អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ B-2 ទៅ​អាស៊ី​មុន​ទស្សនកិច្ច​លោក ដូ​ណា​ល់ ត្រាំ​
30, Oct 2017 , 6:31 pm        
រូបភាព
​ក្រសួងការពារជាតិ​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ B-2 មកកាន់​តំបន់​អាស៊ី​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​មកកាន់​តំបន់​អាស៊ី ពោលគឺ​មកកាន់​ប្រទេស​ចិន កូរ៉េខាងត្បូង និង​ជប៉ុន​នោះ​។ ការបញ្ជូន​យន្តហោះ​យុទ្ធសាស្ត្រ និង​បំបាំងកាយ​មកកាន់​តំបន់​អាស៊ី​នេះ​គឺ​ដើម្បី​បង្អួត​សាច់ដុំ​យោធា​របស់​អាមេរិក ឆ្លើយតប​នឹង​កូរ៉េខាងជើង​ដែល​បន្ត​គំរាម​វាយប្រហារ​អាមេរិក​នោះ​។ ម្យ៉ាង​វា​ក៏​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​តំបន់​មាន​កូរ៉េខាងត្បូង និង​ជប៉ុន​ផង ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នោះ​។ 

 
​យន្តហោះ​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ B-2 ត្រូវបាន​គេ​បញ្ជូន​មកកាន់​តំបន់​អាស៊ី​នៅ​សប្តាហ៍​នេះ​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Japan Times យន្តហោះ​យុទ្ធសាស្ត្រ​គីឡូ​ធ្ងន់​នេះ​ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក Whiteman នៅ​រដ្ឋ Missouri ដើម្បី​មក​ចូលរួម​ប្រតិបត្តិ​ការហ្វឹកហ្វឺន​យោធា​មួយ​នៅ​អាស៊ី​។​
 
​យ៉ាងណាក៏ដោយ​មកដល់​ពេលនេះ​គេ​មិនទាន់​បានទទួល​ការបំភ្លឺ​ពី​ទីបញ្ជាការ​យុទ្ធសាស្ត្រ​យោធា​អាមេរិក ឬ​សេត​វិមាន​អាមេរិក​នៅឡើយ​ទេ​ពាក់ព័ន្ធ​ការបញ្ជូន​យន្តហោះ​ប្រភេទ​នេះ​មកកាន់​តំបន់​អាស៊ី ហើយ​គេ​មិនទាន់​ដឹងថា​យន្តហោះ​នេះ​ហោះហើរ​ទៅកាន់​ប្រទេស​ណាមួយ​ឡើយ​ក្នុងចំណោម​ជប៉ុន និង​កូរ៉េខាងត្បូង​នោះ​។  
 
​វត្តមាន​យន្តហោះ​យុទ្ធសាស្ត្រ​គីឡូ​ធ្ងន់ B-2 នេះ​កម្រ​ឃើញ​មាន​វត្តមាន​ណាស់​។ គេ​ឃើញ​យន្តហោះ​នេះ​ហោះហើរ​នៅ​ពីលើ​ឧបទ្វីប​កូរ៉េ​លើកចុងក្រោយ​បំផុត​នៅក្នុង ២០១៣ នៅពេលដែល​ស្ថាន​កាណ៍​តំបន់​តានតឹង​ខ្លាំង​នោះ​។​
 
 ការសម្រេច​បញ្ជូន​យន្តហោះ​យុទ្ធសាស្ត្រ​ទៅកាន់​តំបន់​ប៉ាស៊ីហ្វិក​នេះ​កើតឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​។ សប្តាហ៍​មុន​លោក ជេ​ម ម៉ា​ទី​ស បានមក​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង ហើយ​លោក​បាន​អញ្ជើញ​ទៅកាន់​តំបន់​គ្មាន​កងទ័ព (DMC) ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​ផង​។ នៅ​ទីនោះ​លោក បាន​អះអាងថា​អាមេរិក​គ្មាន​គោលដៅ​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ឡើយ ហើយ​អាមេរិក​នៅ​បន្ត​ប្រើប្រាស់​វិធានការ​ការទូត​ដើម្បី​បន្ថយ​ភាព​តានតឹង និង​ដោះស្រាយ​វិបត្តិ​។ ប៉ុន្តែ​ទោះជា​បែបណាក៏ដោយ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បាន​ព្រមាន​ថា បើ​មានការ​វាយប្រហារ​ពី​សំណាក់​កូរ៉េខាងជើង​មែន អាមេរិក​នឹង​ប្រើប្រាស់​កម្លាំងយោធា​ទ្រង់ទ្រាយ​ធំ​មិន​ខាន​។ 
 
