ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ CNRP ជាង​១០០​នាក់ ប្រឈម​អស់សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ​?
04, Nov 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ បើតាម​ការលើកឡើងរ​បស់​សម្តេច ហ៊ុន សែន គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ជៀសផុត​ពី​ការ​រំ​លោ​យ​ចោល​នោះទេ​។ សម្តេច ហ៊ុន សែន ព្រមាន​បន្ថែមថា គ្រោះ​រឹតតែ​ធ្ងន់ធ្ងរ​សម្រាប់​គណបក្ស​ស​ង្គ្រោះ​ជាតិ  គឺ​ការបិទ​សិទ្ធិ មិន​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ថែមទៀត​។



​ថ្នាក់ដឹកនាំ​ប្រមាណ​៣០​នាក់ ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ថ្នាក់ដឹកនាំ​ប្រមាណ​៩០​នាក់​ទៀត ក្នុង​គណៈកម្មាធិការ​នា​យក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្នុងករណី​គណបក្ស​នេះ ត្រូវបាន​តុលាការ​កំពូល រំលាយចោល នាពេលខាងមុខ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២0១៧​។​

​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ សង្កត់ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖«​រឿងនេះ មិនមែន​មានតែ​ក្នុងប្រទេស​កម្ពុជា​ទេ​។ ប្រទេស​ច្រើនណាស់ ដែល​គេ​ធ្វើ ព្រោះ​បញ្ហា​នេះ ជា​ប្រព័ន្ធ​។ មេធាវី​របស់​យើង បាន​ប្រុងប្រៀប​ខ្លួន​រួចហើយ ដើម្បី​ទាមទារ​នូវ​អ្វីដែល​ចាំបាច់​ត្រូវ​ទាមទារ ទាក់ទិន​នឹង​ការរំលាយ​បក្សនយោបាយ​ចោល និង​ការ​កាត់​សិទ្ធិ​នយោបាយ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នា​យក​។ អ្នក​ទាំងឡាយ ដែលមាន​ឈ្មោះ ក្នុង​គណៈកម្មាធិការ​នា​យក [​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​] នឹងត្រូវ​បាត់បង់​សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​»​។

​ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ស្រប​នឹង​ការទាមទារ​របស់​ក្រសួងមហាផ្ទៃ​។ ក្រសួងមហាផ្ទៃ បានទាមទារ​ឲ្យ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ហើយ​ហាមឃាត់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

​មាត្រា​៤៥ ត្រង់​កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ក្រែ​ប្រែ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចែងថា​៖« [….] ក្នុងករណី ដែល​គណបក្សនយោបាយ​ត្រូវបាន​រំលាយ តុលាការ​[​កំពូល​] អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​
​បច្ចុប្បន្ន សមាជិក​សរុប​នៅក្នុង​បញ្ជី​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​១២៥​រូប​។

​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន បានបង្ហាញ​ជំនឿ​សាជាថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយចោល មុន​ការកាត់ទោស​ឯកឧត្តម កឹម សុខា ដែលជា​ប្រធាន ទៅទៀត​។ សម្តេច ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិនបើ​ចង់​រក្សា​តំណែង​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ តុលាការ​កំពូល នឹង​បើកសវនាការ ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ដោយ​ក្រសួងមហាផ្ទៃ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ជា​អ្នកស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល​៕


Tag:
 CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com