អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ គ្រោងរុះរើគណៈរដ្ឋមន្ត្រីជាលើកទីបួន
× ប្រមុខរបបសឹកថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា កំពុងតែពិចារណាក្នុងការផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលរបស់លោកជាថ្មីម្តងទៀត ។ តាមរយៈការផ្លាស់់ប្តូរលើកនេះ លោកឧត្តមសេនីយ៍គ្រោង បញ្ចូលសមាសភាពមន្ត្រីស៊ីវិល និងកាត់បន្ថយមន្ត្រីដែលមានសាវតាចេញពីស្ថាប័នយោធាក្នុងតួនាទីជាន់ខ្ពស់ ។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា នៅថ្ងៃ២ វិច្ឆិកា បានឲ្យដឹងថា លោក នឹងរុះរើគណៈរដ្ឋមន្ត្រីជាលើកទីបួននៅចុងឆ្នាំនេះ ។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រាប់ដល់អ្នកពាក់ព័ន្ធទាំងអស់កុំមានការព្រួយបារម្ភ ដ្បិត នេះ គ្រាន់តែជាកិច្ចការរដ្ឋបាលប៉ុណ្ណោះនោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។
តាមប្រភពព័ត៌មានដដែលនោះ លោកឧត្តមសេនីយ៍ប្រមុខរបបសឹក ក៏បានបញ្ជាក់ដែរថា លោក ក៏កំពុងតែពិចារណាក្នុងការកាត់បន្ថយមន្ត្រីយោធា ដោយដាក់មន្ត្រីស៊ីវិលជំនួសវិញ ។ កន្លងមក ក្នុងសមាសភាពគណៈមន្ត្រី ភាគច្រើនរបស់លោក មានសាវតាជាយោធា ។
សូមជម្រាបផងដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារយោធាទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ នៅថ្ងៃ២២ ឧសភា ឆ្នាំ២០១៤ ។ ក្នុងនាមជាប្រមុខរបបសឹក លោកនាយករដ្ឋមន្ត្រី បានសន្យាកែទម្រង់ និងស្តារស្ថានភាពប្រទេសដែល លោក បានចោទអតីតមេដឹកនាំមុនធ្វើឲ្យប្រះឆា វិលមករកលក្ខណៈល្អប្រសើរវិញ ។
អ្វីគួរកត់សម្គាល់ ការបង្ហាញពីផែនការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហាក់ដូចជាកៀកបន្តិចជាមួយនឹងកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ថៃតាមរយៈលក្ខណៈប្រជាធិបតេយ្យ ។ ថ្មីៗនេះ លោកប្រាយុទ្ធ ទើបតែបានប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោត ដោយលោកសម្រេច រៀបចំនៅឆ្នាំ២០១៨ខាងមុខនេះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com