ជាតិ
ពេលវេលា​ជិត​ផុតកំណត់ ពលរដ្ឋ​ជាង ១​លាន​នាក់ មិនទាន់​ចុះឈ្មោះ​បោះឆ្នោត
22, Oct 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ជាង ៤​សែន​នាក់ (​ចំនួន​ថ្មី​) បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដោយ​គិត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ១.៦​លាន​នាក់ ដែល​មិនបាន​ចុះឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២០១៦ កន្លងមក​។ ដូច្នេះ នៅសល់​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់​ទៀត ដែល​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។


 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្លាប់​អះអាងថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ១.៦​លាន​នាក់​នោះ ប្រជាពលរដ្ឋ ដែល​កំពុងធ្វើការ​និង​រស់​នៅឯ​ក្រៅប្រទេស មាន​រហូតដល់​ទៅជា​ង ១​លាន​នាក់​។ លោក ធ្លាប់​និយាយទៀតថា ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់ ដែល​មិនទាន់បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​។ 
 
​កាលពី​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជិត​៧​លាន​នាក់ (​ចំនួន​ចាស់​) បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ប្រជាពលរដ្ឋ​ទាំងនោះ នឹងមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០១៨ តែម្តង ដោយ​មិន​តម្រូវ​ឲ្យ​ចុះឈ្មោះ​ម្តងទៀត​ទេ​។ ប៉ុន្តែ ពួកគេ ក៏​ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​របស់ខ្លួន​ឡើងវិញ​ដែរ ដែល​ត្រូវបាន​បិទ​ផ្សាយ​នៅតាម​ឃុំ​-​សង្កាត់ ឬក៏​ចូលទៅ​ស្វែងរក​ក្នុង​គេហទំព័រ http://www.voterlist.org.kh/ ​។ ចំណែកឯ​ប្រជាពលរដ្ឋ ដែល​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវតែទៅ​ចុះឈ្មោះ​បោះឆ្នោត​នាពេលនេះ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។    

​បើ​បូ​កប​ញ្ជូ​ល ចំនួន​ចាស់​នៃ​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២០១៦ និង​ចំនួន​ថ្មី​នៃ​ប្រជាពលរដ្ឋ ដែល​ទើបបាន​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ​ជាង ៨.២​សែន​នាក់​ហើយ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នាពេល​បច្ចុប្បន្ន​៕

© រក្សាសិទ្ធិដោយ thmeythmey.com