ជាតិ
មេធាវី​សុំ​ឲ្យ​តុលាការ​កំពូល នាំ​ឯ​.​ឧ កឹម សុខា មកកាន់​សវនាការ​នៅ​ភ្នំពេញ
24, Oct 2017 , 10:39 pm        
រូបភាព
រូបភាព៖ លោក ហែម សុជាតិ មេធាវីមួយរូបរបស់ឯកឧត្តម កឹម សុខា
រូបភាព៖ លោក ហែម សុជាតិ មេធាវីមួយរូបរបស់ឯកឧត្តម កឹម សុខា
​ភ្នំពេញ​៖ សហ​មេធាវី​ទាំង​៨​រូប បានដាក់​សំណើ​មួយ​ថ្មី​ទៀត ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ដឹក​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ចូលរួម​សវនាការ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២0១៧​។ លោក ហែម សុជាតិ មេធាវី​១​រូប​របស់​ឯកឧត្តម កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សំណើ​ខាងលើ ទើបនឹង​បញ្ជូន​ទៅកាន់​តុលាការ​កំពូល នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២0១៧​នះ​។​



​លោក​មេធាវី ហែម សុជាតិ លើកឡើងថា សវនាការ​នៅ​តុលាការ​កំពូល​នាពេលខាងមុខ ចាំបាច់​ត្រូវមាន​វត្តមាន​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ដែលជា​ជន​ត្រូវ​ចោទ​។ លោក​មេធាវី​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​វត្តមាន​របស់គាត់ [​ឯកឧត្តម កឹម សុខា​] ក្នុង​សវនាការ មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​គាត់ បាន​សួរដេញដោល​បាន​ស៊ីជម្រៅ​»​។

​ការបើក​សវនាការ​នៅ​តុលាការ​កំពូល គឺធ្វើឡើង​តាម​បណ្តឹងសាទុក្ខ​របស់​សហ​មេធាវី​របស់​ឯកឧត្តម កឹម សុខា​។ ការបន្ត​ដាក់​បណ្តឹងសាទុក្ខ ទៅកាន់​តុលាការ​កំពូល គឺ​ដោយសារតែ​សហ​មេធាវី មិន​សុខ​ចិត្តនឹង​សាលាឧទ្ធរណ៍ ដែល​សម្រេច​ដូច​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ដោយ​ឲ្យ​ឯកឧត្តម កឹម សុខា ជាប់ឃុំ​ដដែល​។

​ម្យ៉ាងទៀត សហ​មេធាវី ក៏​មិនអាច​ទទួលយក​បានដែ​រ ដែល​សាលាឧទ្ធរណ៍​បើកសវនាការ​កន្លងមក ដោយ​មិន​អវត្តមាន​របស់​ឯកឧត្តម កឹម សុខា​។ អវត្តមាន​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បណ្តាល​ឲ្យ​សហ​មេធាវី ដើរ​ចេញពី​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​នាកាល​នោះ​។

​សមត្ថកិច្ច​និង​តុលាការ បានដាក់​ឯកឧត្តម កឹម សុខា  ឲ្យ​ស្ថិតក្រោម​ការសង្ស័យថា ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ព្រោះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​ឯកឧត្តម កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​លើកឡើងថា ឯកឧត្តម មាន​អ្នកជំនាញ​ដែលជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជ្រោមជ្រែង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។

​ក្រោយ​វីដេអូ​ឃ្លី​ប​ខាងលើ បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច ក៏បាន​នាំគ្នា​ចុះទៅ​ចាប់​ឯកឧត្តម កឹម សុខា ដល់​គេហដ្ឋាន​តែម្តង កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧​។ ភ្លាមៗ​បន្ទាប់ពី​ចាប់ខ្លួន សមត្ថកិច្ច ក៏​ដឹក​ឯកឧត្តម កឹម សុខា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​៕ 


Tag:
 តុលាការ​
  មេធាវី​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com