មានបណ្តាញសង្គមជាច្រើន កំពុងត្រូវបានប្រើប្រាស់នៅកម្ពុជា ក្នុងចំណោមនោះហ្វេសប៊ុកកំពុងពេញនិយមជាងគេ ហើយអ្នកប្រើប្រាស់ក៏កំពុងបារម្ភពីសុវត្ថិភាព ដោយសារប្រើប្រាស់បណ្តាញសង្គមមួយនេះដែរ ដោយសារចុងក្រោយនេះ មានគណនីហ្វេសប៊ុកអ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស អ្នកសិល្បៈ រួមទាំងអ្នកកាសែតផង ត្រូវបានគេលួចយក។ លោក ង៉ែត ម៉ូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានប្រាប់សារព័ត៌មាន thmeythmey.com ថា គេHackហ្វេសប៊ុកបាន ដោយសារអ្នកប្រើប្រាស់ខ្វះការយល់ដឹងពីប្រព័ន្ធសុវត្ថិភាព។ បើតាមលោក ង៉ែត ម៉ូសេ ដើម្បីកុំឲ្យគេ Hack អ្នកប្រើប្រាស់ត្រូវប្តូរលេខសម្ងាត់ឲ្យបានរៀងរាល់៣ខែម្តង ដាក់លេខសម្ងាត់ឲ្យខ្លាំង កុំប្រើប្រាស់ Free Wifi និងដាក់ប្រព័ន្ធសុវត្ថិភាពពីរជាន់ជាដើម។
ដើម្បីកាន់តែលម្អិត សូមអញ្ជើញអានកិច្ចសម្ភាសរវាង លោក ទីន សុខលីម អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និង លោក ង៉ែត ម៉ូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឍមណ្ឌលប្រព័ន្ធផ្សព្វផ្សាយការងារ និងសិទ្ធមនុស្សដូចតទៅ៖
លោក ទីន សុខលីម៖ តើបណ្តាញសង្គមមានអ្វីខ្លះ?
លោក ង៉ែត ម៉ូសេ ៖ និយាយរួមទៅបណ្តាញសង្គមមានច្រើន ប៉ុន្តែខ្ញុំនឹងរៀបរាប់មួយចំនួនដែលប្រទេសកម្ពុជា និយមប្រើប្រាស់។ ហ្វេសប៊ុក(Facebook) មានអ្នកប្រើប្រាស់ច្រើនជាងគេ បន្ទាប់បន្សំទៀតមាន YouTube, Twitter, LinkedIn។ មួយវិញទៀតបណ្តាញសង្គមជាសារ ដូចជា Instagram, Telegram, Viber, WhatsApp។
លោក ទីន សុខលីម៖ តើបណ្តាញសង្គមទាំងនេះ មានសារៈសំខាន់យ៉ាងដូចម្តេច ចំពោះការអភិវឌ្ឍខ្លួនឯង និងសង្គម?
លោក ង៉ែត ម៉ូសេ៖ បណ្តាញសង្គមទាំងនេះ មានមុខងាផ្សេងគ្នាៗ។ ហ្វេសប៊ុក យើងអាចសរសេរ ដាក់រូបថត វីដេអូ និងផ្សាយផ្ទាល់ជាសំឡេង និងវីដេអូក៏បាន យើងក៏អាចបង្កើតជាក្រុម ជាមិត្តភក្តិ និងជាកន្លែងដែលអាចស្វែងរកមិត្តភក្តិ ហើយហ្វេសប៊ុក ក៏បានជួយដល់ការរកស៊ីតាមអនឡាញដែរ។ ចំណែក Twitter គឺអ្នកចេះភាសាអង់គ្លេសជ្រៅជ្រះភាគច្រើន ប្រើបណ្តាញនេះ ដើម្បីទាក់ទងស្ថាប័នអន្តជាតិ អ្នកកាសែតអន្តជាតិ អង្គការអន្តជាតិ និងអ្នកខ្លះទៀតគេទាក់ទងនឹងតារាហូលីវូដមួយចំនួន ហើយបណ្តាញសង្គមមួយនេះ គឺជាកន្លែងមួយសម្រាប់ធ្វើយុទ្ធនាការបានល្អ ជាងហ្វេសប៊ុក។ Instagram ក៏មានអ្នកប្រើច្រើនដែរ ពិសេសយុវវ័យ ដែលពួកគេនិយមចូលចិត្តបង្ហោះរូបថត និងទំនិញលក់នៅInstagram។ ចំពោះLinkedIn ខ្ញុំគិតថាមានប្រយោជន៍ចំពោះយុវជន ជាពិសេសអ្នកដែលមានជំនាញលើផ្នែកអ្វីមួយ។ យុវជនគួរតែប្រើប្រាស់ LinkedIn ព្រោះវាជាបណ្តាញសង្គមមួយដែលជួយធ្វើជា reference នៃជំនាញរបស់ពួកគេ។ សម្រាប់ WhatsAppវិញ ជាប្រព័ន្ធទំនាក់ទំនង ដែលមានសុវត្ថិភាពខ្ពស់ ជាងបណ្តាញសង្គមផ្សេងទៀត ដោយសារវាបណ្តាញសង្គមដែលធ្វើកូដន័យកម្មបានល្អ។ បានន័យថា រាល់ការទំនាក់ទំនងតាមWhatsApp មិនត្រូវបានជនទី៣ណាអាចតាមដានស្តាប់បានទេ។ ចំណែកឯបណ្តាញ Telegram ក៏មានសុវត្ថិភាពខ្ពស់ ដូច WhatsApp ដែរ។
លោក ទីន សុខលីម៖ ដូចដែលលោកបានបញ្ជាក់ស្រាប់ថាបណ្តាញសង្គមហ្វេសប៊ុកពេញនិយមជាងគេនៅ កម្ពុជា។ ទន្ទឹងនឹងនោះ អ្នកប្រើប្រាស់ហ្វេសប៊ុក មានការព្រួយបារម្ភ ចំពោះការលួច(Hack)យកគណនីរបស់ពួកគេ។ តើហេតុអ្វីបានជាគេអាចលួចយកគណនីហ្វេសប៊ុកយើងទៅបាន?
