ជាតិ
សេដ្ឋកិច្ច
RDB បញ្ចេញឥណទានអស់ ១០លានដុល្លារនៃកញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាល
× ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បញ្ចេញឥណទានបានចំនួន ១០លានដុល្លារនៃកញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាលចំនួន ៥០លានដុល្លារ។ នេះបើតាមលោក កៅ ថាច អគ្គនាយក RDB ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីចុះហត្ថលេខាសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត នៅថ្ងៃទី២០ខែតុលា។
រដ្ឋាភិបាលកាលពីខែសីហា បានទម្លាក់កញ្ចប់ថវិកាចំនួន ៥០លានដុល្លារ ដើម្បីទប់ស្កាត់អស្ថិរភាពថ្លៃស្រូវ តាមរយៈការផ្ដល់កម្ចីដល់បណ្ដារោងម៉ាស៊ីនកិនស្រូវ យកទៅប្រមូលទិញស្រូវពីកសិករ។ ការផ្ដល់កម្ចីនេះគិតអត្រាការប្រាក់ ៥ភាគរយក្នុងមួយឆ្នាំ និងយកស្តុកស្រូវជាវត្ថុធានា។ ធនាគារអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តផ្ដល់កម្ចីនៃថវិកានេះ។
លោក កៅ ថាច ជឿជាក់ថាថវិកា ៥០លានដុល្លារនេះ នឹងត្រូវបញ្ចេញអស់ទាំងស្រុង ខណៈរដូវប្រមូលផលធំខិតជិតមកដល់។ លោកថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំនៅតែសង្ឃឹមថាឲ្យខ្ចីអស់ ហើយយើងខំរុញខ្លាំងណាស់ដែរ។ ឆ្នាំនេះ ថវិកានេះនឹងត្រូវបញ្ចេញអស់ ហើយអាចខ្វះទៅទៀត តែរដ្ឋាភិបាលបានបើកផ្លូវឲ្យបន្ថែមថវិកាទៀត បើខ្វះមែន»។
នេះជាការទម្លាក់កញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវរបស់ករសិករ ជាលើកទីពីរហើយ។ កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលបានទម្លាក់ថវិកា ២៧លានដុល្លារ តែការផ្ដល់កម្ចីមានចំនួនតែ ៣,៥ លានដុល្លារប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com