ជាតិ
​​​ន​យោ​បាយ​ជាតិ​
១៨ថ្ងៃទៀត​ប៉ុណ្ណោះ តុលាការកំពូល នឹងសម្រេចថា ត្រូវរំលាយបក្សសង្គ្រោះជាតិ ឬមិនរំលាយ
30, Oct 2017 , 12:28 pm        
រូបភាព
រូបភាព៖ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានភ្នំពេញ
រូបភាព៖ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានភ្នំពេញ
​ភ្នំពេញ​៖ តុលាការ​កំពូល នឹង​ជំនុំជម្រះ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដោយបាន​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូលរួម​តតាំង ក្នុង​សវនាការ​។ ប៉ុន្តែ​ឯកឧត្តម កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់​ជំហរ​ថា មិន​ធ្វើតាម​អ្វីដែល​តុលាការ​កំពូល​បង្គាប់​។


 
​ត្រឹម​១៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្លាយទៅជា​យ៉ាងណា​នោះ នឹងត្រូវ​សម្រេច​ដោយ​តុលាការ​កំពូល​។ តុលាការ​កំពូល បានកំណត់​យក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដើម្បី​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក ឌិ​ត មុន្នី ប្រធាន​តុលាការ​កំពូល នឹង​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដោយ​ខ្លួនឯង ដើម្បី​កាត់ក្តី​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​លោក ជា​អ្នកចេញ​ដីកា ដើម្បី​កំណត់​កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ​។ តាមរយៈ​ដីកា ប្រធាន​តុលាការ​កំពូល​រូបនេះ បាន​បង្គាប់​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​ការសង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ឲ្យ​ចូលរួម​សវនាការ​នាពេលខាងមុខ​។ 

​ដីកា​របស់​ប្រធាន​តុលាការ​កំពូល ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ​នៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ «​យើង បានឃើញ​ហើយ​ដីកា​ហ្នឹង​។ ខ្ញុំ ​ឃើញគេ​បិទ​នៅមុខ​ទីស្នាក់ការ​»​។ លោក ម៉ៅ មុន្នី​វណ្ណ តំណាងរាស្ត្រ​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​។

​លោក ម៉ៅ មុន្នី​វណ្ណ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់​ជំហរ មិន​ពឹងពាក់​មេធាវី​ដើម្បី​ឲ្យ​ជួយ​ការពារ​ក្តី ឬ​ដាក់​ឯកសារ​ទៅ​តុលាការ​កំពូល​នោះទេ​។ លោក និយាយ​បែបនេះ​ថា​៖«​យើង អត់​ចូលទៅ​ការពារ​អី​ទេ​។ តែ​យើង​នឹង​រង់​ចាំមើល​លទ្ធផល​»​។​

​ឯកឧត្តម កឹម សុខា បានទទួល​ដីកា​កោះហៅ ឬ​យ៉ាងណា នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ លោក សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ ហើយ​ទើប​ទទួលបាន​តួនាទី​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ បានដឹង​កន្លងមក គឺ​ឯកឧត្តម កឹម សុខា មិន​ឲ្យ​ពឹងពាក់​មេធាវី ដើម្បី​តតាំង​នៅ​តុលាការ​កំពូល​នោះទេ​។

​ការកំណត់​ពេល ដើម្បី​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង ក្រោយពី​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ជារួម​ថា «​រាល់​អាសនៈ​នៃ​គណបក្ស ដែល​ត្រូវបាន​រំលាយ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​» ទើបនឹង​ចូល​ជា​ធរមាន​និង​ដាក់​ឲ្យ​អនុវត្ត នាពេល​ថ្មីៗ​នេះ​។ ច្បាប់​ទាំង​៤ ដែល​ត្រូវបានធ្វើ​វិសោធនកម្ម​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

​ឲ្យ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ក្រោម​អំណាច​នៃ​សាលដីកា​របស់​តុលាការ​កំពូល​ពេលណា រាល់​អាសនៈ​ក្នុង​រដ្ឋសភា អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​។​

​អ្នក​ដែល​ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ក្រសួងមហាផ្ទៃ ក្រោយ​មាន​សំណើ​ពី​សំណាក់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។ គណបក្ស​ទាំងពីរ រួមទាំង​ក្រសួងមហាផ្ទៃ បាន​ផ្សារភ្ជាប់​ករណី​ឯកឧត្តម កឹម សុខា ដែល​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ព្រោះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួល​រំលាយ​រដ្ឋាភិបាល​កម្ពុជា ទៅនឹង​គណបក្ស​សង្គ្រោះ​ជាតិ​៕
 






Tag:
 ​តុលាការ​
  CNRP
  រំលាយ​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com