អន្តរជាតិ
នយោបាយអន្តរជាតិ
ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់ H-6K ទៅក្បែរមូលដ្ឋានទ័ពអាមេរិកលើកោះហ្គាម
× ក្រុងប៉េកាំងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ H-6K ទៅជិតដែនអាកាសអាមេរិកក្បែរមូលដ្ឋានទ័ពកោះហ្គាមកាលពីថ្ងៃអង្គារ។ កងទ័ពអាមេរិកបានអះអាងយន្តហោះទម្លាក់គ្រាប់ចិនហើរមកក្បែរដែនអាកាសខ្លួនជាញឹកញាប់ ដែលវាអាចបង្កការគំរាមកំហែងខ្លាំងដល់សន្តិសុខអាមេរិកផង។
ថ្ងៃអង្គារកន្លងទៅ យន្តហោះទម្លាក់គ្រាប់បែករបស់ចិនម៉ាក H-6K បានហោះហើរនៅក្បែរទឹកដីអាមេរិកកោះហ្គាម។ មន្ត្រីយោធាអាមេរិកនៅទីនោះបានចាត់ទុកថា សកម្មភាពរបស់ចិនអាចបង្កការគំរាមកំហែងខ្លាំងនិងរយៈពេលវែងនៅពេលអនាគតផង។
សារព័ត៌មានយោធា Defense News ស្រង់សម្តីន្ត្រីអាមេរិកម្នាក់ដែលមិនបង្ហាញអត្តសញ្ញាណដូច្នេះថា៖« វាជារឿងធម្មតាសម្រាប់យន្តហោះចិនដែលពើបប្រទះយន្តហោះអាមេរិកនៅពេលបច្ចុប្បន្ន។ ចិនកំពុងព្យាយាមសាកល្បងប្រតិបត្តិការវាយប្រហារលើកោះហ្គាម»។
តាមពិតទៅយន្តហោះ H-6K ជាប្រភេទយន្តហោះយុទ្ធសាស្ត្រទម្លាក់គ្រាប់បែកដែលបានចូលបម្រើកងទ័ពជាផ្លូវការក្នុងឆ្នាំ ២០០៩ ហើយវាត្រូវបានគេរចនាឡើងដើម្បីប្រតិបត្តិការក្នុងរយៈចម្ងាយឆ្ងាយ និងអាចវាយប្រហារបានក្នុងពេលប្រឈមមុខគ្នាបន្ទាន់បង្ខំ។ មានការវាយតម្លៃថា យន្តហោះនេះមានសមត្ថភាពវាយប្រហារលើកងនាវាចម្បាំងអាមេរិកដែលបំពេញប្រតិបត្តិការនៅអាស៊ីថែមទៀត។
យន្តហោះនេះអាចបំពេញប្រតិបត្តិការសឹកក្នុងរយៈចម្ងាយ ២០០០គីឡូម៉ែត្រ ហើយមីស៊ីលដែលបំពាក់លើយន្តហោះនេះមានរយៈចម្ងាយឆ្ងាយរហូតដល់ ៤០០០គីឡូម៉ែត្រទៀត។ កន្លងមកយន្តហោះទម្លាក់គ្រាប់ប្រភេទនេះត្រូវបានប្រើប្រាស់ដើម្បីល្បាតនៅ Scarborough Shoal ដែលស្ថិតនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងផងដែរ។
ទោះជាបែបណាក្តី ការហោះហើរនិងពើបប្រទះគ្នារវាងយន្តហោះចម្បាំងអាមេរិក និងចិនជាច្រើនដងមកនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ឬការប៉ះទង្គិចគ្នាអ្វីទេ។ ម្យ៉ាង ទំនាក់ទំនងរវាងយោធាមហាអំណាចទាំងពីរនៅតែបើកចំហរ ហើយភាគីទាំងពីរបន្តមានកិច្ចប្រជុំពិភាក្សាគ្នារហូតដល់ពីរដងក្នុងមួយឆ្នាំតាមរយៈសន្និសីទកិច្ចព្រមព្រៀងប្រឹក្សាយោធាយោធាដើម្បីពិភាក្សាគ្នាពីបញ្ហាសន្តិសុខផង៕
Tag:
ចិន
អាមេរិក
ហ្គាម
សមុទ្រចិនខាងត្បូង
H-6K
© រក្សាសិទ្ធិដោយ thmeythmey.com