ការអញ្ជើញភ្ញៀវឲ្យចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលតាំងពីដើមមកម្ចាស់ដើមការត្រូវតែទៅអញ្ជើញភ្ញៀវដល់ផ្ទះ ឬហុចធៀបការដល់ភ្ញៀវដោយផ្ទាល់ដៃ ទើបជាការគួរសម។ ការធ្វើបែបនេះ ធ្វើឲ្យម្ចាស់ដើមការចំណាយពេលវេលាយូរ និងថវិកាកាន់តែច្រើនដោយសារស្ទះចរាចរណ៍ និងខាតពេលវេលាក្នុងការបំពេញការងារផ្សេងៗ។ ដើម្បីចំណេញពេល និងបន្ថយការចំណាយបានខ្លះនោះ ម្ចាស់ដើមការក៏អាចអញ្ជើញភ្ញៀវតាមរយៈទូរសព្ទដោយផ្ទាល់ តាមហ្វេសប៊ុក ឬផ្ញើតាមមិត្តភ្កិ បងប្អូនបានដែរ ហើយទង្វើនេះ លែងជារឿងមិនគួរសមទៀតហើយ ក្នុងយុគសម័យថ្មីនេះ។
ជាទូទៅម្ចាស់ដើមការតែងតែចំណាយពេលជាច្រើនថ្ងៃ ដើម្បីអញ្ជើញភ្ញៀវឲ្យចូលរួមពិធីមង្គលការកូនចៅ ឬសាមីខ្លួន ដោយផ្ទាល់ដើម្បីជាការគួរសម និងផ្តល់កិត្តិយសដល់ភ្ញៀវ។ ប៉ុន្តែបច្ចុប្បន្នម្ចាស់ដើមការមួយចំនួន បានប្តូររបៀបនៃការអញ្ជើញភ្ញៀវ ពីការហុចលិខិតអញ្ជើញដោយផ្ទាល់ដៃ ទៅជាការអញ្ជើញដោយផ្ទាល់មាត់តាមទូរសព្ទ តាមហ្វេសប៊ុក និងផ្ញើលិខិតអញ្ជើញតាមមិត្តភក្តិវិញ ដោយសារតែគ្មានពេលវេលា និងបញ្ហាចរាចរណ៍ជាដើម។ ទង្វើបែបនេះ មានទាំងការយោគយល់ និងការរិះគន់ថាមិនសូវគួរសម។
កញ្ញា ណាតា ដែលនឹងរៀបមង្គលការនៅខែវិច្ឆិកាឆាប់ៗនេះ បានប្រាប់សារព័ត៌មានថ្មីៗថា កញ្ញាបានអញ្ជើញមិត្តភក្តិដែលជិតស្និទ្ធ និងសាច់ញាតិរបស់ខ្លួន តាមហ្វេសប៊ុកប៉ុណ្ណោះ និងត្រូវទូរសព្ទទៅប្រាប់បន្ថែមទៀត ដើម្បីជាការគួរសម។ ការធ្វើបែបនេះដោយសារតែ ណាតា មិនមានពេលវេលាគ្រប់គ្រាន់ ហើយមិត្តភក្តិ និងសាច់ញាតិខ្លះក៏រស់នៅតាមខេត្តដែរ ហើយមិត្តភក្តិខ្លះ ក៏រវល់ធ្វើការមិនមានពេលជួប យកលិខិតអញ្ជើញដែរ។ កញ្ញា ណាតាបន្ថែមដូច្នេះ៖«ភ្ញៀវខ្លះគ្មានពេលជួបយើង ដូច្នេះគាត់ឲ្យយើងផ្ញើឲ្យគាត់តាមហ្វេកប៊ុក ភ្ញៀវខ្លះនៅខេត្តឆ្ងាយ ឬមិននៅក្នុងក្រុង និងជាមិត្តភក្តិជិតស្និទ្ធ»។
កញ្ញា ណាតា ក៏បានដឹងដែរថាមានអ្នកខ្លះនៅប្រកាន់(មិនគួរសម) ប៉ុន្តែនាងថាបើតម្រូវឲ្យអញ្ជើញដោយផ្ទាល់គ្រប់គ្នានោះ អាចហៅភ្ញៀវមិនអស់តាមគម្រោងទេ។ ណាតាបន្ថែមថា៖«បើតាមការគួរសម គឺត្រូវចែកលិខិតអញ្ជើញ២០ថ្ងៃ ឬ១ខែ មុនថ្ងៃរៀបការ ដូច្នេះបើត្រូវអញ្ជើញដោយផ្ទាល់គ្រប់គ្នា នោះនឹងមិនទាន់ពេល ព្រោះភ្ញៀវច្រើន ហើយយើងក៏កំពុងរវល់រៀបចំកម្មវិធីដូចគ្នា»។ ណាតា ដែលនឹងក្លាយជាកូនក្រមុំនាងពេលខាងមុខនេះ សង្ឃឹមថា ភ្ញៀវរបស់នាង នឹងមិនទៅចូលរួមមង្គលការខ្លួន ព្រោះតែរឿងប្រកាន់ មិនហុចធៀបការដោយដល់ដៃនេះដែរ។
