ជាតិ
ឱកាស​ប្រជែង​យក​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​លើ​ប្រធានបទ «​គ្រួសារ សុខភាព និង​កីឡា​»
23, Oct 2017 , 1:55 pm        
រូបភាព
​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត មេ​នូ​ឡាយ​ហ្វ៍ បានរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​ប្រចាំឆ្នាំ​២០១៧ លើ​ប្រធានបទ «​គ្រួសារ សុខភាព និង​កីឡា​»​។ កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​នេះ​មាន​គោលបំណង ជំរុញ​និង​លើកទឹកចិត្ត​អ្នកសារព័ត៌មាន​កម្ពុជា​ឲ្យ​ចូលរួម​សរសេរ​អត្ថបទ​ដែល​ទាក់ទង​នឹង​សុខុមាលភាព​គ្រួសារ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​ទូទៅ​សម្រាប់​សាធារណជន​ពី​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​



​អ្នកសារព័ត៌មាន​ជនជាតិខ្មែរ ដែលមាន​ស្ថាប័ន​ពិតប្រាកដ ឬ​ធ្វើ​ការងារ​ដោយ​ឯករាជ្យ (Freelance Journalists) ទាំង​ផ្នែក​បោះពុម្ពផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​អន​ឡាញ និង​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​ប្លុក (Blogger) មានឱកាស​ប្រកួតប្រជែង​យក​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម ដែលមាន​ទឹកប្រាក់​១០០០​ដុល្លារ​អាមេរិក លើ​ប្រធានបទ «​គ្រួសារ សុខភាព និង​កីឡា​»​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២០ ខែតុលា លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​បញ្ជាក់ថា កម្មវិធី​ប្រកួតប្រជែង​នេះ បង្កើតឡើង​ដើម្បី​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​។ លោក​បាន​អះអាង​បន្ថែមថា នេះ​ជាការ​ប្រកួត​ដ៏​ធំ​សម្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ឆ្នាំ​២០១៧ ។​



​អត្ថបទ​ដែល​អាច​ទទួល​ជ័យលាភី គឺ​ត្រូវគោរព​តាម​វិជ្ជាជីវៈ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​ទិន្នន័យ មាន​អំណះអំណាង​ពេញលេញ មាន​ខ្លឹមសារ​គ្រប់គ្រាន់ ហើយ​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍ ក៏​ស្ថិតក្នុង​ចំណែក​នៃ​ការជ្រើសរើស​នេះ​ផងដែរ​។​

​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ​អាមេរិក លេខ​២ បាន​៧០០​ដុល្លារ លេខ​៣ បាន​៥០០​ដុល្លារ លេខ​៤ និង​លេខ​៥ ក៏​ទទួលបាន​១០០​ដុល្លារ​អាមេរិក​ផងដែរ​។ បន្ថែម​ពីលើ​នេះ ម្ចាស់​ជ័យលាភី​ទាំង​៥​នាក់ នឹង​ទទួលបាន​នូវ​ការរៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តសៀមរាប​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅមុខ​ប្រាសាទអង្គរវត្ត ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៧ ។​

​ក្លិប​អ្នកកាសែត​កម្ពុជា ទទួលយក​ស្នាដៃ​ប្រកួតប្រជែង​ជា​អត្ថបទ ឬ​ជា​បទ​យកការណ៍​ជា​សំឡេង ឬ​វីដេអូ របស់​បេក្ខជន ចាប់ផ្តើម​ទទួល​ពី​ពេលនេះ​ទៅ រហូតដល់​ថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខនេះ​។

​បេក្ខជន​អាច​ទាញយក​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ពី​គេហទំព័រ www.ccj.com.kh/applicationform ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/CCJCambodia/ ឬក៏​អាច​កាន់​ការិយាល័យ ក​.​អ​.​ក ផ្ទះ​លេខ​១២ ផ្លូវ​លេខ ០៥ (​ក្នុង​បុរី​ប៉េង​ហួត​ទល់មុខ​ផ្សារ​ប៉េសេ​) សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕



Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com