ជាតិ
នយោបាយជាតិ
តុលាការកំពូល មិនទាន់ផ្តល់ដំណឹងនៃការនាំឯ.ឧ កឹម សុខា ទៅកាន់សវនាការ លោកមេធាវី សំ សុគង់
× ភ្នំពេញ៖ សហមេធាវីទាំង៨រូប នៅមិនទាន់ទទួលបានដំណឹងថា ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ នឹងត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៃតុលាការកំពូល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២0១៧ ឬយ៉ាងណានោះទេ។ លោក សំ សុគង់ មេធាវី១រូបរបស់ឯកឧត្តម កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ។
លោក សំ សុគង់ លើកឡើងថា ទោះជាមិនទាន់ទទួលបានដំណឹងខាងលើក្តី តែសហមេធាវី បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីការពារកូនក្តីរបស់ពួកគេ គឺឯកឧត្តម កឹម សុខា ក្នុងសវនាការនៃតុលាការកំពូល។ លោក បន្តថា សហមេធាវី នឹងពិចារណាថា ត្រូវចូលរួមសវនាការ ឬមិនចូលរួម ក្នុងករណីមិនមានវត្តមានរបស់ឯកឧត្តម កឹម សុខា។ លោកមេធាវី និយាយដូច្នេះថា៖«យើង មិនទាន់ដឹងទេ ថាដើរចេញពីសវនាការ ឬចូលរួម បើអត់មានគាត់។ ចាំមើលជាក់ស្តែងសិន»។
ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យតុលាការកំពូលបានទេ ដោយសារតែហៅទូរសព្ទមិនចូល។
ការកំណត់បើកសវនាការនៃតុលាការកំពូលខាងលើ គឺធ្វើឡើងតាមបណ្តឹងសាទុក្ខរបស់សហមេធាវី ដើម្បីសុំជំទាស់នឹងសាលាឧទ្ធរណ៍ ដែលសម្រេចដូចសាលាដំបូងរាជធានីភ្នំពេញ ក្នុងការបន្តឃុំខ្លួនឯកឧត្តម កឹម សុខា។ ម្យ៉ាងទៀត សហមេធាវី ក៏មិនអាចទទួលយកបានដែរ ចំពោះសាលាឧទ្ធរណ៍ ដែលធ្វើសេចក្តីសម្រេចខាងលើ តាមរយៈការបើកសវនាការ ដោយមិនមានវត្តមានរបស់ឯកឧត្តម កឹម សុខា។
រហូតមកដល់ពេលនេះ ឯកឧត្តម កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារប្រហែល ២ខែហើយ ក្រោមការសង្ស័យរបស់តុលាការថា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ព្រោះបានឃុំឃិតជាសម្ងាត់ជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com