បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ម្ចាស់ Brewhouse៖«​ធ្វើ​អាជីវកម្ម បើ​គ្រាន់​ធ្វើ​ឲ្យ​ល្អមើល ឬ​មើ​លពី​ក្រៅ មិនអាច​ជោគជ័យ​ទេ​»
29, Oct 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​លោក ម៉ៅ វិបុល ម្ចាស់​ហាង​កាហ្វេ Brewhouse ដែល​កំពុង​ជោគជ័យ​ក្នុង​ទីផ្សារ​កាហ្វេ និង​អាហារ​។  ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ម្ចាស់​ហាង​កាហ្វេ​រូបនេះ បញ្ជាក់ថា ការធ្វើ​អាជីវកម្ម បើ​យើង​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល ឬ​គ្រាន់តែ​ធ្វើ​ពី​ខាងក្រៅ មិនអាច​ធ្វើ​ឲ្យ​អាជីវកម្ម​ជោគជ័យ​បានទេ​។ សម្រាប់ លោក វិបុល  អាជីវកម្ម ជោគជ័យ ឬ​បរាជ័យ អាស្រ័យ​ម្ចាស់​អាជីវកម្ម ចូល​ជ្រៅ​កម្រិតណា​ក្នុង​អាជីវកម្ម​។​

    
​ដើម្បី​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស រ​វា ង​លោក ទីន សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង​លោក ម៉ៅ វិបុល ម្ចាស់​កាហ្វេ Brewhouse ដូចតទៅ​៖ 
​លោក ទីន សុខ​លីម​៖ លោក ម៉ៅ វិបុល ជា​ម្ចាស់​ហាង​កាហ្វេ Brewhouse​។ លោក​មិនមែនជា​កូនអ្នកមាន ដែលមាន​ប្រាក់​ច្រើន​មក​បើក​អាជីវកម្ម​ទេ គឺ​លោក​ធ្លាប់​ធ្វើការ​ឲ្យ​គេ​ជាច្រើន​ឆ្នាំ ក្នុង​តំណែង​ខ្ពស់ និង​ប្រាក់ខែ​ច្រើន ប៉ុន្តែ​តើក​ត្តា​អ្វីខ្លះ ជំរុញ​លោក ឲ្យ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​?
​លោក ម៉ៅ វិបុល​៖ ខ្ញុំ​ជា​កូន​កសិករ​ក្រីក្រ​មកពី​ខេត្តតាកែវ និង​បញ្ចប់​ការសិក្សា ជំនាញ​គីមី​ចំណីអាហារ ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC)​។ ខ្ញុំ​បានមក​ធ្វើការ​នៅ​អង្គការ ផ្នែក​មន្ទីរពិសោធន៍​ជាង​២​ឆ្នាំ ហើយ​ប្តូរ​ទៅធ្វើ​ផ្នែក​Telecom ហើយ​ក្រោយមកទៀត ខ្ញុំ​ប្តូរ​ទៅ​ក្រុមហ៊ុន​SMART ជា​ប្រធាន​ផ្នែក Event Sell និង Modern trade​។ បន្ទាប់មកទៀត ខ្ញុំ​ធ្វើការ​ជា​អ្នកគ្រប់គ្រង​ទូទៅ នៅក្នុង​រោងចក្រ​ជាង​២​ឆ្នាំ​។ មាន​កត្តា​២​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​បោះបង់ចោល​ការងារ មក​ចាប់​អាជីវកម្ម​។ ទី​១ គឺ​កត្តា​គ្រួសារ​។ នៅពេលដែល​យើង​កាន់តំណែង​ធំ យើង​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ធ្វើការ អីចឹង​តំណែង​ធំ អាច​ជះឥទ្ធិពល​ដល់ពេល​វេលា​សម្រាប់​គ្រួសារ​។ ទី​២ គឺ​កត្តា​ខ្លួនឯង មានន័យថា​នៅពេលដែល​ខ្ញុំ​ធ្វើការ​នៅ​អង្គការ​ផ្នែក​មន្ទីរពិសោធន៍ ខ្ញុំ​មើលឃើញ ពី​ផលប៉ះពាល់​នៃ​ចំណីអាហារ​។ នេះ​ជា​មូលហេតុ​ជំរុញ​ឲ្យ​ខ្ញុំ​មក​បើក​អាជីវកម្ម​ហាង​កាហ្វេ និង​ចំណីអាហារ​នេះ​។ 

