក៏​ចូលរួម​ក្នុងជំនួប​ដ៏​សំខាន់​ក្នុង​ថ្ងៃ​ដែល​មេឃ​បង្អុរ​ភ្លៀង​មិន​ឈប់​។​

​បន្ទាប់ពី​ការគោរព​ភ្លេងជាតិ និង​ការគោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​ជំនាន់​មុន​មាន​លោក​ប្រធាន ម៉ៅ សេទុង និង​នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ នោះ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​លោក ស៊ី ជិន​ភីង ក៏បាន​ថ្លែង​បើក​កម្មវិធី ដោយបាន​លើកឡើង​ពី​សមិទ្ធផល​រយៈពេល​៥​ឆ្នាំ លើ​វិស័យសេដ្ឋកិច្ច ការកែទម្រង់​បក្ស និង​រដ្ឋ​ស៊ីជម្រៅ វិស័យ​យោធា និង​កិច្ចការ​ការទូត​ជាដើម​។ សុន្ទរកថា​លើក​នេះ ប្រៀបបាន​ការកំណត់​គោលដៅ​ថ្មី​សម្រាប់​សមាជិក​បក្ស​អនុវត្ត​នា​រយៈពេល​៥​ឆ្នាំ​ខាងមុខ និង​ពេល​បន្ទាប់​ទៀត​។​

​ក្នុងការ​ថ្លែង​រយៈពេល​៣​ម៉ោង និង​៣០​នាទី អគ្គលេខាធិការ​បក្ស​រូបនេះ​ក៏បាន​បញ្ជាក់ថា មហាសន្និបាត​បក្ស​លើក​នេះ ធ្វើឡើង​ចំ​ដំណាក់កាល​សំខាន់​នៃ​ការកសាង​សង្គម​រុងរឿង​សម្រាប់​ប្រជាជន​ទាំងអស់ និង​ចំ​ពេលដែល​សង្គមនិយម​នៅ​ប្រទេស​ចិន​ឈានដល់​យុគសម័យ​ថ្មី​ដែរ​។ លោក ស៊ី ក៏បាន​រំ​ឮ​ក​ប្រតិភូ​ទាំង​អស់ពី​បេសកកម្ម​របស់​បក្ស គឺ​ការស្វែងរក​សេចក្ដីសុខ​សម្រាប់​ប្រជាជន​ចិន និង​ការធ្វើ​យុវ​កម្ម​សម្រាប់​ប្រទេសជាតិ​។

«​ក្នុង​បក្ស​របស់​យើង សមាជិក​ទាំងអស់​ត្រូវ​មាន​ខ្យល់​ដកដង្ហើម​ដូចគ្នា ចែករំលែក​អនាគត​ដូចគ្នា និង​ត្រូវ​ត​ភ្ជាប់​គ្នា​រហូត​។ បំណងប្រាថ្នា​របស់​ប្រជាជន​ក្នុងការ​រស់នៅ​ជីវិត​ល្អប្រសើរ ត្រូវតែ​ជាការ​ផ្ដោតអារម្មណ៍​រប​ស់​សមាជិក​បក្ស​»​។ នេះ​ជាស​ម្ដី​ដាស់តឿន​របស់លោក ស៊ី ដែល​បានស្នើ​ឲ្យ​សមាជិក​បក្ស​ទាំងអស់​ដាក់​គោលដៅ​ឲ្យ​បាន​ខ្ពស់ ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេល និង​ត្រូវមាន​ការប្ដេជ្ញាចិត្ត​ក្នុងការ​កែទម្រង់​ទៀតផង​។​

​សូម​បញ្ជាក់ដែរថា បើតាម​អ្នកនាំពាក្យ​មហាសន្និបាត របៀបវារៈ​សំខាន់ៗ​នេះ​មហាសន្និបាត​លើក​ទី​១៩ នេះ​រួមមាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បក្ស ការជ្រើសរើស​សមាជិក​គណៈកម្មាធិការ​កណ្ដាល សមាជិក​ការិយាល័យ​នយោបាយ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ និង​អគ្គលេខាធិការ​បក្ស ព្រមទាំង​គោលនយោបាយ​រយៈពេល​៥​ឆ្នាំ​។ លោក ស៊ី ជិន​ភីង រំពឹង​បន្ត​តំណែង​រយៈពេល​៥​ឆ្នាំ​ទៀត ខណៈ​មនុស្ស​ជិតស្និទ្ធ​របស់លោក នឹង​ចូលកាន់​តំណែង​សំខាន់​ដូចគ្នា​៕


Tag:
 19thCPC
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com