ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ ច័ន្ទ​រ័ត្ន ថា មិនទាន់​ឃើញ​សកម្មភាព​លោក ម៉ៅ មុនី​វណ្ណ ក្បត់បក្ស​
31, Oct 2017 , 10:18 am        
រូបភាព
លោក ម៉ៅ មុនីវណ្ណ ឆ្លើយតបសំនួររបស់អ្នកកាសែតនៅមុខតុលាការ នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៧
លោក ម៉ៅ មុនីវណ្ណ ឆ្លើយតបសំនួររបស់អ្នកកាសែតនៅមុខតុលាការ នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៧
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា គណបក្ស​មិនទាន់​ឃើញ​សកម្មភាព​ក្បត់បក្ស​របស់លោក ម៉ៅ មុនី​វណ្ណ ឡើយ​។ ការលើកឡើង​នេះ ក្រោយពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចោទ​លោក ម៉ៅ មុនី​វណ្ណ ជា​សាធារណៈ​ថា កំពុងមាន​គម្រោង​ធ្វើ​បក្ស​ប្រហារ​។ សម្រាប់​លោក ម៉ៅ មុនី​វណ្ណ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ បើទោះជា​មានការ​ចោទ​របស់លោក សម រង្ស៊ី បែបនេះ​ក្តី​។



​ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ក្តីក្ដាំ​រឿង​រំលាយ​បក្ស​នោះ ស្រាប់តែ​ពេលនេះ​ផ្ទុះ​ព័ត៌មាន​បែកបាក់​ផ្ទៃក្នុង​បក្ស​កើតឡើង​។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​សារ​នយោបាយ​ពី​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី តាមរយៈ​វីដេអូ​ឃ្លី​ប ៨​នាទី ដោយ​លោក​បាន​ចោទប្រកាន់​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ថា​ក្បត់​​បក្ស ដោយ​រៀបចំ​គម្រោង​ធ្វើ​បក្ស​ប្រហារ​។
អត្ថបទទាក់ទង

​ប៉ុន្តែ​មកដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ ជំទាស់​ឬ​យល់​ស្របតាម​ការលើកឡើង​របស់លោក សម រង្ស៊ី ដែល​បាន​ចោទ​លោក ម៉ៅ មុនី​វណ្ណ ក្បត់បក្ស​ឡើយ​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន តប​នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី នៅមុខ​តុលាការ​កំពូល​ថា លោក​មិនទាន់​ឃើញ​សកម្មភាព​ញុះ​ញង់ ឬ​បំបែកបំបាក់​គណបក្ស របស់លោក ម៉ៅ មុនី​វណ្ណ ដែលមាន​បំណង​ធ្វើ​បក្ស​ប្រហារ​នោះទេ។

​តែ​យ៉ាងណា​លោក អ៊ូ ច័ន្ទ​រ័ត្ន ហាក់​មិន​បដិសេធ​ដាច់​អហិ​ង្កា​រ ចំពោះ​ការចោទប្រកាន់​របស់លោក សម រង្ស៊ី ដែរ ។ លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ចូលរួម​តាមដាន​សំណុំរឿង​ឯកឧត្តម កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​៣១ តុលា​នេះ ចាត់ទុក​សម្តី​លោក សម រង្ស៊ី គឺជា​ការ​ដាស់តឿន​ស្មារតី​របស់​តំណាងរាស្ត្រ និង​សមាជិក​គណបក្ស ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ​លោក ម៉ៅ មុនី​វណ្ណ ដែល​បាន​ចូលរួម​សំណុំរឿង​ឯកឧត្តម កឹម សុខា នៅមុខ​តុលាការ​ដែរនោះ មិនបាន​ឆ្លើយតប​អ្វី​ច្រើន ចំពោះ​ការចោទប្រកាន់​របស់លោក សម រង្ស៊ី ឡើយ​។ លោក ម៉ៅ មុនី​វណ្ណ គ្រាន់តែ​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ បើទោះជា​មានការ​ចោទ​របស់លោក សម រង្ស៊ី បែបនេះ​ក្តី​។ លោក ម៉ៅ មុនី​វណ្ណ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកវាយតម្លៃ​លើ​សកម្មភាព​របស់ខ្លួន ចំពោះ​ការចោទប្រកាន់​របស់លោក សម រង្ស៊ី នេះ ។​



​ទាក់ទង​នឹង​ភាពចម្រូងចម្រាស​របស់​លោក ម៉ៅ មុនី​វណ្ណ នេះ​ធ្លាប់​ត្រូវបាន​ផ្សព្វផ្សាយ​កន្លងមក តាមរយៈ​សម្តី​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អះអាងថា លោក ម៉ៅ មុនី​វណ្ណ គឺជា​មនុស្ស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​បញ្ហា​នេះ​ធ្លាប់​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ច្រានចោល​ដែរ​។​

​ប៉ុន្តែ​បញ្ហា​ចម្រូងចម្រាស​គណបក្ស​ស​ង្គ្រោះ​ជាតិ ស្រប​ពេលដែល​តុលាការ​កំពូល នឹង​ជំនុំជម្រះ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​កំណត់​ជោគវាសនា​គណបក្ស​សង្គ្រោះ​ជាតិ​។ តុលាការ​កំពូល​បាន​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូលរួម​តតាំង ក្នុង​សវនាការ ៕


Tag:
 អ៊ូ ច័ន្ទ​រ័ត្ន ​
 ​ ម៉ៅ មុន្នី​វណ្ណ​
 ​ សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com