  
 
​លោក ទីន សុខ​លីម​៖ ទាក់ទង​នឹង​ការធ្វើការងារ​ឲ្យ​គេ និង​រកស៊ី​ដោយ​ខ្លួនឯង​នេះ មាន​អ្នកខ្លះ​យល់ថា ធ្វើការ​ឲ្យ​គេ​មាន​ប្រាក់ខែ​ច្រើន មិនបាច់​ខ្វល់​រឿង​រកស៊ី​ទេ ប៉ុន្តែ​អ្នកខ្លះ​ថា​រកស៊ី​ខ្លួនឯង ស្រួល​ចិត្ត​ជាង ទោះ​ចំណេញ​តិច ឬ​ច្រើន មិន​រង​ការស្តីបន្ទោស​ពី​គេ​។ លោក វិបុល យល់​ដូចម្តេច ចំពោះ​ទស្សនៈ​ទាំង​២​នេះ​?​
លោក ម៉ៅ វិបុល​៖ ជា​ពិសោធន៍​ដែល​ខ្ញុំ​ឆ្លងកាត់​ជាក់ស្តែង ធ្វើការ​ងារ​ឲ្យ​គេ​ស្រួល​ជាង​បើក​អាជីវកម្ម​ខ្លួនឯង​ដោយសារតែ​យើង​ទទួលខុស​ត្រូ​តែមួយ​ផ្នែក​តូច​។ ប៉ុន្តែ​ការបើក​អាជីវកម្ម​មួយ​ឲ្យ​ដំណើរការ វា​មិន​ងាយស្រួល ដូច​ការគិត​ទេ​។ សម្រាប់​ខ្ញុំ​យល់ថា ការបន្ត​ធ្វើការ​ឲ្យ​គេ ឬ​បើក​អាជីវកម្ម​ខ្លួនឯង អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ​។ បើ​ពួកគេ​ពេញ​ចិត្តនឹង​ប្រាក់ខែ​ដែល​អាចរ​ស់មាន​ជីវភាព​សមរម្យ​មួយ ពួកគេ​នឹង​បន្តធ្វើ​ការ​ឲ្យ​គេ​។

ប៉ុន្តែ​សម្រាប់​បុគ្គល​ដែល​ចង់​បើក​អាជីវកម្ម​ខ្លួនឯង ពួកគេ​ត្រូវ​ពិចារណា និង​សម្រេចចិត្ត​ឲ្យ​ច្បាស់ តើ​គាត់​មាន​ចំណុច​ពិសេស​អ្វី​ក្នុង​ការធ្វើ​អាជីវកម្ម​?  
​លោក ទីន សុខ​លីម​៖ លោក​បាន​ប្រាប់​អ្នក​ដែល​ចង់​ឈប់​ធ្វើការ​មក​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង ត្រូវ​យល់​ពី​ប្រភេទ​អាជីវកម្ម និង​ដឹង​ពី​លក្ខណៈពិសេស​របស់ខ្លួន​។ សម្រាប់​លោក វិបុល​ផ្ទាល់​វិញ តើ​លោក​បាន​គិតគូរ​ពី​ចំណុច​អ្វីខ្លះ ហើយ​តើ​លោក​មាន​ចំណុច​ពិសេស​អ្វីខ្លះ នៅក្នុង​អាជីវកម្ម Brewhouse​នេះ​?
​លោក ម៉ៅ វិបុល​៖ ខ្ញុំ​បាន​សិក្សា​ពី​ការចាប់ផ្តើម​អាជីវកម្ម​នេះ រយៈពេល​វែង​ដែរ ប៉ុន្តែ​ខ្ញុំ​មិនបាន​ផ្តោត​តែ​ទៅលើ Brewhouse​ទេ​។ ម្យ៉ាង ខ្ញុំ​មាន​សញ្ញាបត្រ​គីមី​ចំណីអាហារ​ស្រាប់ ដែលជា​អំណោយផល​មួយ​។ ខ្ញុំ​ក៏​មើលឃើញ​ពីរ​បត់​សង្គម​របស់​យើង ដែល​នឹង​ផ្តោតលើ​ចំណីអាហារ​ដែល​គិតគូរ​ពី​សុខភាព និង​គុណភាព​។ 
 
