ជាតិ
អុំទូក​៖ ក្រសួងទេសចរណ៍ រៀប​វេទិកា​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា​ដល់​ភ្ញៀវ​បរទេស​
23, Oct 2017 , 9:19 am        
រូបភាព
ដោយ:
​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២ ដល់ទី​៤ ខែវិច្ឆិកា​ខាងមុខ​។ ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ​កម្ពុជា​នេះ ក្រសួងទេសចរណ៍ នឹង​រៀបចំ​វេទិកា​ដោយឡែក​មួយ សម្រាប់​ភ្ញៀវទេសចរ​បរទេស​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា​។​


​យោងតាម​សេចក្ដីជូនដំណឹង​ក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍ នឹង​រៀបចំ​វេទិកា​ដោយឡែក​មួយ​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​ទស្សនាការ​ប្រណាំង​ទូក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ខាងជើង​វេទិកា​កិត្តិយស​មុខ​ព្រះបរមរាជវាំង​។ វេទិកា​សម្រាប់​ជនបរទេស​នេះ គឺ​ដើម្បី​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​«​កម្ពុជា ព្រះរាជណាចក្រ​អច្ឆរិយ ផ្ដល់​ភាពកក់ក្ដៅ​» និង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋាកិច្ច​ល្អ​» ឲ្យ​កាន់តែ​ទូលាយ​។​

​បើតាម​សេចក្ដីជូនដំណឹង​ដដែល នៅ​វេទិកា​នេះ មន្ត្រី​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ក៏មាន​រៀបចំ​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវទេសចរ​បរទេស​ផងដែរ ដោយមាន​ផ្ដល់​សេវា​បម្រើ​ភេសជ្ជៈ ការបកប្រែ​ក​ដេញ​ពី​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា នូវ​សកម្មភាព នៃ​ការ​ប្រណាំងទូក សម្រាប់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។​

​សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២ ដល់ទី​៤ ខែវិច្ឆិកា​ខាងមុខ​។ ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​នេះ ជា​ឱកាស​ដ៏​ល្អ ដើម្បី​ឲ្យ​ទេសចរ​ជាតិ​-​អន្តរជាតិ បាន​ស្វែងយល់​កាន់តែច្បាស់​អំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​ដែលមាន​តាំងពី​បុរាណកាល​មក​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com