ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស៊ុយអែត នឹង​ពិចារណា​ពី​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា បើ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​
19, Oct 2017 , 5:50 pm        
រូបភាព
រូបភាព៖ លោក​ស្រី អេ​ន​នី​កា បេន ដា​វីត (Annika Ben David) ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែត​ទទួលបន្ទុក​សិទ្ធិមនុស្ស ស្ថិតនៅចំពោះអ្នកកាសែត ក្នុង​សន្និសីទ​មួយស្តីពីស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា ដែលធ្វើឡើងនៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២0១៧​
រូបភាព៖ លោក​ស្រី អេ​ន​នី​កា បេន ដា​វីត (Annika Ben David) ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែត​ទទួលបន្ទុក​សិទ្ធិមនុស្ស ស្ថិតនៅចំពោះអ្នកកាសែត ក្នុង​សន្និសីទ​មួយស្តីពីស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា ដែលធ្វើឡើងនៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២0១៧​
​ភ្នំពេញ​៖ រដ្ឋាភិបាល​ស៊ុយអែត​បាន​ព្រមាន​ថា ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​កម្ពុជា អាច​នឹង​ធ្លាក់ចុះ ប្រសិនបើ​គណបក្ស​ស​ង្រោះ​ជាតិ ដែលជា​គូរ​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រំលាយ​។ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ថា កម្ពុជា​នៅតែ​បន្តធ្វើ​កិច្ចការ​ទាំងឡាយ ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ដោយ​មិន​ខ្វល់​ពី​ការព្រមាន​របស់​ស៊ុយអែត​ឡើយ​។​



​រដ្ឋាភិបាល​ស៊ុយអែត នឹង​ពិចារណា​ឡើងវិញ​អំពី​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​និង​ស៊ុយអែត ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី អេ​ន​នី​កា បេន ដា​វីត (Annika Ben David) ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែត​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្នុង​សន្និសីទ​មួយ​នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២0១៧​។ សន្និសីទ​នេះ​ត្រូវ​បានរៀបចំ​នៅក្នុង​និវេសនដ្ឋាន​នៃ​ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត ដែល​ស្ថិតនៅ​ជាប់​របង​នឹង​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការជួប​ជាមួយ​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​ជាង​១០​ស្ថាប័ន ត្រូវ​បានរៀបចំ​ធ្វើឡើង​បន្ទាប់ពី លោកស្រី​ឯកអគ្គរាជទូត​បាន​ចំណាយពេល​៥​ថ្ងៃ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី និង​សមាជិក​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។ លោកស្រី​នឹង​ចាក​ចេញពី​កម្ពុជា ទៅកាន់​ស៊ុយអែត​វិញ បន្ទាប់ពី​សន្និសីទកាសែត​នេះ​។ ឯ​លោកស្រី ម៉ា​រៀ សា​ហ្គ្រី​ន (Maria Sargren) ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ពុំបាន​ចូលរួម​ក្នុង​សន្និសីទ​នេះឡើយ ដោយសារតែ​លោកស្រី ជាប់រវល់​នឹង​ការងារ​ផ្សេង​។
 
​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​មែន តើ​ការពិចារណា​របស់​រដ្ឋា​ភិ​បាល​ស៊ុយអែត អាច​នឹងមាន​លក្ខណៈ​ដូចម្តេច​? រដ្ឋាភិបាល​ស៊ុយអែត អាច​នឹង​ដក​ស្ថានទូត ចេញពី​កម្ពុជា​?  អ្នកកាសែត​ម្នាក់ បាន​សួរ​យ៉ាង​ដូច្នេះ ហើយ​លោកស្រី បាន​ឆ្លើយតប​ថា​៖«​មិន​អ៊ីចឹង​ទេ​។ យើង​គិតថា​មិនមែនជា​ជម្រើស ដែល​យើង​ត្រូវធ្វើ​ទេ​។ ប៉ុន្តែ អ្វីដែល​សំខាន់ គឺ​យើង​ព្យាយាម​បន្ត​ទំនាក់ទំនង​ល្អ ជាមួយ​កម្ពុជា​។ ប៉ុន្តែ គ្រាន់តែ​ថា បើ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ ត្រូវបាន​រំលាយ វា​មានន័យថា ទិសដៅ​ហ្នឹង​មិន​ត្រឹមត្រូវ សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ​។ ដូច្នេះ វា​ជា​ចំណុច​មួយ ដែល​យើង​ត្រូវ​គិតគូរ និង​យកមក​វិភាគ​ថា​តើ យើង​នឹង​រៀបចំ​ទំនាក់​ទំ​ទង​ជាមួយ​កម្ពុជា​ឡើងវិញ​យ៉ាងដូចម្តេច​?»​។​

