ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP មិន​ឃាត់ មិន​ឃាំង មិន​រារាំង មិន​រុញច្រាន អ្នក​ដែល​ចង់ទៅ​ចូល CPP
23, Oct 2017 , 9:21 pm        
រូបភាព
រូបភាព៖ ​លោក គង់ គាំ អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងពិធី​អបអរសាទរ​ទិវា​រម្លឹក​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២0១៧
រូបភាព៖ ​លោក គង់ គាំ អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងពិធី​អបអរសាទរ​ទិវា​រម្លឹក​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២0១៧
​ភ្នំពេញ​៖ បក្សប្រឆាំង ចាត់ទុក​ការចាកចេញ​របស់​មន្ត្រី​ខ្លួន ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ថា​ជា​សិទ្ធិសេរីភាព ដោយ​មិន​ហាមឃាត់​អ្វី​ឡើយ​។ ឯ​បក្ស​កាន់អំណាច ប្រកាស​ស្វាគមន៍​ជានិច្ច បើ​មន្ត្រី​បក្សប្រឆាំង ទៅ​ចូលរួម​ជាមួយ​ខ្លួន​។


 
​បញ្ហា​ថ្មី​មួយទៀតរបស់គណបក្សសង្គ្រោះជាតិ ដែល​ទើបនឹង​កើតឡើង គឺ​តំណាងរាស្ត្រ​ម្នាក់ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​បញ្ហា​នេះ មិន​បានធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កើត​ទោមនស្ស ឬ​បារម្ភ​នោះទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​សង្គ្រោះ​ជាតិ ថែមទាំង​ជូន​ពរ​តំណាងរាស្ត្រ​ឬ​មន្ត្រី​របស់ខ្លួន ដែល​ទៅ​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថែមទៀត​។​
 
​ប្រធានបទ​នៃ​ការដើរ​ចេញ​របស់​តំណាងរាស្ត្រ ត្រូវបាន​លើក​ទៅ​និយាយ​ក្នុង​ពិធី​អបអរសាទរ​ទិវា​រម្លឹក​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២0១៧​នេះ​។ ហើយ​លោក ឡុង ប៊ុ​ន្នី តំណាងរាស្ត្រ​ប្រចាំខេត្ត​ព្រៃវែង ដែល​ទើបនឹង​ប្រកាស​ដើរចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បានក្លាយ​តួអង្គ ដែល​ត្រូវ​បានលើកឡើង​ក្នុង​ពី​ធី​នេះ​។ 
 
​លោក គង់ គាំ អ្នកនយោបាយជាន់ខ្ពស់​ ហើយ​ត្រូវបាន​ចាត់ទុកជា​ចាស់ទុំ​មួយរូប​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​និយាយ​មុនគេ ចំពោះ​ករណី​របស់លោក ឡុង ប៊ុ​ន្នី ក្នុង​ពិធី​អបអរសាទរ​ទិវា​រម្លឹក​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ លោក គង់ គាំ លើកឡើងថា កុំថាឡើយ​ត្រឹម​លោក ឡុង ប៊ុ​ន្នី សូម្បីតែ​តំណាងរាស្ត្រ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ហាមឃាត់​ដែរ​។ 
 
​លោក គង់ គាំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនដឹង​ទេ ស្រេច​តែ​បងប្អូន សម្រេច​ដោយ​ខ្លួន​ចុះ​។ ខ្ញុំ​មិន​ឃាត់ មិន​ឃាំង មិន​រារាំង មិន​រុញច្រាន​អី​ទេ ពិចារណា​មើលទៅ​។ […..] ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំង ៥​ពាន់​នាក់​នុ៎ង ខ្ញុំ​គោរព​ណាស់ ខ្ញុំ​ជឿ​ណាស់ ប៉ុន្តែ អ្នកមាន​បញ្ហា ចង់ទៅ ក៏​ទៅ​ចុះ​។ ហើយ​អ្នកតំណាងរាស្ត្រ​ទាំង ៥៥​នាក់​នុ៎ង ខ្ញុំ​គោរព​ស្រឡាញ់​ណាស់ ប៉ុន្តែ​បើ​មាន​បញ្ហា ចង់ទៅ ក៏​ទៅ​ចុះ​។ ទៅ​ភ្លក់​ទៅ​»​។ ដ្បិត​លើក​ឡើយ​បែបនេះ​ក្តី តែ​លោក គង់ គាំ បែរជា​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រុមតំណាងរាស្ត្រ និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ រួមទាំង​ប្រជាពលរដ្ឋ​ជាង ៣​លាន​នាក់ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ខ្វល់​អ្វី​ឡើយ​ចំពោះ​ការចាកចេញ​របស់លោក ឡុង ប៊ុ​ន្នី ឬក៏​អ្នក​ផ្សេងទៀត​។ លោក ចាត់ទុក ការចាកចេញ​និង​ការចូលរួម​ក្នុង​គណបក្ស​ណាមួយ ថា​ជា​សិទ្ធិ​សេរី​របស់​បុគ្គល ដោយ​មិនគួរ​រំលោភបំពាន​នោះទេ​។ លោក និយាយ​ដូច​លោក គង់ គាំ ដែរ​ថា ទោះជា​តំណាងរាស្ត្រ​ឬ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ផ្សេងទៀត ចង់​ដើរចេញ ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ហាមប្រាម​ដែរ​។ 

