អន្តរជាតិ
គេរិះគន់ខ្លាំងពេក WHO សម្រេចលុបការតែងតាំង មូហ្កាបេ ជា«ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈខ្លួនប្រចាំអាហ្វ្រិក» រូបភាព៖ IAFRICA
× អង្គការសុខភាពពិភពលោក (WHO) បានសម្រេចផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួន ក្នុងការតែងតាំងមេដឹកនាំផ្តាច់ការស៊ីមបាវ៉េ ជាបេសកជនតំណាងអង្គការពិភពលោកនេះ នៅថ្ងៃអាទិត្យទី ២២ ខែតុលា។ ការសម្រេចនេះ ធ្វើឡើងក្រោយមានការតវ៉ា និងប្រតិកម្មច្រើនប្រឆាំងនឹងការតែងតាំងទូទាំងពិភពលោក។
បន្ទាប់ពីមានប្រតិម្មច្រើនពេក អង្គការសុខភាពពិភពលោក បានសម្រេចលុបចោលការតែងតាំងលោក រ៉ូបឺត មូហ្កាបេ ជា«ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈអង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិក»វិញ នៅចុងសប្តាហ៍កន្លងទៅ។
ទីភ្នាក់ងារព័ត៌មាន AFP ដើមសប្តាហ៍មុន ប្រមុខស្ថាប័នសុខភាពពិភពលោក Tedros Adhanom Ghebreyesus ដែលជាអតីតរដ្ឋមន្ត្រីសុខាភិបាលអេត្យូពី បានសម្រេចផ្តល់តំណែងកិត្តិយសដល់មេដឹកនាំកាន់តំណែងយូរជាងគេ និងវ័យជរារបស់ស៊ីមបាវ៉ា រ៉ូបឺត មូហ្កាបេ ជា«ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈអង្គការសុខភាពពិភពលោក ទទួលបន្ទុកជំងឺមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នា នៅទ្វីបអាហ្វ្រិក»។
យ៉ាងណាមិញ ភ្លាមៗនោះដែរ ខាងសកម្មជន និងអ្នកជំនាញសុខភាព រួមទាំងម្ចាស់ជំនួយធំៗនៃអង្គការសុខភាពពិភពលោក ដូចជា អង់គ្លេស កាណាដា និងអាមេរិក បាននាំគ្នាថ្កោលទោសការសម្រេចរបស់ប្រមុខស្ថាប័ននេះ។ គេអះអាងថា ប្រព័ន្ធសុខាភិបាលស៊ីមបាវ៉េ រលំរលាយអស់ក្រោមការដឹកនាំរយៈពេល ៣៧ឆ្នាំរបស់លោក មូហ្កាបេ នោះ។
«រយៈពេលប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានតែងតាំងប្រធានាធិបតី មូហ្កាបេជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសុខភាពពិភពលោក។ ដោយហេតុនេះ ខ្ញុំសម្រេចចិត្តលុបចោលការតែងតាំងនេះវិញ»។ នេះបើសេចក្តីថ្លែងការណ៍របស់លោក Tedros ។ សេចក្តីថ្លែងការណ៍នោះបន្តថា៖« ខ្ញុំបានស្តាប់ការបញ្ចេញមតិរិះគន់ និងការបារម្ភយ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំបានប្រឹក្សាយោបល់ជាមួយ រដ្ឋាភិបាលស៊ីមបាវ៉េ ហើយយើងការសម្រេចចិត្តបែបនេះ ដើម្បីរក្សាប្រយោជន៍សម្រាប់អង្គការសុខភាពពិភពលោក»។
ក្រោយការសម្រេចលុចចោលការតែងតាំងនេះ រដ្ឋាភិបាលអង់គ្លេស និងកាណាដា បានស្វាគមន៍ និង សាទរផងដែរ។ នាយករដ្ឋមន្ត្រី Theresa May បានសរសេរបង្ហោះតាមគណនី Twitter ផ្លូវការរបស់ខ្លួនថា រដ្ឋាភិបាលលោកស្រី ស្វាគមន៍ការសម្រេចចិត្តរបស់ប្រមុខអង្គការសុខភាពពិភពលោក។ ចំណែកលោកនាយករដ្ឋមន្ត្រី Justin Trudeau ក៏បានសាទរដូចគ្នាដែរ។
សូមបញ្ជាក់ថា លោក រ៉ូបឺ មូហ្កាបេ កាន់តំណែងអស់រយៈពេល ៣៧ឆ្នាំមកហើយ។ ក្រោមការដឹកនាំរបស់លោក ស៊ីមបាវ៉ា មិនស្គាល់រីកចម្រើនឡើយ តែត្រូវប្រឈមបញ្ហាជាច្រើនជាពិសេសសេដ្ឋកិច្ចក្ស័យធន។ បើនិយាយពីប្រព័ន្ធសុខាភិបាលវិញ ប្រទេសនេះប្រឈមបញ្ហាច្រើន ហើយប្រជាជនប្រឈមកង្វះសេវាថែទាំសុខាភិបាល ដែលផ្តល់ឲ្យដោយរដ្ឋ។ សូម្បីតែលោក មូហ្កាបេ ខ្លួនឯង ក៏សុខចិត្តជិះយន្តហោះ ទៅព្យាបាលសុខភាពនៅសិង្ហបុរីស្ទើររាល់ឆ្នាំផង៕
Tag:
អាហ្វ្រិក
WHO
រ៉ូបឺ មូហ្កបេ
Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com