សម្រាប់កញ្ញា ណុប សុខគីម បានយល់ស្របនឹងការលើកឡើងថា មិនគួរប្រកាន់រឿងមិនយកធៀបការផ្ទាល់នេះ ដោយបញ្ជាក់ថា សម័យព័ត៌មានវិទ្យាទៅហើយ ការមិនយកសំបុត្រឲ្យដល់ដៃ មិនមែនជារឿងអសីលធម៌នោះទេ។ នេះជាការបញ្ជាក់របស់ កញ្ញា សុខគីម ដែលបន្តថា នាងបានប្រាប់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួនដែលត្រូវរៀបការ គ្រាន់តែផ្ញើសាប្រាប់តាមហ្វេសប៊ុក និងទូរសព្ទមករំលឹកថែមទៀតក៏បានហើយ។ កញ្ញា ណុប សុខគីម ពន្យល់បន្ថែមថា៖«ជួនកាលផ្លូវស្ទះ ឬត្រូវធ្វើដំណើរមកផ្លូវឆ្ងាយ ត្រូវចំណាយពេលច្រើន ហើយក៏នាំឲ្យម្ចាស់ការគេខាតពេល ខ្ញុំមិនប្រកាន់ទេ មិនដឹងជាជួបផ្ទាល់ធ្វើអី គ្រាន់តែធៀបការមួយ ព្រោះគេក៏ធ្វើការដូចយើងដែរ»។
មិនមែនជាអ្នកដែលត្រូវរៀបការ ប៉ុន្តែកញ្ញា ណុប សុខគីម បានស្នើឲ្យអ្នកដទៃ កុំប្រកាន់ខឹងនឹងរឿងមិនបានហុចធៀបការដល់ដៃនេះ និងគួរតែយោគយល់ពីពេលវេលាសាមីខ្លួនវិញ ដើម្បីឲ្យពួកគេមានពេលធ្វើការ រៀបចំកម្មវិធីមង្គលការរបស់ខ្លួន និងត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសរបស់ពួកគេដែរ។
លោក ឈុន ពិសិដ្ឋ ហាក់មានគំនិតផ្ទុយបន្តិច ចំពោះការមិនយកលិខិតអញ្ជើញចូលរួមពិធីមង្គលការដោយផ្ទាល់នេះ។ លោក ពិសិដ្ឋ នៅតែយល់ថា ការធ្វើបែបនេះ ជារឿងមិនគួរសម និងអន់ចិត្តខ្លះដែរ។ តែយ៉ាងណា លោក ឈុន ពិសិដ្ឋ សម្រាប់មិត្តភក្តិ ឬបងប្អូន ដែលមានផ្ទះនៅតាមបណ្ដាខេត្តឆ្ងាយៗ ត្រូវចំណាយពេលច្រើន ក្នុងការធ្វើដំណើរមកប្រាប់ការដោយផ្ទាល់។
ការអញ្ជើញភ្ញៀវឲ្យចូលរួមពិធីមង្គលការកូនចៅ ឬសាមីខ្លួនដោយផ្ទាល់នេះគឺជាការគួរសម និងផ្តល់កិត្តិយសដល់ភ្ញៀវ។ ប៉ុន្តែយ៉ាងណា ការអញ្ជើញតាមទូរសព្ទ និងតាមហ្វេសប៊ុក ក៏មិនមែនមានន័យថាម្ចាស់ដើមការ គ្មានសុវធម៌ និងមិនផ្តល់កិត្តិយសដល់ភ្ញៀវនោះដែរ ហើយភ្ញៀវដែលជាមិត្តភក្តិ ឬសាច់ញាតិ ដែលរាប់អានគ្នា ក៏មិនគួរប្រកាន់ដែរ ព្រោះម្ចាស់ដើមការនឹងប្រឈមបញ្ហាជាច្រើន បើត្រូវចែកលិខិតអញ្ជើញផ្ទាល់គ្រប់ភ្ញៀវទាំងអស់នោះ។ បញ្ហាទាំងនោះ មានដូចជា ចរាចរណ៍ស្មុគស្មាញ ការធ្វើដំណើរផ្លូវឆ្ងាយដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ខាតពេលវេលាធ្វើការ និងម្ចាស់ដើមការ ក៏ត្រូវការពេលចាត់ចែងរឿងមង្គលការរបស់ខ្លួនដែរ៕