  
 
​លោក ទីន សុខ​លីម​៖ តើ Brewhouse របស់លោក មាន​លក្ខណៈពិសេស​អ្វី ដែល​ខុសប្លែក​ពី​ហាង​ដទៃ​? 
​លោក ម៉ៅ វិបុល​៖ Brewhouse ត្រូវបាន​ចាត់ទុក​ខ្លួន​ថា​ជា​ផ្ទះ​ទី​២ សាលារៀន និង​ការិយាល័យ​ផងដែរ​។ ដោយសារ​Brewhouse បាន​បំពាក់​សម្ភារ​ប្រើប្រាស់ មួយចំនួន​ដូចជា​កុំព្យូទ័ ម៉ាស៊ីន​ស្កែ​ន ម៉ាស៊ីនថតចម្លង​និង​ម៉ាស៊ីន​ព្រី​ន ព្រមទាំង​បន្ទប់​ប្រជុំ​ផងដែរ​។  ទាំងនេះ ជាការ​បង្កលក្ខណៈ​ងាយស្រួល និង​កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ដែល​មក​ពិសារ​កាហ្វេ អាច​យក​ពេលវេលា​ស្រាវជ្រាវ និង​សិក្សា​បន្ថែម នៅ​នឹង​ទីតាំង ដែលមាន​ផាសុកភាព រួមទាំង​បរិយាកាស​បរិសុទ្ធ​។ បន្ថែម​ពីនេះ ហាង​របស់​យើង​មាន​ប្រភព​សមាសធាតុ​ផ្សំ និង​ភេសជ្ជៈ​ដែល​នាំចូល​ពី​សហរដ្ឋ​អា​មេ​រិ​ដោយ​ខ្លួនឯង​។ រាល់​បន្ថែ និង​ផ្លែឈើ យើង​បាន​ឆ្លងកាត់​ការសម្អាត​យក​សារធាតុ​ពុល​។ អ្វីដែល​យើង​តាំងចិត្ត​ខ្លួនឯង រាល់​ចំណីអាហារ​ទាំងអស់ មុនពេល​យកទៅ      ឲ្យ​ភ្ញៀវ​ឲ្យ​តែ​ចំណុច​ណា ដែល​ប៉ះពាល់​ដល់​សុខភាព​ភ្ញៀវ គឺ​យើង​មិន​ធ្វើ​ទេ គឺ​យើង​ផ្តោតលើ​ចំណីអាហារ​សុខភាព​រប​ស់​ភ្ញៀវ​។ 
 
​លោក ទីន សុខ​លីម​៖ អ្វីខ្លះ​ជាការ​លំបាក ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​របស់លោក​?
​លោក ម៉ៅ វិបុល​៖ នេះ​ជា​បទពិសោធន៍​ជាក់ស្តែង​របស់ខ្ញុំ នៅពេលដែល​ខ្ញុំ​បានចាប់ផ្តើម​អាជីវកម្ម​នេះ​។​ដំបូង​ពួក​ខ្ញុំ​នៅផ្ទះ និង​គ្រាន់តែ​មក​ធ្វើការ នៅ​ហាង​ធម្មតា​ជា​លក្ខណៈសាមញ្ញ​។ ពេលនោះ​ខែ​ទី​១ យើង​ខាត ជាង​១​ម៉ឺន​។ ពេល​ចូលដល់​ខែ​ទី​២ ខែ​ទី​៣ អីចឹង​ខ្ញុំ​ក៏​សម្រេចចិត្ត​២​នាក់​គ្រួសារ ដើម្បី​មក​រស់នៅក្នុង​ហាង ដើម្បី​ចូល​ឲ្យ​ជ្រៅ​នៅក្នុង​អាជីវកម្ម​។ ជា​លទ្ធផល​ខ្ញុំ​សង្កេតឃើញថា ការធ្វើ​អាជីវកម្ម បើ​យើង​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល ឬ​គ្រាន់តែ​ធ្វើ​ពី​ខាងក្រៅ មិនអាច​ធ្វើ​ឲ្យ​អាជីវកម្ម​ជោគជ័យ​បានទេ​។ អ្វីដែល​ខ្ញ្ញុំ​ឃើញ អាជីវកម្ម ជោគជ័យ ឬ​បរាជ័យ អាស្រ័យ​ម្ចាស់​អាជីវកម្ម ដាក់​ខ្លួនឯង​ចូល​ជ្រៅ​កម្រិតណា​ក្នុង អាជីវកម្ម​នោះ​។ នៅពេលដែល​គាត់​ដាក់​ខ្លួនឯង​ចូល​ជ្រៅ​ក្នុង​អាជីវកម្ម នោះ​គាត់​នឹង​មើលឃើញ​ពី​ចំណុចខ្សោយ និង​បញ្ហា ហើយ​គាត់​នឹង​ព្យាយាម​រក​ដំណោះស្រាយ​។   
 
