ជាតិ
នយោបាយជាតិ
ព្រឹទ្ធសភាគាំទ្រច្បាប់ «យកអាសនៈនៃបក្ស ដែលត្រូវរំលាយ ទៅឲ្យបក្សផ្សេង» ទាំងស្រុង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា (នៅកណ្តាល) ដឹកនាំកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា នៅថ្ងៃទី២0 ខែតុលា ឆ្នាំ២0១៧។ រូបភាពពីព្រឹទ្ធសភា
× ភ្នំពេញ៖ ច្បាប់ចំនួន៤ ដែលមានខ្លឹមសារជារួមថា «បើគណបក្សណាមួយ ត្រូវបានរំលាយ រាល់អាសនៈនៃគណបក្សនោះ ត្រូវបែងចែកទៅឲ្យគណបក្សដទៃ» ត្រូវបានព្រឹទ្ធសភា យល់ស្របទាំងស្រុង ហើយបានអនុម័តជាផ្លូវការតាមរយៈកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២0 ខែតុលា ឆ្នាំ២0១៧នេះ។ កិច្ចប្រជុំនេះ មានតែសមាជិកព្រឹទ្ធសភា ពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ឯសមាជិកព្រឺទ្ធសភាពីគណបក្ស សម រង្ស៊ី ដែលទើបនឹងប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀន ពុំបានចូលរួមឡើយ។
ជានីតិវិធី ខ្លឹមសារថ្មីនៃច្បាប់ទាំង៤ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យបន្ត។ ពេលក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យចប់ ហើយបើមិនជំទាស់អ្វីនោះ ច្បាប់ខាងលើ នឹងឈានដល់ដំណាក់កាលចុងក្រោយ គឺត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្តឲ្យប្រើប្រាស់ជាផ្លូវការ។
ច្បាប់ទាំង៤ ដែលត្រូវបានកែប្រែដោយក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាពីគណបក្សកាន់អំណាច យល់ដូចគ្នាថា ខ្លឹមសារថ្មីនៃច្បាប់ទាំងទាំងនោះ អាចយកមកអនុវត្តបាន ដើម្បីជាប្រយោជន៍ប្រទេសជាតិ ដោយមិនប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញឡើយ។ ប៉ុន្តែ សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ពីគណបក្សប្រឆាំងវិញ ជំទាស់យ៉ាងខ្លាំង ហើយរិះគន់ថា ការកែប្រែច្បាប់ខាងលើ គឺជាការរំលោភឆន្ទៈរាស្ត្រនិងរដ្ឋធម្មនុញ្ញ។
សហគមន៍អន្តរជាតិមួយចំនួន សម្តែងក្តីបារម្ភ ដែលច្បាប់ខាងលើ ធៀបនឹងកើតឡើងនៅកម្ពុជា ស្របពេលគណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងការរំលាយ។ ថ្មីៗនេះ សហភាពអន្តរជាតិ (IPU) ដែលបច្ចុប្បន្ន មានប្រទេសលើពិភពលោកជាង១៧0 ជាសមាជិក ក៏បានប្រតិកម្មចំពោះប្រទេសកម្ពុជាដែរ ដែលកំពុងដំណើរការនៃការកែប្រែច្បាប់បែបនេះ។
ជាការឆ្លើយតបនឹងសហគមន៍អន្តរជាតិ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ក៏ដូចជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅតែប្រកាន់ជំហរដដែលថា អ្វីដែលស្ថាប័នជាតិ មានដូចជា រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ ជាដើម បានសម្រេចឬអនុម័ត គឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយគ្មានបរទេសណាមួយ អាចលូកដៃបានឡើយ។ កន្លង ភាគីរដ្ឋាភិបាល ថែមទាំងធ្លាប់លើកឡើងថា សហគមន៍អន្តរជាតិខ្លះ ថ្តោលទោស ដោយមិនបានយល់ពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏មាន៕
Tag:
កែច្បាប់បោះឆ្នោត
ការចែងអាសនៈ
CNRP
CPP
© រក្សាសិទ្ធិដោយ thmeythmey.com