ជាតិ
បទវិភាគ
EU និយាយភ្ជាប់រឿងអនុគ្រោះពន្ធពាណិជ្ជកម្ម ក្នុងសំណើសុំឲ្យដោះលែងមេបក្សប្រឆាំង រូបពីហ្វេសប៊ុកក្រសួងការបទេស៖ គណប្រតិភូសហភាពអឺរ៉ុប(ឆ្វេង) ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន (ស្ដាំ) កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៧
× ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុប បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយបញ្ឈប់ការប៉ុនប៉ងរំលាយបក្សប្រឆាំងមួយនេះ។ ការស្នើរបស់ប្រតិភូសហភាពអឺរ៉ុបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងមន្ត្រីរដ្ឋាភិបាលជាច្រើនផ្សេងទៀត។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនោះ ប្រធានគណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុបលោក Werner Langen បានបង្ហាញកង្វល់យ៉ាងខ្លាំង ចំពោះការវិវត្តនៃបញ្ហាសិទ្ធិមនុស្ស និងនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា។ ប្រធានគណប្រតិភូសហភាពអឺរ៉ុបរូបនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយបញ្ឈប់ការប៉ុនប៉ងរំលាយបក្សប្រឆាំងមួយនេះ។ ជាពិសេសសម្រួលឲ្យគណបក្សប្រឆាំង អាចមានសកម្មភាពដោយសេរីដូចដើម រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលផងដែរ ដើម្បីអាចឲ្យការបោះឆ្នោតនាឆ្នាំក្រោយនេះ ទទួលបានភាពត្រឹមត្រូវ សេរី និងមានតម្លាភាព។
សេចក្តីថ្លែងការណ៍សហភាពអឺរ៉ុប ដែលបានស្រង់សម្តីលោក Werner Langen ស្នើទៅថ្នាក់ដឹកនាំរដ្ឋាភិបាល កាលពីថ្ងៃទី៣០-៣១ តុលានោះ ដោយអមជាមួយសាររំឮកដល់កម្ពុជាយ៉ាងដូច្នេះថា៖«រដ្ឋាភិបាលកម្ពុជាគួរតែដឹងថា សភាសហភាពអឺរ៉ុប គឺជាអ្នកតែងច្បាប់ពាក់ព័ន្ធនឹងកញ្ចប់ថវិកា និងបញ្ហាពាណិជ្ជកម្មដែរ។ ដូច្នេះការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា វាអាចប៉ះពាល់ដល់ដំណើការកម្មវិធីជំនួយអភិវឌ្ឍ និងការអនុគ្រោះពន្ធពាណិជ្ជកម្មនៅកម្ពុជាផងដែរ»។
បន្ថែមពីនេះលោក Werner Langen បានរំឮកពីទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលនាំឲ្យការអភិវឌ្ឍកម្ពុជា មានរីកចម្រើនទាំងវិស័យអប់រំ និងផ្នែករដ្ឋបាលសាធារណៈ។ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សលើផ្នែកពាណិជ្ជកម្ម ក្រោមការអនុគ្រោះទូទៅ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ដល់កម្ពុជា ពីសំណាក់សហភាពអឺរ៉ុប។ «កម្ពុជាមានការកើនឡើងនូវការនាំចេញទំនិញ ទៅកាន់ទីផ្សារបស់អឺរ៉ុបយ៉ាងធំសម្បើម ដោយអត្រានៃការរីកចម្រើននេះ គួរឲ្យចាប់អារម្មណ៍ផងដែរ ដែលអមជាមួយនឹងដំណើការច្បាស់លាស់នៃការប្រឆាំងភាពក្រីក្រ»។ នេះជាការលើកឡើងរបស់ប្រធានគណប្រតិភូសហភាពអឺរ៉ុប។
ឆ្លើយតបនឹងការលើករបស់ប្រតិភូសហភាពអឺរ៉ុបនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទទួលស្គាល់ថា ការបើកទីផ្សាអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះទូទៅ «អ្វីៗទាំងអស់លើកលែងតែអាវុធ» នេះ ជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការលើកស្ទួយជីវភាពរបស់ប្រជាជន តាមរយៈការបង្កើតការងាររាប់ពាន់ដល់ពលករកម្ពុជា ដែលបានបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ក្រុមគ្រួសារ។ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា ដែលបានស្រង់សម្ដីលោក ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖«សង្ឃឹមថាទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងពេលអនាគត»។
ចំពោះបញ្ហានយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាវិញ លោក ប្រាក់ សុខុន បានពន្យល់ប្រាប់ទៅប្រធានប្រតិភូសហភាពអឺរ៉ុបថា ករណីកាសែតThe Cambodia Daily ការបិទអង្គការNDI និងករណីចាប់ខ្លួនប្រធានគណបក្សប្រឆាំងឯកឧត្តម កឹម សុខា គឺជាវិធានការដែលធ្វើឡើងស្របច្បាប់ជាធរមាន ក្នុងគោលដៅពង្រឹងនីតិរដ្ឋ និងការពារឯករាជ្យ អធិបតេយ្យភាពកម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
អ្នកវិភាគ យល់ឃើញថា សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងអាមេរិកជាបន្តបន្ទាប់នេះ គឺជាភាសាការទូត ដែលតម្រូវឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ដើម្បីកុំឲ្យប្រឈមមុខនឹងការបាត់បង់ចំណូលពីទីផ្សារអឺរ៉ុប និងអាមេរិក ដែលកម្ពុជានាំចូលប្រមាណជា៧០០០លានដុល្លារក្នុងមួយឆ្នាំ ៕
© រក្សាសិទ្ធិដោយ thmeythmey.com