ជាតិ
Ted Cruz កំណត់​ត្រឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា​
24, Oct 2017 , 2:12 pm        
រូបភាព
រូបភាព៖ លោក ថេត គ្រូស សមាជិកព្រឹទ្ធសភាអាមេរិក
រូបភាព៖ លោក ថេត គ្រូស សមាជិកព្រឹទ្ធសភាអាមេរិក
​ភ្នំពេញ​៖ ការបន្ត​ឃុំខ្លួន​ឯកឧត្តម កឹម សុខា ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រង​ការព្រមាន​ជាថ្មី ពី​សហរដ្ឋអាមេរិក​។ លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក ព្រមាន​ថា បើ​ឯកឧត្តម កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ ការធ្វើដំណើ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន ទៅកាន់​ទឹកដី​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ នឹងត្រូវ​ហាមឃាត់​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ថា ទោះ​ព្រមាន​បែបនេះ​ក្តី ក៏​កម្ពុជា មិន​បារម្ភ​ដែរ ហើយ​នៅតែ​បន្តធ្វើ​អ្វី ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​។



​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​សហរដ្ឋអាមេរិក លោក ថេត គ្រូ​ស (Ted Cruz) ទុកពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដែលជា​ថ្ងៃ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ដើម្បី​ដោះលែង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ ក្រោម​ការសង្ស័យ​របស់​តុលាការ ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។ លោក ថេត គ្រូ​ស ដែលជា​អតីត​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ផង​នោះ ព្រមាន​ពី​ការដាក់ទណ្ឌកម្ម តាមរយៈ​ការហាមឃាត់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន មិន​ឲ្យ​ចូល​ទឹកដី​សហរដ្ឋអាមេរិក បើ​មិន​ដោះលែង​ឯកឧត្តម កឹម សុខា តាម​សំណើ​របស់លោក​។

​ការព្រមាន​របស់លោក ថេត គ្រូ​ស ធ្វើឡើង​តាមរយៈ​លិខិត​មួយ ដែល​ផ្ញើ​ទៅកាន់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុន​រ៉ុង នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២0១៧​។ ក្នុង​លិខិត​នោះ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​រូបនេះ បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា ជាពិសេស​លោក បាន​សង្កត់ធ្ងន់ ទៅលើ​ការឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ លោក បានលើកឡើង​ក្នុង​លិខិត​ទៀតថា ការបោះឆ្នោត​នៅ​កម្ពុជា នា​ឆ្នាំ​២០១៨  នឹង​មិនមាន​ភាពត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ បើ​ឯកឧត្តម កឹម សុខា នៅតែ​ជាប់ឃុំ​។

​ក្នុង​លិខិត ដែល​ផ្ញើ​ទៅកាន់​ឯកអគ្គ​រាជ​ទូ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក លោក ថេត គ្រូ​ស បាន​ព្រមាន​យ៉ាង​ដូច្នេះ​៖«​បើ​នាយករដ្ឋមន្ត្រី​របស់លោក [​សម្តេច ហ៊ុន សែន​] មិន​ដោះលែង​ឯកឧត្តម កឹម សុខា ឲ្យ​បាន​មុន ឬ​ត្រឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខ្ញុំ នឹងធ្វើ​កិច្ចការ​ជាមួយ​សហការី​របស់ខ្ញុំ ក្នុង​ស្ថាប័នព្រឹទ្ធសភា រួមទាំង​រដ្ឋបាល​រប​ស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​រក​ឲ្យ​ឃើញថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណាខ្លះ ដែលមាន​ទំនួល​ខុសត្រូវ​ចំពោះ​រឿង​ទាំងនេះ នឹងត្រូវ​រារាំង​មិន​ឲ្យ​ធ្វើដំណើរ​មកកាន់​សហរ​ដ្ឋ​អាមេរិក​»​។

«​ការព្រមាន​នេះ មិនមាន​បញ្ហា​អ្វី​ទេ​។ គ្រាន់តែ​ជាការ​ព្រមាន​ចោល​។ គ្មាន​អ្វីដែល​ត្រូវ​ញញើត​ឡើយ​»​។ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ ទៅកាន់​លោក ថេត គ្រូ​ស ហើយ​សង្កត់​ធ្ងន់ៗ​ថា កម្ពុជា ជា​ប្រទេស​ឯករាជ្យ​និង​មាន​អធិបតេយ្យភាព ដោយ​មិន​ស្ថិតក្រោម​ឱវាទ​របស់​បរទេស​ណា​មួយ​ឡើយ​។

​លោក ផៃ ស៊ី​ផាន ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការព្រមាន​របស់លោក ថេត គ្រូ​ស មិនអាច​បញ្ឈប់​នីតិវិធី​របស់​តុលាការ​កម្ពុជា ដែល​កំពុង​ចាត់ការ​លើ​ឯកឧត្តម កឹម សុខា នោះទេ​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​រូបនេះ បន្តថា ការសម្រេចចិត្ត​របស់​លោក ថេត គ្រូ​ស ខាងលើ មិន​ប៉ះពាល់​ប្រយោជន៍​របស់​កម្ពុជា​ឡើយ​។ ប៉ុន្តែ លោក យល់ថា ការសម្រេចចិត្ត​បែបនេះ ធ្វើ​ឲ្យ​ខូចប្រយោជន៍​របស់​សហរ​ដ្ឋ​អាមេរិក​វិញ​ទេ ហើយក៏​អាច​នាំ​ឲ្យ​សហរដ្ឋអាមេរិក ឯកោ​ដែរ​។

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​រួចហើយ​ថា មិន​ឲ្យ​បរទេស ចូលមក​ពាក់ព័ន្ធ​ឬ​លូកដៃ​ទៅនឹង​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​។ ថ្មីៗ​នេះ សម្តេច ហ៊ុន សែន បាន​លើកឡើងថា ការអនុវត្ត​ច្បាប់​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិនអាច​ជៀស​ផុត​ឡើយ​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​បែបនេះ​ថា​៖«​អំពើ​របស់​អ្នក ត្រូវតែ​ផ្តន្ទាទោស​ហើយ​»​។​

​កន្លងមក សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​កម្ពុជា ធ្លាប់​សម្តែង​ក្តីបារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា ម្តង​រួម​មកហើយ​។ សហរដ្ឋអាមេរិក ក៏​ធ្លាប់​ព្រមាន​ពី​ការបញ្ឈប់​ផ្តល់​ទិដ្ឋាការ​របស់ខ្លួន ដល់​មន្ត្រី​មួយចំនួន ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួងការបរទេស​កម្ពុ​ជា​ផងដែរ​។ 

​ក្រៅពី​សហរដ្ឋអាមេរិក នៅមាន​សហគមន៍​អន្តរជាតិ​ផ្សេងទៀត បាន​ចេញមក​អំពាវនាវ​ជា​បន្តបន្ទាប់ ទៅកាន់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​សុំ​ឲ្យ​ផ្តល់​សេរី​ដល់​ឯកឧត្តម កឹម សុខា ឡើងវិញ​។ ប៉ុន្តែ អន្តរាគមន៍​របស់​ស​ហគ​មន៍​អន្តរជាតិ មិនមាន​ប្រសិទ្ធភាព​ឡើយ​។ ផ្ទុយទៅវិញ សហគមន៍​អន្តរជាតិ​ទាំងនោះ ថែមទាំង​រង​ការ​វាយបក​ពី​រដ្ឋាភិបាល​កម្ពុជា​វិញ​ថា ពួកគេ បាន​លូកដៃ​ចូលមកក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕


Tag:
 អាមេរិក​
  កម្ពុជា​
  កឹម សុខា​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com