​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គេ មានការ​ភ័យខ្លាច គេ​ចង់ទៅ ជា​សិទ្ធិ​របស់គេ​។ យើង គ្មាន​វិធី​អ្វី​ទប់ស្កាត់​ទេ​។ អ្នកណា ចង់ទៅ ទៅ ទៅ​។ ខ្ញុំ​អត់​មានការ​ព្រួយបារម្ភ​ទាំងអស់​។ សូម្បី​រំលាយ​គណបក្ស ក៏​ខ្ញុំ​អត់​មានការ​ព្រួយបារម្ភ​ដែរ​»​។ 

​ឯ​លោក មៅ មុ​នី្ន​វណ្ណ តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​កើតក្តី​ថ្នាំងថ្នាក់​ជាមួយ​លោក ឡុង ប៊ុ​ន្នី ដែរ​។ ឆ្លើយ​នឹង​សំណួរ​ក្រុមអ្នកកាសែត ដែល​សួរ​ចំពោះ​ការចាកចេញ​របស់លោក ឡុង ប៊ុ​ន្នី លោក ម៉ៅ មុ​នី្ន​វណ្ណ និយាយ​យ៉ាងខ្លី​ថា​៖«​គាត់​ចេញទៅ ខ្ញុំ យល់ថា ជា​សិទ្ធិសេរីភាព​គាត់​»​។ 

​សម្រាប់ លោក អ៊ូ ច័ន្ទ​រ័ត្ន តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនពរ​លោក ឡុង ប៊ុ​ន្នី ដោយ​លាយឡំ​ជាមួយ​ការ​ចំអកឡកឡឺយ​។ លោក លើកឡើងថា អ្នក​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ទំនងជា​មិនទាន់​ស្គាល់​ច្បាស់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក និយាយ​បែបនេះ​ថា​៖«​អ្នក​ដែល​ចង់ទៅ​ភ្លក់ ដោយសារ​អត់​ដែល​ដឹង​ក្លិន​។ ខ្ញុំ​ថា មិនបាច់ ទៅ​ភ្លក់​ទេ គ្រាន់តែ​ធុំក្លិន​ហ្នឹង ក៏​គ្រប់គ្រាន់​ដែរ​»​។  

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការឆ្លើយតប​ពី​លោក ឡុង ប៊ុ​ន្នី បានឡើយ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ 

​លោក ឡុង ប៊ុ​ន្នី បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ស្របពេល​ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ប្រឈម​នឹង​ការរំលាយចោល​ពី​សំណាក់​តុលាការ​កំពូល​។ លោក ឡុង ប៊ុ​ន្នី សុំ​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​សម្តេច ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២0១៧ ថា ៩៩​ភាគរយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​។ 

​សម្តេច ហ៊ុន សែន បន្តថា ពេល​ត្រូវ​រំលាយចោល តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទាំងអស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​អស់​សុ​ភព​ភាព​។ ប៉ុន្តែ សម្តេច ប្រកាស​បើកផ្លូវ​ថា បើ​ចង់​រក្សា​តំណែង​ដដែល សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ 

​គ្រាន់តែ​លោក ឡុង ប៊ុ​ន្នី សរសេរ​លិខិត​ទៅសុំ​ចុះចូល​ភ្លាម សម្តេច ហ៊ុន សែន ក៏​ប្រកាស​ស្វាគមន៍​តែម្តង ដោយ​មិន​បង្អង់​យូរ​។ ហ្វ្រេស​ញូ (Fresh News) ដែលជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ស្រង់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖«​ស្វាគមន៍​ទាំងអស់​ចំពោះ​ការចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បើ​តំណាងរាស្ត្រ មេឃុំ​-​ចៅសង្កាត់ ឬ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​បំណង​ចុះចូល គឺ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ទាំងអស់​»​។  

​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​បណ្តឹង​នៅ​តុលាការ​កំពូល ត្រូវបាន​រំលាយចោល​មែន​នោះ រាល់​អាសនៈ​ក្នុង​រដ្ឋសភា និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៃ​គណបក្ស​នេះ នឹង​អស់​សុពលភាព និង​លែងមាន​គុណ​ស​ម្ប​តិ្ត​ជា​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទៀតហើយ ព្រោះ​ច្បាប់​ថ្មី​ចំនួន​៤ ទើបនឹង​ត្រូវបាន​កែប្រែ មាន​ខ្លឹមសារ​ជារួម​យ៉ាង​ដូច្នេះ​។ តាមច្បាប់​ថ្មី ដែល​ផ្តួចផ្តើម​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា រាល់​អាសនៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយចោល ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​។ 

​បច្ចុប្បន្ន ច្បាប់​ថ្មី​ទាំងនោះ កំពុងស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ ពេល​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​រួចហើយ ជា​ដំណាក់កាល​ចុងក្រោយ ច្បាប់​ខាងលើ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្តលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ 

​ច្បាប់​ទាំង​៤ ដែល​ត្រូវបាន​កែប្រែ រួមមាន ច្បាប់​ទាំង​៤ ដែល​ត្រូវបាន​កែប្រែ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​៕
 
 
 
 

Tag:
 CNRP
  CPP
  គង់ គាំ
© រក្សាសិទ្ធិដោយ thmeythmey.com