ជាតិ
ក្រុម​សិល្បៈ Jeong Ka Ah Hoe ប្រគំ​តន្ត្រី​អបអរ​ខួប​២០​ឆ្នាំ​ទំនាក់​ទំនាក់​ការទូត​ឡើងវិញ​កម្ពុជា​-​កូរ៉េខាងត្បូង​
22, Oct 2017 , 9:19 pm        
រូបភាព
ដោយ:
ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា បានរៀបចំ​ពិធី​អបអរសាទរ​គម្រប់​ខួប ២០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ រវាង​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា តាមរយៈ​ការប្រគំ​តន្ត្រី​នៅ​សាលសន្និសីទ​ចតុមុខ កាលពី​ថ្ងៃទី​១៩ ខែតុលា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ក្នុង​ពិធី​នោះ ក្រុម​តន្ត្រី​ប្រពៃណី​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង គឺ​ក្រុម​ចងកា​អាក់​ហូ (Jeong Ka Ak Hoe) បានផ្តល់​នូវ​ទស្សនីយភាព​លន្លង់លន្លោច និង​សប្បាយ លាយឡំ​គ្នា​។​

 
​អ្នកចូលរួម​ប្រមាណ​១៣០០​នាក់ បាន​រីករាយ​អបអរ​ក្នុង​ពិធី​ប្រគំ​តន្ត្រី​របស់​ក្រុម​តន្ត្រី ក្រុម​ចងកា​អាក់​ហូ (Jeong Ka Ak Hoe) នៅ​សាលសន្និសីទ​ចតុមុខ​។ ក្រុម​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០០០​មក​នោះ បាន​ប្រគំ​បទ​ភ្លេង និង​ច្រៀង​ចម្រៀង​ជាច្រើន​បទ ទាំង​បទ​បែប​លន្លង់លន្លោច និង​បែប​ញាក់​។​
 
​នា​ពិធី​អបអរសាទរ​គម្រប់​ខួប ២០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ រវាង​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា អ្នកចូលរួម បាន​ស្លុង​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​៤​បទ ដ៏​លន្លង់លន្លោច ក្នុងនោះ​មាន​បទ «​អ៊ី​យ៉ាង​អុង​» ដែល​ច្រៀង​រៀបរាប់​ពី​សម្រស់​របស់​ធម្មជាតិ និង​ការរួមរស់​របស់​មនុស្ស​ជាមួយ​ធម្មជាតិ​។ បទ​ទី​២ ដែលមាន​ចំណងជើង​ថា «​យ៉​ម យ៉ាង​ឈូ​ន​» ឬ «​និ​ទាឃ​រដូវ​ដ៏​ស្រទន់​» ត្រូវបាន​ប្រគុំ​ដោយ​ឧបករណ៍​ខ្យល់​សូ​ឡូ​ជាមួយនឹង​ភ្លេង​ឡើង​ចុះ និង​ត្រង់ ប៉ុន្តែ​ក្នុងការ​សំដែង​នេះ​កំណែ​ថ្មី​ជា​លក្ខណៈ​ប្រពៃណី​។ 


 
​បទ​ទី​៣ «​អាល់​លី​អូ​» អត្ថន័យ​គឺ តើ​អ្នក​ដឹងថា​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងដូចម្ដេច​? ឬក៏​«​តើន​រណា​ដឹងថា​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​»? ដូចជា​ពាក្យ ALio គឺ ជាការ​រៀបរាប់​អំពី​ទុក្ខសោក​របស់​បុគ្គល ដោយ​គ្មាន​នរណា​ស្ដាប់ ឬ​ឆ្លើយ​។ បន្ទាប់មក​បទ​ទី​៤ «​ចម្រៀង​បែកបាក់​» ដែលមាន​រឿងរ៉ាវ​នៃ​ការព្រាត់ប្រាស់​របស់​ជន​ជាតិ​កូរ៉េ រឿងរ៉ាវ​នៃ​ការ​រសាត់អណ្ដែត​របស់​ជនជាតិ​កូរ៉េ រឿងរ៉ាវ​ដែល​ជនជាតិ​កូរ៉េ ត្រូវបាន​រសាត់អណ្ដែត​នៅ​ទីនោះ ទីនេះ ប្រជាជន​ដែល​ព្រាត់ប្រាស់​នៅ​ចំ​ស្ថានភាព​ដ៏​សម្បើម​ជា​ប្រវត្តិសាស្ត្រ​។​


 
​នៅ​ផ្នែក​ទី​ពីរ​នៃ​ការប្រគំ​តន្ត្រី ក្រុម​សិល្បៈ Jeong Ka Ah Hoe បាន​ផ្លាស់ប្តូរ​អារម្មណ៍​អ្នកចូលរួម​ជាមួយនឹង​បទ​ញាក់​ដ៏​សប្បាយរីករាយ​ចំនួន​៥​បទ​។ បទ​ទី​១​មាន​ចំណងជើង​ថា «​យ៉ង​ចង់ខ​រី​» ជា​ចម្រៀង​ដើម​បង្កប់​អារម្មណ៍​រវើរវាយ និង​ឈឺចាប់​រួមជាមួយ​សំឡេង​គ្រូមន្តអាគម​ផ្សេងៗ​លាយឡំ​គ្នា​។ ទោះបីជា​វា​ជា​បទ​ចម្រៀង​ចាស់ៗ​ពីមុន​ក៏ដោយ ប៉ុន្តែ​សាច់ភ្លេង​បែប​សម័យ​គួរ​ឲ្យ​ទាក់ទាញ​យ៉ាងខ្លាំង​។ 
 