លោក ង៉ែត ម៉ូសេ៖ ខ្ញុំសង្កេតឃើញថា ចាប់តាំងពីចុងឆ្នាំ២០១៦ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០១៧នេះ ការលួចយកគណនេយីហ្វេសប៊ុក របស់អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស ឬក៏តារា មានច្រើន។ ជាទូទៅក្រុមហ៊ុនហ្វេសប៊ុក ចំណាយលុយច្រើនណាស់ ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ ប៉ុន្តែហេតុអ្វីបានជាគេ Hack យកហ្វេសប៊ុកបាន? នេះវាមកពីអ្នកប្រើប្រាស់មិនបានយល់ដឹងពីសុវត្ថិភាពរបស់ហ្វេសប៊ុក មិនបានធ្វើបច្ចុប្បន្នភាព និងមិនប្រើមុខងារការងារមួយចំនួនដែលហ្វេសប៊ុកដាក់ឲ្យប្រើ។ អាចមកពីគាត់មិនចេះអង់គ្លេស ប៉ុន្តែឥឡូវនេះ មានហ្វេសប៊ុកជាភាសាខ្មែរ។ ម្យ៉ាងអាចមកពីភាពចន្លោះប្រហោងរបស់អ្នកប្រើប្រាស់ផ្ទាល់ គឺគាត់យកលេខទូរស័ព្ទដែលគ្រប់គ្នាដឹងទៅបញ្ចូលនៅក្នុងគណនីហ្វេសប៊ុក ដើម្បីស្រោចស្រង់គណនី។ ជនខិលខូច(Hacker) អាចប្រើលេខទូរស័ព្ទនេះ ដើម្បីមើលសារយើងបាន។
លោក ទីន សុខលីម៖ តើយើងត្រូវធ្វើដូចម្តេចដើម្បី កុំឲ្យហ្វេសបុកត្រូវបានគេលួចបាន(Hacked)?
លោក ង៉ែត ម៉ូសេ៖ ដើម្បីការពារកុំឲ្យគេHackបាន ទី១ ត្រូវឧស្សាហ៍ប្តូរលេខសម្ងាត់ (Password) អាចប្តូររយៈពេល៣ខែម្តង។ ទី២ លេខសម្ងាត់ ត្រូវតែឲ្យខ្លាំង(strong password) ដែលត្រូវមានអក្សរលើសពី៨តួ មានទាំងអក្សរធំ អក្សរតូច លេខ សញ្ញាចូលគ្នា។ ធ្វើដូច្នេះយើងពិបាកចាំ អីចឹងគេក៏ពិបាកលួចយកដែរ។ ទី៣ កុំប្រើប្រាស់ FreeWi-Fi តាមទីសាធារណៈ គួរតែប្រយ័ត្នកុំវាយលេខសម្ងាត់នោះ។ ឧទាហរណ៍ យើងចូលទៅហាងកាហ្វេមួយ យើងមិនដឹងថាអ្នកណាគេខ្លះ នៅហាងកាហ្វេនោះទេ ប៉ុន្តែតាមរយៈ Wi-Fi គឺវានៅក្នុងបណ្តាញ(Network)តែមួយ អីចឹងគេអាចដឹងពីការចុចរបស់យើង ហើយគេយកលេខសម្ងាត់របស់យើងបាន។ ទី៤ ព្យាយាមយល់ពីការដាក់សុវត្ថិភាពពីរជាន់(Second Step verification) ព្រោះប្រសិនបើអ្នកលួច ទៅមានលេខសម្ងាតរបស់យើងបាន អ៊ីចឹងគាត់វាយលេខសម្ងាត់ត្រូវ ប៉ុន្តែវាទាមទារឲ្យវាយលេខកូដ៦ខ្ទងទៀត។ យើងអាចដាក់លេខទូរស័ព្ទ ឬក៏មានវិធីសាស្ត្រផ្សេងទៀត តែខ្ញុំលើកទឹកចិត្តថា កុំឲ្យដាក់លេខទូរស័ព្ទ។ ទី៥ បើយើងបារម្ភពីការHack កុំ Add មិត្ត ដែលយើងមិនដែលស្គាល់សោះ ឬគណនីក្លែងក្លាយ ក៏គួរប្រយ័ត្នដែរ។ កុំប្រើប្រាស់លេខទូរស័ព្ទដែលគេស្គាល់ច្រើន យកមកដាក់ជាវិធីសាស្ត្រក្នុងការស្រោចស្រង់គណនីហ្វេសប៊ុកពេលដែលបាត់បង់។ ទី៧ រឿង អ៊ីម៉ែល។ អ៊ីម៉ែល ដែលយើងប្រើប្រាស់ទៅលេងហ្វេសប៊ុកហើយ ក៏មិនគួរដាក់លេខទូរស័ព្ទស្រោចស្រង់ អ៊ីម៉ែល នោះដែរ ព្រោះយើងបារម្ភថា បើគេដឹងលេខយើង គេមានវិធីមើលសារក្នុងទូរសព្ទរបស់យើងទៀត។
លោក ទីន សុខលីម៖ តើយើងត្រូវមានបច្ចេកទេសអ្វីខ្លះ ដើម្បីរៀបចំសណ្តាប់ធ្នាប់ នៅក្នុងហ្វេសប៊ុក របស់យើង?