  
 
​លោក ទីន សុខ​លីម​៖ តើ​លោក​មាន​យុទ្ធសាស្ត្រ​បែបណា ដើម្បី​គ្រប់គ្រង​អាជីវកម្ម​របស់លោក ឲ្យ​ដំណើការ​មកទល់នឹង​បច្ចុប្បន្ន​? 
​លោក ម៉ៅ វិបុល​៖ ដោយសារ​ខ្ញុំ​មានបទពិសោធន៍​ទាក់ទង​នឹង​ផ្នែក​លក់ និង​សេវាកម្ម​ច្រើន ដូច្នេះ​ខ្ញុំ​បាន​ពង្រឹង​សមត្ថ​ភា​ពបុ​គ្គ​លិ​ក​ទាក់ទង​នឹង​ការផ្តល់​សេវាកម្ម​រៀងរាល់​សប្តាហ៍​។ យើង​មាន​ក្រុមការងារ ត្រួតពិនិត្យ​ការបម្រើ​សេវាកម្ម​ដល់​អ​តិ​ថិ​ជន​ឲ្យ​បានល្អ មាន​ក្រុមការងារ​ត្រួតពិនិត្យ និង​រកមុខ​ម្ហូប និង​ភេសជ្ជៈ​ថ្មីៗ និង​ជា​ផ្នែក​លក់ តាំងពី​ថ្នាក់ក្រោម រហូតដល់​ថ្នាក់លើ ដើម្បី​ទាញ​ទាញ​អតិថិជន​។ មិនតែប៉ុណ្ណោះ យើង​បានធ្វើ​ឲ្យ​អតិថិជន យល់ថា កន្លែង​យើង​បារម្ភ និង​យកចិត្តទុកដាក់​អតិថិជន ជាង​ហាង​ដទៃទៀត​។ 
 
