អន្តរជាតិ
UNICEF ព្រួយបារម្ភខ្លាំងពី«ការលួចឆក់កុមារភាព និងអនាគតកុមាររ៉ូហ៊ីងយ៉ាជាង៣០ម៉ឺននាក់»
× ភ្នាក់ងារអង្គការសហប្រជាជាតិ បានទទូចឲ្យបញ្ឈប់ហិង្សានៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា និងថែមទាំងព្រមានពីមហន្តរាយមនុស្សជាតិ ដោយអះអាងថា វិបត្តិនេះ បាននិងកំពុងតែលួចឆក់កុមារភាព និងអនាគតរបស់កុមាររ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ហើយ ។
មូលនិធិសម្រាប់កុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃ២០ តុលាកន្លងទៅ បានទទូចឲ្យបញ្ឈប់ការដាក់គោលដៅវាយប្រហារទៅលើជនស៊ីវិលនៅក្នុងរដ្ឋ Rakhine នៃមីយ៉ាន់ម៉ា និងស្រោចស្រង់អាយុជីវិតកុមារទាំងអស់ជាង៣២០,០០០នាក់ ដែលរងគ្រោះដោយសារតែហិង្សាទីនោះជាបន្ទាន់ ។
បើតាមមជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ នាយកប្រតិបត្តិ UNICEF បានលើកឡើងថា កុមារដែលជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ បានរងគ្រោះដោយសារតែហិង្សានៅមីយ៉ាន់ម៉ា ដែលទិដ្ឋភាពនេះ មិនគួរឲ្យកើតមានឡើងចំពោះកុមារឡើយ ។ លោក សង្កត់ធ្ងន់ថា៖«វិបត្តិនេះ កំពុងតែលួយឆក់កុមារភាពរបស់ពួកគេហើយ។ យើង មិនត្រូវឲ្យវិបត្តិនេះលួចឆក់អនាគតរបស់ពួកគេឡើយ»។
ទន្ទឹមនឹងការព្រមាននេះ មន្ត្រីជាន់ខ្ពស់នៃភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានលើកឡើងអនុសាសន៍ និងដំណោះស្រាយសម្រាប់វិបត្តិនេះផងដែរ ។ ក្នុងនោះ UNICEF បានលើកពីចំណាត់ការបន្ទាន់ចំនួនបួន ។
ទីមួយ ការគាំពារ និងមូលនិធិអន្តរជាតិសម្រាប់ការឆ្លើយតបផែនការមនុស្សធម៌បង់ក្លាដែស និងការឆ្លើយតបមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ។ ទីពីរ ការការពារកុមាររ៉ូហ៊ីងយ៉ា និងគ្រួសាររបស់ពួកគេ ក៏ដូចជាការដំណើរការជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់កុមារដែលរងគ្រោះដោយសារតែហិង្សានៅរដ្ឋRakhine ។ ទីបី ធានាឲ្យបានសុវត្ថិភាពសម្រាប់ការវិលត្រលប់នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅពេលទៅកាន់មីយ៉ាន់ម៉ាវិញ និងចុងក្រោយនោះ ការធានាឲ្យបានដំណោះស្រាយរយៈពេលវែង ។
សូមជម្រាបផងដែរថា តាមរបាយការណ៍អង្គការសហប្រជាជាតិ មានជនភៀសខ្លួន ដែលជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង៥០ម៉ឺននាក់ បានចាកចេញពីរដ្ឋ Rakhine ទៅកាន់បង់ក្លាដែស ដោយសារតែការប៉ះទង្គិចនៅចុងខែសីហាកន្លងទៅ ។ របាយការណ៍ដដែលក៏បានអះអាងដែរថា ជនភៀសខ្លួននៅតែបន្តចាកចេញ ដោយអះអាងថា ពួកគេត្រូវបានគំរាមសម្លាប់ឲ្យចាកចេញ និងកាន់តែធ្ងន់ធ្ងរនោះ ភូមិនិងផ្ទះសម្បែង របស់ពួកគេ ត្រូវបានដុតកម្ទេចទៀតផង ៕
© រក្សាសិទ្ធិដោយ thmeythmey.com