លោក ង៉ែត ម៉ូសេ៖ ចំណុចនេះ ដំបូងយើងត្រូវមើលមិត្តភក្តិក្នុងហ្វេសប៊ុករបស់យើងឡើងវិញ។ បើយើងមានមិត្តដល់ទៅ៥ពាន់នាក់ យើងគួរតែមើលឡើងវិញ មើលថាតើមិត្តណាដែលឧស្សាហ៍និយាយជាមួយយើង មិត្តណាដែលយើងស្គាល់ ឬមិនស្គាល់សោះ ឬមិនដែលទាក់ទងយើង គួរតែពិចារណាលុបចេញពីបញ្ជីមិត្តរបស់យើង។ ឧស្សាហ៍ចូល Security Settingផង ពីព្រោះហ្វេសប៊ុកតែង Update រៀងរាល់ខែ ហើយបើយើងមិនដឹងរឿង២ខាងលើ គួរតែរកអ្នកបច្ចេកទេសដែលយើងទុកចិត្តឲ្យគេជួយ។
លោក ទីន សុខលីម៖ តើយើងត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីកំណត់ឯកជនភាព (Privacy) នៅក្នុងហ្វេសប៊ុករបស់យើង?
លោក ង៉ែត ម៉ូសេ៖ ឯកជនភាពគឺជារឿងសំខាន់។ អីចឹងគេឲ្យកំណត់លេខសម្ងាត់ឲ្យខ្លាំង និងផ្លាស់ប្តូរជាទៀងទាត់។ មិត្តភក្តិ ក៏ទាក់ទងនឹងឯកជនភាពដែរ និងមិនប្រាកដថា មិត្តរបស់យើងនោះ គេចូលចិត្តយើងទេ។ មួយទៀតអ្នកខ្លះ Add យើង ដើម្បីគ្រាន់តែចង់តាមដានយើង។ មួយទៀតការថតរូបគឺជារឿងសំខាន់ ដើម្បីកំណត់ឯកជនភាព នៅពេលដែលគេសុំថតរូប យើងគួរតែសួរអ្នកថត តើអ្នកថតរូបនេះ យកទៅធ្វើអ្វី? ពីព្រោះនៅក្នុងហ្វេសបុក គេអាចស្វែងរកឈ្មោះ និងរូបថតយើង បើទោះបីយើងប្តូរគណនី ហ្វេសប៊ុកក៏ដោយ។ ម្យ៉ាងទៀតកុំព្យាយាមចូលក្រុម ដែលមិនមែន ជាចំណង់ចំណូលចិត្ត។ គេអាច Add យើងជាក្រុមបាន ប៉ុន្តែយើងព្យាយាមចេញពីក្រុមហ្នឹង។ ចុងក្រោយយើងត្រូវសិក្សាពីច្បាប់ខ្លះ ទាក់ទងនឹងការបង្ហោះ(Post) ការសរសេរព័ត៌មាន និងការចែកចាយព័ត៌មាន ហើយខ្ញុំក៏ចង់បញ្ជាក់ដែរថា ហ្វេសប៊ុកជាអាវុធមុខពីរ គឺមានទាំងល្អ និងអាក្រក់។ កន្លងមកហ្វេសប៊ុក បានធ្វើឲ្យមានការផ្លាស់ប្តូររឿងជាច្រើននៅកម្ពុជា។ ដូច្នេះយើងគួរតែប្រើប្រាស់សម្រាប់ផ្លូវដ៏ត្រឹមត្រូវ ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មានណា ដែលមានប្រយោជន៍ឲ្យបានកាន់តែច្រើនកាន់តែល្អ៕