កីឡាអន្តរជាតិ
អន្តរជាតិ
World Cup Play off៖ អ៊ីតាលី ជឿជាក់ថា​អាច​ទម្លាក់​ស៊ុយអែត​បាន​
18, Oct 2017 , 6:03 pm        
រូបភាព
 
​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​លោក Gian Piero Ventura ជឿជាក់​លើ​កូនក្រុម​ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ពិភពលោក បួន​សម័យកាល​ថា អាច​ផ្តួល​ស៊ុយអែត​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី​បាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​


​ការប្រកួត Play-Off ដើម្បី​រក​ក្រុម​ប្រចាំ​ទ្វីបអឺរ៉ុប​ចំនួន​៤​ទៀត​ឈានទៅ​ប្រកួត FIFA World Cup 2018 នៅ​រុស្ស៊ី​រកឃើញ​គូរ​ប្រកួត​ហើយ ដែល​ក្នុងនោះ អ៊ីតាលី នឹងត្រូវ​ជួប​ស៊ុយអែត ស្វី​ស​ជួប អៀរ​ឡង់​ខាងជើង​, ក្រូ​អាស៊ី ប៉ះ ក្រិ​ក​, និង​ដា​ណឺ​ម៉ាក ប៉ះ សាធារណរដ្ឋ​អៀរ​ឡង់​។​
  
 
​អ៊ីតាលី​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ស៊ុយអែត​សម្រាប់​ការប្រកួត​ជើង​ទីមួយ​នៅក្នុង​រដ្ឋធានី Stockholm នា​ថ្ងៃទី​១០ ខែវិច្ឆិកា និង​ត្រឡប់​ទៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី សម្រាប់​ជើង​ទី​២​វិញ នៅក្រោយបី​ថ្ងៃ​បន្ទាប់ ដើម្បី​ដណ្តើម​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​។ 
 
​ក្រោយ​លទ្ធផល​ចាប់ឆ្នោត​រើស​គូ​ចេញ​ហើយ​នោះ លោក Ventura ដែលជា​គ្រូបង្វឹក​របស់​អ៊ីតាលី បាន​និយាយថា​៖«​យើង​មិនដែល​គិតថា​ក្រុម​យើង​អវត្តមាន​នៅ World Cup ឡើយ​។ ស៊ុយអែត​គឺជា​គូប្រជែង​ដ៏​ខ្លាំងក្លា​មួយ​ដែលមិន​អាច​ប្រហែស​បាន​។ ប៉ុន្តែ នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ការប្រកួត​ជម្រុះ​ជាមួយ​ស៊ុយ​អ៊ែត​នៅ​រដ្ឋធានី Stockholm យើង​មានការ​ជឿជាក់​និង​មាន​ទំនុកចិត្ត​ខ្ពស់​ដើម្បី​ឈ្នះ​»​។​
  
           លោក Gian Piero Ventura អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអ៊ីតាលី

​សូមប​ញ្ជាក់ថា ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ កាលពីប្រកួតក្នុងវគ្គជម្រុះតាមពូលក្នុងតំបន់អឺរ៉ុប​ទាំង​៨នេះ នឹងធ្វើ​ការប្រកួត​២​ជើង ចាប់ពី​ថ្ងៃ​១០​ដល់​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក្រុម​ដែល​ឈ្នះ​ក្នុង​វគ្គ Play Off ចំនួន​៤ ក្នុងចំណោម​៨​ក្រុម​នេះ អាច​ឈានទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ World Cup នៅ​រុស្ស៊ី​បានជា​មួយក្រុម​ទាំង​៩​របស់​អឺរ៉ុប​ដែលមាន​កៅអី​ស្រាប់​៕
 

 

Tag:
 បាល់ទាត់​
  FIFA World Cup
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com