​លោក ទីន សុខ​លីម​៖ ក្នុងនាម​លោក​ជា​សហគ្រិន​មួយ ដែល​ចាប់ផ្តើម​ពី​ធ្វើការ​ឲ្យ​គេ រហូត​បាន​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន តើ​លោក​យល់​យ៉ាងណាដែរ ចំពោះ​ការចាប់ផ្តើម អាជីវកម្ម​របស់​យុវជន នាពេល​បច្ចុប្បន្ន​? 
​លោក ម៉ៅ វិបុល​៖  អ្វីដែល​ខ្ញុំ​សង្កេតឃើញ បច្ចុប្បន្ន​យុវជន​ចាប់ផ្តើម​អាជីវកម្ម ដោយ​ប្រើ​ក្រសែភ្នែក​។ មានន័យថា នៅពេលដែល​ឃើញ​គេ​មាន​ប្រាក់ចំណេញ ឬក៏​ឃើញ​រូបភាព​ខាងក្រៅ​ល្អមើល គាត់​ចាប់ផ្តើម​បើក​អាជីវកម្ម​ប្រហាក់ប្រហែលគ្នា ឬក៏​អ្វី​ផ្សេងៗ​។ បញ្ហា​នៅត្រង់ថា គាត់​មិនទាន់មាន​ជំនាញ​ច្បាស់លាស់  និង​មិនទាន់​យល់ច្បាស់​ពី​អាជីវកម្ម​នោះ​។ ដូច្នេះ​នៅពេលដែល​គាត់​ចាប់ផ្តើម​អាជីវកម្ម គាត់​ជួប​ហានិភ័យ        ខ្ពស់​។ ជា​យោបល់​ខ្ញុំ មុននឹង​ចាប់ផ្តើម​អាជីវកម្ម យើង​គួរតែ​សិក្សា​ឲ្យ​ស៊ីជម្រៅ មិន​ថា​យុវជន ឬ​អ្នករកស៊ី​នោះទេ ត្រូវមាន​ផែនការអាជីវកម្ម សិក្សា​ទៅលើ​ទីផ្សារ ដឹង​ពី​ប្រភេទ​អតិថិជន​ឲ្យ​បានច្បាស់លាស់​។ ទ្រឹស្តី​ដួល ហើយ​ងើប​ឡើងវិញ វា​ជាការ​ត្រឹមត្រូវ ប៉ុន្តែ​ដួល​ម្តងៗ ប្រាក់ និង​ពេលវេលា ដែល​យើង​វិនិយោគ ក៏​មិនមែនជា​រឿង​លេងសើច​ដែរ ហើយ​ភាគច្រើន​នៅពេល​អាជីវកម្ម​ដួលរលំ ពួកគេ​បាក់​ទឹកចិត្ត​។ នេះ​ជា​ចំណុច ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​។  

  
 
​លោក ទីន សុខ​លីម​៖ បើទោះបីជា​លោក​ជា​កូន​កសិករ​ក្តី ប៉ុន្តែ​ការតស៊ូ ព្យាយាម​បានធ្វើ​ឲ្យ​ក្តី​សុបិន​របស់លោក​ក្លាយជា​ការពិត​។ តើ​អ្វី​ជា​សារ​របស់លោក​សម្រាប់​យុវជន​ជំនាន់​ក្រោយ​? 
​លោក ម៉ៅ វិបុល​៖  តាមពិត​ប្រសិនបើ​យើង​មាន​ក្តី​ស្រមៃ​មួយ​ច្បាស់លាស់ នោះ​យើង​នឹងមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការឈាន​ជើង​ទៅមុខ​។ ជាក់ស្តែង​ជីវភាព​គ្រួសារ​ខ្ញុំ យ៉ាប់​មែនទែន ហើយ​ខ្ញុំ​ជិះ​កង់ យុវ​ជ​មួយចំនួន​គាត់​បានដឹង​។ អីចឹង​អ្វីដែល​ខ្ញុំ​ផ្តាំផ្ញើ​ទៅ​យុវជន ជាពិសេស​យុវជន​តាម​បណ្តា​ខេត្ត​ជា​កូន​កសិករ​ថា ភាពក្រីក្រ មិនមាន​អ្វី​ជា​ឧបសគ្គ​ទេ  អ្វីដែល​សំខាន់​គឺ​ការតាំង​ចិត្ត និង​ការពុះពារ និង​កុំ​ទោរទន់​ទៅតាម​កត្តា​ជីវភាព និង​សង្គម​។ បើ​យើង​ទោរទន់ យក​ភាព​ក្រ​ជា​លេស នោះ​យើង​គ្មាន​ថ្ងៃ​ដែល​ត្រូវ​ងើប​រួច​នោះទេ​។ ផ្ទុយទៅវិញ បើ​យើង​ចង់​ងើប បើទោះបី​ព្យុះភ្លៀង​ប៉ុណ្ណា ក៏​យើង​អាច​ងើប​បានដែរ យើង​ប្រឹង​ងើប ដោយ​ឈរលើ​ជំហរ​ស្មោះត្រង់ ការខិតខំ​ប្រឹងប្រែង នោះ​មិន​ខ្វះ​ទេ មនុស្ស​នៅ​ជុំវិញ​យើង នឹង​ជួយ​យើង​នោះទេ​៕
 






Tag:
 ម៉ៅ វិបុល​
  Brewhouse
  សហគ្រិន
© រក្សាសិទ្ធិដោយ thmeythmey.com