ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​ឥស្សរជន​រូប​ណាខ្លះ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​?
23, Oct 2023 , 8:39 am        
រូបភាព
អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក Roland Dumas (កណ្តាល) ជួបជាមួយព្រះបរមរតនកោដ្ឋ និងសម្តេច ហ៊ុន សែន នៅមុនជំនួបក្រុងប៉ារីស។ រូបថត AFP
អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក Roland Dumas (កណ្តាល) ជួបជាមួយព្រះបរមរតនកោដ្ឋ និងសម្តេច ហ៊ុន សែន នៅមុនជំនួបក្រុងប៉ារីស។ រូបថត AFP
​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស​អំពី​បញ្ហា​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ត្រូវបាន​រៀបចំឡើង​ដើម្បី​ថែរក្សា និង​ការពារ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា បន្ទាប់​ប្រទេស​ដ៏​កម្សត់​មួយ​នេះ បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​



​យោងតាម​ឯកសារ​ស្តីពី «​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស​អំពី​បញ្ហា​កម្ពុជា​» គេហទំព័រ​ថ្មីៗ សូម​ធ្វើការ​បង្ហាញ​ឈ្មោះ​ឥស្សរជន និង​តំណាង​ប្រទេស​ហត្ថលេខី​នានា​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ដ៏​សំខាន់​នេះ​។​

​អ្នកការទូត​នៃ​បណ្តា​រដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា មាន​ចំនួន​១៩ ដែល​ក្នុងនោះ​មាន​កម្ពុជា​ខ្លួនឯង​ផ្ទាល់ រួមទាំង អូស្ត្រាលី ប្រ៊ុយណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បុរី ថៃ សហភាពសូវៀត ចក្រភព​អង់គ្លេស (​និង​អៀរ​ឡង់​ខាងជើង​) សហរដ្ឋអាមេរិក វៀតណាម និង​យូ​ហ្គោ​ស្លា​វី (​តំណាង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​)​។​

​កិច្ចព្រមព្រៀង​នេះ បានកំណត់​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជំលោះ​កម្ពុជា ដោយ​ចែង​អំពី​ភារកិច្ច​របស់​អាជ្ញាធរ​អ៊ុនតាក់ ការដក​ទ័ព ការឈប់​បាញ់ និង​វិធានការ​ពាក់ព័ន្ធ ការបោះឆ្នោត មាតុភូមិនិវត្តន៍​នៃ​ជនភៀសខ្លួន រួមទាំង​គោលការណ៍​សម្រាប់​ធម្មនុញ្ញ​ថ្មី​មួយ​របស់​កម្ពុជា​។​



​សន្និសីទ​បាន​ប្រព្រឹត្តទៅ​ដោយមាន​សម័យប្រជុំ​ពីរលើក លើកទីមួយ​ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​១៩៨៩ ហើយ​លើក​ទី​ពីរ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ដោយមាន​លោក Roland Dumas រដ្ឋមន្ត្រីការបរទេស​បារាំង និង​លោក Ali Alatas រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី ជា​សហប្រធាន​។​

​នា​កិច្ចប្រជុំ​លើកទីមួយ កម្ពុជា​ត្រូវបាន​តំណាង​ដោយ​៤​ភាគី គឺ​ភាគី​រដ្ឋ​កម្ពុជា ភាគី​ខ្មែរក្រហម ភាគី​រណសិរ្ស​រំដោះប្រជាជន​ខ្មែរ និង​ភាគី​សីហនុ​និយម (​ហ្វ៊ុនស៊ិនប៉ិច​) ហើយ​នា​កិច្ចប្រជុំ​លើក​ទី​ពីរ កម្ពុជា​ត្រូវបាន​តំណាង​ដោយ​សម្តេច នរោត្តម សីហនុ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ឯកច្ឆ័ន្ទ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​១៩៩១ នៅ​ប៉េកាំង​។​

​នាពេលនោះ ក៏មាន​ការចូលរួម​ផងដែរ​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ គឺ​លោក Javier Perez de Cuellar និង​តំណាង​ពិសេស គឺ​លោក Rafeeuddin Ahmed រីឯ​លោក​ប្រធានាធិបតី​បារាំង François Mitterrand ក៏បាន​អាន​សុន្ទរកថា​ចំពោះ​អង្គ​សន្និសីទ​។​

​គណៈកម្មការ​ការងារ​ចំនួន​បី​ដែល​ត្រូវបាន​បង្កើតឡើង​នា​កិច្ចប្រជុំ លើកទីមួយ​។ គណៈកម្មការ​ទីមួយ​ពិភាក្សា​លើ​បញ្ហា​យោធា ដោយមាន​លោក C.R. Gharenkhan (​ឥណ្ឌា​) និង​លោក Allan Sullivan (​កាណាដា​) ជា​សហប្រធាន ហើយ​លោកស្រី Victoria Sisante-Bataclan (​ហ្វីលីពីន​) ជា​អ្នករាយការណ៍​។ គណៈកម្មការ​ទី​ពីរ ពិភាក្សា​លើ​ការធានា​ជា​អន្តរជាតិ ដោយ​លោក Soulivong Pharasithideth (​ឡាវ​) និង​លោក Dato’ Zainal Abidin Ibrahim (​ម៉ាឡេស៊ី​) ជា​សហប្រធាន រីឯ​លោក Herve Dejean de la Batie (​បារាំង​) ជា​អ្នករាយការណ៍​។ គណៈកម្មការ​ទី​បី ពិភាក្សា​លើ​បញ្ហា​មាតុភូមិនិវត្តន៍​នៃ​ជនភៀសខ្លួន ជន​ផ្លាស់ប្តូរ​ទីកន្លែង និង​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ ដោយ​លោក Yukio Imagawa (​ជប៉ុន​) និង​លោក Robert Merrillees (​អូស្ត្រាលី​) ជា​សហប្រធាន លោក Ronachuck Swasdikiat (​ថៃ​) ជា​អ្នករាយការណ៍​។​

​សន្និសីទ​ក៏បាន​បង្កើត​ផងដែរ​នូវ​គណៈកម្មាធិការ​ចំពោះ​កិច្ច (Ad Hoc) ដែលមាន​តំណាង​របស់​ភាគី​ទាំង​បួន​របស់​កម្ពុជា​សមាជិក និង​ដឹកនាំ​ដោយ​តំណាង​របស់​សហប្រធាន​ទាំងពីរ​នៃ​សន្និសីទ​។ ឥស្សរជន​កម្ពុ​ជាមាន​១២​អង្គ​-​រូប ដែល​បាន​ចុះ​ព្រះហស្តលេខា និង​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​រួមទាំង​ប្រទេស​ជា​ហត្ថលេខី​ចំនួន​១៨​ផ្សេងទៀត​។​

​ឥស្សរជន​របស់​កម្ពុ​ជានា​ពេលនោះ រួមមាន សម្តេច នរោត្តម សីហនុ ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់ តំណាង​រដ្ឋ​កម្ពុជា (​លោក ហ៊ុន សែន លោក ឌិ​ត មន្ទីរ លោក ស៊ិន សេន លោក ទៀ បាញ់ លោក ហោ ណាំហុង និង​លោក អ៊ឹម ឈុនលឹម​) តំណាង​ខ្មែរក្រហម (​លោក ខៀវ សំផន និង​លោក សុន សេន​) តំណាង​រណសិរ្ស​រំដោះប្រជាជន​ខ្មែរ (​លោក សឺ​ន សាន និង​លោក អៀង មូលី​) តំណាង​អ្នក​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច (​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​)៕


Tag:
 កិច្ចព្រមព្រៀង​ក្រុងប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com