​លោកស្រី អេ​ន​នី​កា ដា​វីត បន្តថា លោកស្រី មិនអាច​បញ្ជាក់​បានឡើយ ថា​រដ្ឋាភិបាល​ស៊ុយអែត នឹងដាក់​ទណ្ឌ​លើ​កម្ពុជា​ឬ​យ៉ាងណា ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ឬ​ស្ថានការណ៍​នយោបាយ នៅតែ​មិន​ធូរស្បើយ​។ លោកស្រី​បញ្ជាក់ថា អ្វីដែល​លោកស្រី អាចនិយាយបាន​នៅពេលនេះ គឺ​ការ​ផ្តល់ព័ត៌មាន​ពី​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន ទៅដល់​រដ្ឋាភិបាល​ស៊ុយអែត ហើយ​ទុក​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត ជា​អ្នកសម្រេច​។   

​សម្រាប់​លោកស្រី រដ្ឋាភិបាល​ស៊ុយអែត មិន​រីករាយ​ចំពោះ​ស្ថា​ការណ៍​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​ឡើយ ជាពិសេស​ការចាប់​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​នេះ​។ លោកស្រី បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ស្ថានការណ៍ វិល​មករក​សភាព​ដើម​ឡើងវិញ​។

​អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន មិន​ពេញចិត្ត​ចំពោះ​ប្រសាសន៍​របស់លោក​ស្រី អេ​ន​នី​កា ដា​វីត ខាងលើ ដែល​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា​ស៊ុយអែត ទៅនឹង​ការចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​រូបនេះ លោកស្រី​ឯកអគ្គរាជទូត មិនគួរ​មានប្រសាសន៍​បែបនេះ​ឡើយ​។ លោក​សង្កត់ធ្ងន់​យ៉ាងនេះ​ថា​៖«​ជាការ​សម្រេច​របស់​ក​ម្ពុ​ជា គ្មាន​ប្រទេស​ណា​អាច​លូកដៃ​ចូល​បានទេ​។ ហើយ​សួរថា ការព្រមាន​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ស៊ុយអែត​អ៊ីចឹង កម្ពុជា​ភ័យ​ទេ​? កម្ពុជា មិនដែល​ភ័យ​ទេ​»​។

​ចំពោះលោក ផៃ ស៊ី​ផាន ឯកឧត្តម កឹម សុខា នៅតែ​ជន​ត្រូវ​ចោទ ក្នុង​អំពើ​ក្បត់ជាតិ ហើយក៏អាចពាក់ព័ន្ធដល់​គណបក្ស​សង្គ្រោះ​ជាតិទាំងមូល​ផងដែរ ដែល​តុលាការ ត្រូវ​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា សហគមន៍​អន្តរជាតិ​មួយចំនួន បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​អន្តរាគមន៍​លើ​បណ្តឹង​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​ការដោះលែង​ឯកឧត្តម កឹម សុខា ក៏​ស្ថិតក្នុង​ការទាមទារ​រ​បស់​សហគមន៍​អន្តរជាតិ​ដែរ​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ការចង់បាន​របស់​ស​ហគ​មន៍​អន្តរជាតិ​ខាងលើ នៅ​មិនទាន់មាន​លទ្ធផល​ឡើយ​៕




Tag:
 ​ស៊ុយអែត​
  កម្ពុជា​
  មិត្តភាព​
  រំលាយ​បក្ស​សង្គ្រោះ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com