ជាតិ
តុលាការកំពូល នឹងបើកសវនាការលើរឿងក្តីឯកឧត្តម កឹម សុខា នៅចុងខែនេះ
× ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ គឺជាកាលបរិច្ឆេទ ដែលតុលាការកំពូលបានកំណត់ ដើម្បីបើកសវនាការជំនុំជម្រះលើបណ្តឹងសាទុក្ខ ដែលស្នើឡើងដោយសហមេធាវីទាំង៨រូបរបស់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ លោក សំ សុគង់ មេធាវី១រូបរបស់ឯកឧត្តម កឹម សុខា ដែលទទួលបានដំណឹងនេះពីតុលាការកំពូល បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ។
លោកមេធាវី សំ សុគង់ លើកឡើងថា សហមេធាវី នឹងចូលរួមក្នុងសវនាការនោះ ដើម្បីការពារក្តីឲ្យឯកឧត្តម កឹម សុខា ដែលជាកូនក្តី ទៅតាមផ្លូវច្បាប់។ ប៉ុន្តែ ការនាំខ្លួនឯកឧត្តម កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកចូលរួមសនាការនៃតុលាការកំពូល ក្នុងរាជធានីភ្នំពេញ ឬយ៉ាងណានោះ លោកមេធាវីរូបនេះ មិនទាន់ហ៊ានអះអាងឡើយ។
លោក សំ សុគង់ និយាយយ៉ាងដូច្នេះ៖«នាំឬមិននាំ យើងមិនទាន់ដឹងទេ។ តែយើង នឹងដាក់សំណើមួយទៀត ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យនាំឯកឧត្តម កឹម សុខា មកចូលរួមសវនាការ។ បើមិននាំឯកឧត្តម កឹម សុខា មកចូលរួមសវនាការ យើងជាមេធាវី នឹងពិចារណាបន្តទៀត ថាត្រូវដើរចេញពីបន្ទប់សវនាការ ឬក៏ត្រូវធ្វើយ៉ាងម៉េចនោះ ចាំមើលជាក់ស្តែងសិន»។
ការដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល គឺដោយសារតែសហមេធាវី មិនអាចទទួលយកបានចំពោះសាលាឧទ្ធរណ៍ ដែលយល់ស្របតាមសាលាដំបូងរាជធានីភ្នំពេញ ក្នុងការឃុំខ្លួនឯកឧត្តម កឹម សុខា។ លើសពីនេះ សហមេធាវី ធ្លាប់ចោទថា ការបើកសវនាការរបស់សាលាឧទ្ធរណ៍កន្លងមក ហើយសម្រេចឲ្យឯកឧត្តម កឹម សុខា ជាប់ឃុំដដែល គឺមិនត្រឹមត្រូវតាមនីតិវិធីឡើយ ដ្បិតមិនមានវត្តមានរបស់ឯកឧត្តម កឹម សុខា ដែលជាជនត្រូវចោទ។ អវត្តមានរបស់ឯកឧត្តម កឹម សុខា ធ្វើឲ្យសហមេធាវី មិនសុខចិត្ត ហើយក៏នាំគ្នាដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍នាពេលនោះ។
សមត្ថកិច្ចនិងតុលាការ បានដាក់ឯកឧត្តម កឹម សុខា ឲ្យស្ថិតក្រោមការសង្ស័យថា ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រោះបានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សមត្ថកិច្ចនិងតុលាការ ពឹងផ្អែកលើវីដេអូឃ្លីបមួយ ដែលឯកឧត្តម កឹម សុខា បានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រនៅក្រៅប្រទេស តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ក្នុងវីដេអូឃ្លីបនោះ ឯកឧត្តម កឹម សុខា បានលើកឡើងថា ឯកឧត្តម មានអ្នកជំនាញដែលជាជនបរទេសនៅពីក្រោយ ដើម្បីជ្រោមជ្រែងក្នុងការផ្លាស់ប្តូររដ្ឋាភិបាលកម្ពុជា។
ក្រោយវីដេអូឃ្លីបខាងលើ បានបែកធ្លាយលើបណ្តាញសង្គមហ្វេសប៊ុក សមត្ថកិច្ច ក៏បាននាំគ្នាចុះទៅចាប់ឯកឧត្តម កឹម សុខា ដល់គេហដ្ឋានតែម្តង កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ ភ្លាមៗបន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ច ក៏ដឹកឯកឧត្តម កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ៕
Tag:
តុលាការ
កឹម សុខា
មេធាវី
សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com