ជាតិ
ក្រសួងធនធានទឹក៖ អំឡុងបុណ្យអុំទូក អាចមានភ្លៀងធ្លាក់នៅពេលយប់
× មិនមានភ្លៀងបង្កការរំខានដល់ការប្រណាំងទូកនៅពេលថ្ងៃនោះឡើយ ប៉ុន្តែភ្លៀងអាចធ្លាក់នៅពេលយប់វិញ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់ សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី២៣ ខែតុលានេះ។ ការប្រែប្រួលអាកាសធាតុយ៉ាងណាទៀត នៅថ្ងៃអុំទូក ក្រសួងធនធានទឹក នឹងជួនព័ត៌មានលម្អិតនៅកៀកថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ។ នេះបើតាមអ្នកនាំពាក្យដដែល។
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ អាចនឹងមានភ្លៀងធ្លាក់នៅពេលយប់ ប៉ុន្តែនៅពេលថ្ងៃមិនមានភ្លៀង ដែលរំខានដល់ការប្រណាំងទូក ឡើយ។ នេះបើតាម លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដែលបន្តអំពាវនាវឲ្យប្រជាពលរដ្ឋដែលដើរលេងកម្សាន្តបុណ្យអុំទូកប្រុងប្រយ័ត្ន យកឆ័ត្រ ឬអាវភ្លៀង ទៅតាមជាមួយផង។
ការប្រែប្រួលអាកាសធាតុយ៉ាងណា ក្នុងពិធីបុណ្យអុំទូកនេះ ក្រសួងនឹងជួនព័ត៌មានលម្អិតបន្ថែម នៅកៀកថ្ងៃប្រារព្ធព្រះរាជពិធីប្រពៃណីជាតិមួយនេះ។ តាម លោក ចាន់ យុត្ថា កម្ពស់ ទឺកទន្លេនៅក្នុងអំឡុងពិធីបុណ្យ ក៏ស្ថិតក្នុងកម្រិតល្អប្រសើរមួយ ដែលអំណោយផលដល់ការប្រណាំងទូក គឺរង្វង់ជាង៧ម៉ែត្រ។ លោកចាន់ យុត្ថា បញ្ជាក់ដូច្នេះ៖«ក្នុងរង្វង់ជាង៧ម៉ែត្រនេះ គឺល្អប្រសើរកាលណាបើទឹកទាបពេក ពិបាកធ្វើឲ្យទន្លេរួមតូច ហើយចរន្តកាន់តែខ្លាំង។ តែដល់ពេល៧ម៉ែត្រជាង អំណោយផលមានន័យថាល្បឿនទឹកមិនសូវលឿនខ្លាំង ហើយទន្លេធំមិនសូវឲ្យមានការប៉ះពាល់គ្នានៅពេលអុំទូក»។
សម្រាប់ស្ថានភាពអាកាសធាតុ ក្នុងសប្តាហ៍នេះវិញ កម្ពុជា នឹងទទួលរងនូវប្រព័ន្ធសម្ពាធទាប និងសម្ពាធខ្ពស់ពីប្រទេសចិន ដែលអាចឲ្យខេត្តភាគខាងត្បូងប្រទេសមានភ្លៀងធ្លាក់បន្តបន្ទាប់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា៕
Tag:
ចាន់ យុត្ថា
ភ្លៀង
អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com