ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​ចូល CPP លោក ឡុង ប៊ុ​ន្នី ក្លាយជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច ហ៊ុន សែន
27, Oct 2017 , 9:59 pm        
រូបភាព
អតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក ឡុង ប៊ុន្នី ក្លាយ​ជាទីប្រឹក្សាសម្តេចហ៊ុន សែន។ រូបថត BTV Cambodia
អតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក ឡុង ប៊ុន្នី ក្លាយ​ជាទីប្រឹក្សាសម្តេចហ៊ុន សែន។ រូបថត BTV Cambodia
​ភ្នំពេញ​៖ ក្រោយ​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់បាន​មួយ​សប្តាហ៍​ស្រួលបួល​ផង លោក ឡុង ប៊ុ​ន្នី តំណាងរាស្ត្រ​ប្រចាំខេត្ត​ព្រៃវែង បានទទួល​តំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្តេច ហ៊ុន សែន បានប្រកាស​ពី​ការផ្តល់​តួនាទី​ដល់​លោក ឡុង ប៊ុ​ន្នី នៅក្នុង​កិច្ចប្រជុំ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ​។​



​បើតាម​លោក ផៃ ស៊ី​ផាន សម្តេច ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​នៃ​គណៈរដ្ឋមន្ត្រី​ថា នឹង​បន្ត​ទទួល​ស្វាគមន៍​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ដែល​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​សម្តេច [​ហ៊ុន  សែន​] នៅតែ​បន្ត​អំពាវនាវ ចំពោះ​ការចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​កម្លាំង​កសាង​សន្តិភាព​និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​»​។

​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន បានប្រកាស​ម្តង​ហើយ​ម្តងទៀត ថា​តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ រួមទាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុខ ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​រក្សា​តំណែង​របស់ខ្លួន​បាន​ដដែល ប្រសិនបើ​ពួកគេ ទៅ​ចួ​ល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច ហ៊ុន សែន បញ្ជាក់ថា ពួកគេ នឹងមិន​អាច​បន្ត​ធ្វើជា​អ្នកតំណាង​របស់​ប្រជាពលរដ្ឋ​បាន​ទៀត​ទេ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​។

​ក្រៅពី​លោក ឡុង ប៊ុ​ន្នី អ្នក​មួយចំនួនទៀត ជាពិសេស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​ជា​ហូរហែ​ថា បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​សម្តេច ហ៊ុន សែន ប្រកាស​ស្វាគមន៍​។ យ៉ាងណា ស្របពេល​មានការ​ចាកចេញ​បែបនេះ ក៏មាន​សមាជិក​ប្រឹក្សា​ឃុំ​-​សង្កាត់​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​បង្ហាញ​ពី​ភាព​ស្មោះ​ស្ម​គ្រ​របស់ខ្លួន​ផងដែរ ដោយ​ប្រកាសថា​នឹង មិន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។

​រីឯ​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ មានដូចជា លោក គង់ គាំ លោក ប៉ុល ហំ​ម និង​លោក ម៉ៅ មុន្នី​វណ្ណ ជាដើម អះអាងថា មិន​ឃាត់ឃាំង​បុគ្គល​ណាមួយ ដែល​ចង់ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។  មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ យល់ថា ការចាកចេញ​ពី​គណបក្ស គឺជា​សិទ្ធិសេរីភាព​។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត គឺ​លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​តំណាងរាស្ត្រ ក៏ដូចជា​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ជំហរ​របស់ខ្លួន​ឲ្យ​បាន​នឹងន​។

​បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រ​ឈប​នឹង​ការរំលាយចោល ពី​សំណាក់​តុលាការ​កំពូល ដែលមាន​ក្រសួងមហាផ្ទៃ ជាដើម​បណ្តឹង​។ ប្រសិនបើ​តុលាការ​កំពូល រំលាយចោល​មែន​នោះ រាល់​អាសនៈ​និង​ភាពជា​តំណាង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ ទៅតាម​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់បោះឆ្នោត ដែល​ទើប​នឹងធ្វើ​វិសោធនកម្ម ក្រោម​គំនិត​ផ្តួចផ្តើម​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៕


Tag:
 ​លោក ឡុង ប៊ុ​ន្នី​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com