​បទ​ទី​២ «​សា​ជេ​យ៉ា​» មានន័យថា ប្រសិន​មាន​ព្រះ​ជា​ម្ចាស់​ខ្លាំង​ដែល​ពោរពេញ​ទៅដោយ​អំណាច​ក្នុង​ពិភពលោក​នៃ​មនុស្ស នោះ​ក៏​ត្រូវមាន​ព្រះ​ជា​ម្ចាស់​តូចតាច​ដែល​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ដែរ​។ Sajeya ជា​ចម្រៀង​មួយ​សម្រាប់​លួងលោម​ដល់​ព្រះ​ជា​ម្ចាស់​តូច​នោះ​ផងដែរ​។ បទ​ទី​៣ «​ណាន់​ផុង​ខា​» អត្ថន័យ​គឺ អ្នកខ្លះ​ចង់បាន​ស្នេហា​ដែល​ពោរពេញ​ដោយ​តណ្ហា​រំជើបរំជួល ចំណែក​អ្នក​ខ្លះទៀត​ចង់បាន​ស្នេហា​ដែល​កក់ក្ដៅ​។ ប៉ុន្តែ​ដោយសារតែ​សេចក្ដីសង្ឃឹម​ទៅលើ​សេចក្ដី​សេ្ន​ហា​វា​ធំ​ពេក ទើប​ធ្វើ​ឲ្យ​សេចក្ដីស្នេហា​មិនអាច​រ៉ូ​មេន​ទិច​ជានិច្ចកាល​នោះទេ​។​


 
​បទ​ទី​៤ «​អ​ល់​សារ​» អត្ថន័យ​គឺ នៅក្នុង​អតីតកាល និង​បច្ចុប្បន្ន​យើង​តែងតែ​មានសង្ឃឹម​។ ដោយសារតែ​ម្នាក់ៗ​មាន​សេច​ក្ដី្ត​ត្រូវការ តិច ឬ​ច្រើន​រៀងៗ​ខ្លួន​ហេតុនេះហើយ យើង​គិតថា​កំពុង​រស់នៅក្នុង​ជីវិត​មួយ ទីកន្លែង​តែមួយ​នៃ​ជីវិត​នេះ​។ បទ​ចុង​ក្រោយនេះ​មាន​ចំណងជើង​ថា «​អ​ឆា​» មាន​អត្ថន័យ​ថា វា​ជា​កម្លាំង​ជម្រុញ​ចម្រៀង​អ្នក​ចែវ​ទូក​នៅក្នុង Baeyeonshin Gut នៃ​ឆ្នេរសមុទ្រ​ខាងលិច​។ វា​ជា​ចម្រៀង​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​បាន​ប្រគុំ​តន្ត្រី Ak Dan Gwang Chil សង្ឃឹម​ចង់បាន​សេចក្ដីសុខ និង​ភាពសប្បាយ​រីករាយ ដូចជា​ការវិល​ត្រលប់​មកវិញ​របស់​ទូ​ក​ដែល​ផ្ទុក​ពោរពេញ​ទៅដោយ​ត្រី​ពេញ​ទូក​ជាដើម​។ 


 
​គូសបញ្ជាក់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​១៩៧០​។ នៅ​ឆ្នាំ​១៩៧៥ ទំនាក់ទំនង​ការ​ទូរ​វាង​ប្រទេស​ទាំងពីរ​ត្រូវបាន​កាត់ផ្ដាច់ នៅ​សម័យ​កម្ពុជា​ប្រជា​ប្រជាធិបតេយ្យ​(​របប​ខ្មែរក្រហម​)​ដែល​ដឹកនាំ​ប្រទេស​បែប​កុម្មុយនីស្ដ​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៧៩ ប្រទេស​ទាំងពី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ជាថ្មី​ម្ដងទៀត ក្រោយពី​មានការ​ធ្វើ​ទស្សនកិច្ច​របស់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​កូរ៉េខាងត្បូង​។​
 
​ក្នុង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ កូរ៉េ​បានផ្ដល់​ជំនួយ​ប្រាក់​ឥត​សំណង​ចំនួន​៧៧ លាន​ដុល្លា និង​ប្រាក់កម្ចី​ចំនួន​២១៨ លាន​ដុល្លារ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ដល់​កម្ពុជា នៅក្នុង​រយៈ​៥​ឆ្នាំ​ចុងក្រោយ​។ កូរ៉េខាងត្បូង​ជា​ម្ចាស់ជំនួយ​ទ្វេភាគី​ធំ​ទី​៥ នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២១០៣​មក​។ កូរ៉េខាងត្បូង​ជា​វិនិយោគ​កិន​បរទេស​ដ៏​ធំ​ឈរ​នៅ​លំដាប់​ទី​២​នៅ​កម្ពុជា ក្នុងនោះ​ដោយមាន​ចំនួន​ទឹកប្រាក់​វិនិយោគ​ប្រមាណ ២,៩ ពាន់​ដុល្លារ​។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង​៦​ដង​ចាប់ពី​ឆ្នាំ​១៩៩៧៕


 

© រក្សាសិទ្ធិដោយ thmeythmey.com