បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
នារីបែបណាដែលបុរសមានចំណេះដឹងប្រាថ្នាជាគូអនាគត?
× ភ្នំពេញ៖ ស្មោះត្រង់ មានចំណេះដឹង និងគំនិតប្រហាក់ប្រហែលគ្នា រូបសម្បត្តិសមរម្យ ចរិយាមារយាទល្អ ព្រមទាំងចេះចាត់ចែងការងារក្នុងផ្ទះ គឺជាបុគ្គលិកលក្ខណៈរបស់នារី ដែលបុរសមានចំណេះដឹងទាំងឡាយនាសម័យបច្ចុប្បន្នប្រាថ្នាជាគូអនាគត។ នៅក្នុងបទយកការណ៍នេះ ក៏មានបុរសដែលនៅមានជឿជាក់លើនិស្ស័យ និងត្រូវតែស្វែងយល់ពីដៃគូរបស់គេ មុនដល់ថ្ងៃរៀបការ ដើម្បីរួមរស់នៅជាមួយគ្នាពេញមុខមាត់តាមច្បាប់ដែរ។ បុរសៗក៏លើកឡើងព្រមៗគ្នាថា ការជ្រើសរើសដៃគូជីវិតដោយខ្លួនឯង ជារឿងដែលយុវជនជំនាន់ក្រោយគួរតែធ្វើ មិនចាំបាច់រើសតាមគ្រួសារដូចជំនាន់មុនទៀតឡើយ។
នារីដែលលោក ឈុន ពិសិដ្ឋ ប្រាថ្នាជានារីដែលមានទេពកោសល្យ ឬមានគំនិតក្នុងការធ្វើអាជីវកម្ម។ ការកំណត់លក្ខណៈសម្បត្តិផ្តោតលើចំណុចនេះ ដោយសារតែប្រធានផ្នែកទីផ្សានៅក្រុមហ៊ុនឱសថឯកជនរូបនេះ កំពុងតែប្រកបអាជីវកម្មផ្ទាល់ដែរ ដូច្នេះបុរសវ័យ៣៥ឆ្នាំរូបនេះ ត្រូវការនារីដែលមានគំនិតរឿងរកស៊ីដូចខ្លួន។ ចំណែកឯ ចរិតលក្ខណៈ រូបសម្បត្តិសមរម្យ ការចាត់ចែងការងារចង្ក្រានឆ្នាំង ជារឿងបន្ទាប់បន្សំ។ នេះបើតាមបុរសដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបនេះ។ លោកឈុន ពិសិដ្ឋ បន្ថែមដូច្នេះ៖«ខ្ញុំគិតថាទ្រព្យសម្បត្តិសម្រាប់ខ្ញុំ គឺខ្ញុំមានសមល្មមហើយ ដូច្នេះខ្ញុំក៏ចង់ជ្រើសរើសនារីម្នាក់ដែលអាចជួយថែរក្សាគ្រួសាររបស់ខ្ញុំបាន ហើយមានចិត្តល្អជាមួយមនុស្សទូទៅ និងម្ចាស់ការលើខ្លួនឯង»។
មានរូបសម្បត្តិសមរម្យ មានចំណេះដឹង និងអាយុប្រហាក់ប្រហែលគ្នា ព្រមទាំងស្រលាញ់គ្រួសារទាំងសងខាងស្មើៗគ្នា គឺជា នារី ដែល លោកយឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល បានជ្រើសរើស និងសម្រេចចិត្តរៀបការជាមួយគ្នា ក្រោយពីបានស្វែងយល់ពីគ្នាបន្ថែម៥ឆ្នាំរួចមក។ ដ្បិតតែទទួលស្គាល់ថា ទ្រព្យសម្បត្តិជារឿងសំខាន់ ប៉ុន្តែលោក មិនបានផ្តល់តម្លៃលើទ្រព្យហួសហេតុនោះទេ ពីព្រោះបេះដូង និងទឹកចិត្តស្មោះត្រង់ រួមទាំងអត្តចរិតរបស់ភរិយាលោក