​ទីភ្នាក់ងារ​កូរ៉េខាងត្បូង Yonhap បាន​ផ្សាយ​ថា ក្រុង​សេ​អ៊ូ​ល​បានបង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ទទួល​ឲ្យ​អាមេរិក​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ក្នុង​ទឹកដី​ខ្លួន​ដែរ ក្នុងពេល​លោក ម៉ា​ទី​ស ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​នោះ​។ ការពង្រាយ​អាវុធ​នេះ​អាច​ធ្វើឡើង​បាន​ក្នុងពេល​ចាំបាច់​ផងដែរ​។​
 
-​យន្តហោះទម្លាក់គ្រាប់​ហោះ​មក​អាស៊ី​មុន​ដំណើរ​ទស្សនកិច្ច​លោក ដូ​ណា​ល់ ត្រាំ​
 
​គេ​កត់សម្គាល់​ឃើញថា ការពង្រាយ​សព្វាវុធ​យុទ្ធសាស្ត្រ​មក​ក្នុង​តំបន់​នេះ​កើតឡើង ដំណើរ​ទស្សនកិច្ច​រប​ស់លោក ដូ​ណា​ល់ ត្រាំ មកកាន់​តំបន់​អាស៊ី​ជា​លើកដំបូង​នៅ​សប្តាហ៍​នេះ​។  
 
​តាមពិតទៅ ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​មកកាន់​តំបន់​អាស៊ី​នៅមុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី ជាការ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​មាន​កូរ៉េខាងត្បូង និង​ជប៉ុន​ជាដើម​ផង​។ 
 
​ការបញ្ជូន​សព្វាវុធ​យុទ្ធសាស្ត្រ​ប្រភេទ​នេះ​ជា​ចេតនា​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​កំញើញ​ក្រុង​ព្យុងយ៉ាង​ដែល​បន្ត​បង្ករឿង​ដោយ​បាញ់​សាកល្បង​មី​ស៊ី​ល​ឥតឈប់ឈរ​នោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​របប​ដឹកនាំ​កូរ៉េខាងជើង​ក៏​គំរាម​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក និង​អួតអាង​ថា ខ្លួន​មាន​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ដី​អាមេរិក​ថែមទៀត​។​
 
 ត្រឡប់មកវិញ​លោក ត្រាំ នឹង​ផ្តើម​ទស្សនកិច្ច​នេះ​ដោយ​អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន មុន​បន្តទៅ​ចិន និង​កូរ៉េខាងត្បូង ហើយ​ប្រធានបទ​ជាច្រើន​ដែល​នឹងត្រូវ​យកមក​ពិភាក្សា​ជាពិសេស​បញ្ហា​សន្តិសុខ​តំបន់​តែម្តង​។ លោក​នឹង​ជួប​ជាមួយ​លោក ស៊ីន​ហ្សូ​អា​បេ ដោយ​មេដឹកនាំ​ទាំងពីរ​នឹង​ចំណាយពេល​ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផងដែរ​។​
 
​នៅ​ចិន លោក ត្រាំ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី ស៊ី ជិន​ភីង ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​សន្តិសុខ​តំបន់​ដូចគ្នា​ដែរ​។ មេដឹកនាំ​អាមេរិក​នឹង​លើកយក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ដាក់​លើ​តុ​ពិភាក្សា និង​ជំរុញ​ឲ្យ​ចិន​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​នេះ​បន្ថែម​ទៀតផង​។ 
 
​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង លោក ត្រាំ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​លោក មូ​ន ចេ​អ៊ី​ន ហើយ​កិច្ចពិភាក្សា​នេះ​ក៏​សុទ្ធតែ​ផ្តោតលើ​បញ្ហា​សន្តិសុខ​តំបន់​ដូចគ្នា​។ ប៉ុន្តែ​អ្វីដែល​សំខាន់ លោក ត្រាំ មិន​អញ្ជើញ​ទៅ​តំបន់​គ្មាន​យោធា​នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ​ឡើយ​។ ជំនួស​មកវិញ​លោក ត្រាំ ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​អាមេរិក​នៅ​ក្រុង​សេ​អ៊ូ​ល​វិញ​៕
 
 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  B-2
  កូរ៉េខាងជើង​
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com