ជាតិ
សង្គមជាតិ
លោក ប៊ូ ជុំសេរី ថា មិនមានកីឡាករបាត់បង់ជីវិត ដោយសារការលិចទូកឡើយ រូបពីហ្វេសប៊ុកលោក ប៊ូ ជុំសេរី ប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូក
× ភ្នំពេញ៖ ដូចរៀងរាល់ឆ្នាំ នៅក្នុងការប្រកួតប្រណាំងទូក តែងតែមានការលិចទូក។ ជាក់ស្ដែងនៅក្នុងពិធីប្រណាំងទូក នៅព្រឹកថ្ងៃទី២ វិច្ឆិកានេះ ក៏មានទូកមួយចំនួនលិចដែរ ប៉ុន្តែត្រូវបានក្រុមអ្នកចាំជួយសង្គ្រោះ អន្តរាគមន៍ជួយទាន់ពេលវេលា ហើយមិនបង្កឲ្យមានការបាត់បង់ជីវិតឡើយ។
លោក ប៊ូ ជុំសេរី ប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូក បានប្រាប់ព័ត៌មានបឋមដល់សារព័ត៌មានថ្មីៗថា ទូក «ង»ចំនួន ៣ទូក បានលិចនៅពេលកំពុងប្រណាំង ក្នុងពិធីបុណ្យអុំទូក នាថ្ងៃទីដំបូងនេះ។ ប៉ុន្តែបើតាមលោក ប៊ូ ជុំសេរី ការលិចទូកនេះ មិនមានការបាត់បង់អាយុជីវិតរបស់កីឡាករប្រណាំងទូក ង ឡើយ ដោយមានក្រុមចាំជួយសង្គ្រោះជួយទាន់ពេល។
ប្រធានគណៈកម្មការរៀបចំប្រណាំងទូក ង បានបញ្ជាក់ដូច្នេះថា «មានទូក ង ៣ កំពុងប្រណាំងបានលិច។តែនេះជារឿងធម្មថា ហើយមិនមានអ្នកបាត់បង់ជីវិតទេ ដោយសារមានក្រុមចាំជួយសង្គ្រោះបន្ទាន់»។
គូសបញ្ជាក់ថា ទូក ង ចូលរួមប្រណាំងចំនួន ២៧០ទូក មកពី ១៥ខេត្ត និង៦ស្ថាប័ន ក្នុងការប្រណាំងទូកង នេះ មានទូកអុំបុរសខ្នាតអន្តជាតិ ៨១គូ និងនារី៣គូ ហើយនិងទូកខ្នាតធម្មតាមានចំនួន ១៥៧ទូក ក្នុងចំណោមនេះទូកចំនួន ៨១ទូកជាគូពិសេស និងទូកចែវបុរសនារីចំនួន ២៩ទូក ហើយមានចំណុះទូកសរុប ១៧,៨២៦នាក។ ដោយឡែកមិនមានទូកផ្នែកបរទេសចូលរួមប្រណាំងឡើយនៅឆ្នាំនេះ។ ព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕
Tag:
ប៊ូ ជុំសេរី
បុណ្យទូក
© រក្សាសិទ្ធិដោយ thmeythmey.com