សំខាន់ជាងលុយកាក់ខ្លាំងណាស់។ នេះជាការបពន្យល់របស់ លោក សុធារ៉ា ដែលបន្តរៀបរាប់ទាំងញញឹមញញែមទៀតថា៖«ក្រោយចំណាយពេលសិក្សាពីគ្នារយៈពេល៥ឆ្នាំទើបខ្ញុំរៀបការនិងគាត់ ហើយរយៈពេលមួយឆ្នាំពេញខ្ញុំបានធ្វើការបន្ថែម និងចាយវាយត្បិតត្បៀតដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់រៀបការ។ មកទល់ពេលនេះ ជីវិតគ្រួសាររបស់ខ្ញុំពិតជាមានសុភមង្គល ហើយខ្ញុំក៏ជិតក្លាយទៅជាប៉ារបស់គេឆាប់ៗនេះដែរ»។
ចំណែក លោក សាស្ត្រាចារ្យ ណុច រ៉ាម៉ូ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីប្រទេសបារាំង បានបញ្ជាក់ថា នារីដែលលោកស្រឡាញ់ ជាអ្នកដែលស្មោះត្រង់ និងមានចំណេះដឹងប្រហាក់ប្រហែលគ្នា និងអាស្រ័យលើនិស្ស័យដែរ។ សាស្ត្រាចារ្យវ័យជាង ៣០ឆ្នាំរូបនេះពន្យល់ដូច្នេះ៖« រឿងគូជីវិតគឺអត់មានការតាំងចិត្តជ្រើសរើសឲ្យច្បាស់ទេ ឬអាចជួបចៃដន្យក៏ថាបាន បានន័យថាអាស្រ័យទៅលើនិស្ស័យ នៅពេលខ្លះ ទោះជាយើងបានជួបជាមួយនារីដែលមានគ្រប់យ៉ាង ដូចដែលយើងចង់បានក៏ដោយ តែបើមិនមាននិស្ស័យនឹងគ្នា ក៏មិនអាចស្រលាញ់គ្នាជាគូជីវិតបានដែរ»។
ក្រៅពីមាននិស្ស័យជាមួយគ្នា សម្រាប់លោក រ៉ាម៉ូ និងដៃគូ ក៏ត្រូវសិក្សាពីគ្នាទៅវិញទៅមកឲ្យបានច្បាស់លាស់ដែរ គឺរាប់ចាប់ពីពេលចាប់ផ្ដើម រហូតដល់ថ្ងៃដែលយើងយល់ថាអាចរៀបការរួមរស់នៅជាមួយគ្នាតែម្តង។ សាស្ត្រាចារ្យដដែល ក៏ចង់ឲ្យយុវជនជ្រើសរើសគូជីវិតដោយខ្លួនឯងដែរ មានន័យថា រើសនារីដែលពួកគេស្រលាញ់ពេញចិត្ត មិនរើសតាមគ្រួសារនោះទេ ហើយបើទោះជាគ្រួសារជាអ្នករៀបចំឲ្យ ក៏នៅតែត្រូវសិក្សាពីគ្នាឲ្យបានច្បាស់ដែរ មុននឹងសម្រេចចិត្តថារៀបការជាមួយគ្នា។
ជារួម ភាពស្មោះត្រង់ ចំណេះដឹង អត្តចរិតល្អ និងចាត់ចែងការងារក្នុងផ្ទះ គឺជាលក្ខណៈសម្បត្តិរបស់នារីៗ ដែលបុរសមានការសិក្សាសមល្មមជំនាន់នេះ ភាគគច្រើនចង់បាន។ ក្រៅពីនេះ ក៏មានដែរ ការមានគំនិតប្រហាក់ប្រហែលគ្នា អាយុស្របាលគ្នា និងរូបសម្បត្តិសមរម្យ ជាភាពទាក់ទាញគួបផ្សំដែលបុរសៗត្រូវពិចារណាមុននឹងសម្រេចរៀបការដើម្បីរស់នៅជាមួយគ្នាដោយស្របច្បាប់៕
Tag:
យុវវ័យ
បុរស
នារី
គូស្រករ
© រក្សាសិទ្ធិដោយ thmeythmey.com