ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី នៅតែ​ជឿជាក់ថា CNRP មិនអាច​ត្រូវបាន​រំលាយ​ឡើយ
05, Nov 2017 , 11:32 am        
រូបភាព
លោក សម រង្ស៊ី ថ្លែងទៅកាន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២0១៧។ រូបភាពពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី ថ្លែងទៅកាន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២0១៧។ រូបភាពពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខណៈ​សម្តេច ហ៊ុន សែន អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ លោក សម រង្ស៊ី ក៏​ចេញមក​និយាយថា ទៅ​មិន​រួច​។ ពេល​សម្តេច ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក សម រង្ស៊ី ប្រាប់​វិញ​ថា កុំទៅ​ចុះចូល ព្រោះ​ធ្វើ​ឲ្យ​ខ្លួន​អស់​តម្លៃ​។

 


​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស នៅតែ​ប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ធ្លាប់​ដឹកនាំ​ពីមុន មិនអាច​ត្រូវបាន​រំលាយ​នោះទេ​។ លោក សម រង្ស៊ី និយាយ​បែបនេះ​ថា​៖«​លោក ហ៊ុន សែន ថា​តិច​ទៀត គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ភរ​សុទ្ធ​បងប្អូន អត់​មាន​រំលាយ​ទេ​។ ទៅ​អត់​រួច​ទេ​»​។

​លោក សម រង្ស៊ី យក​សម្ពាធ​អន្តរជាតិ ធ្វើជា​ហេតុផល ដែល​អះអាងថា តុលាការ​កំពូល​នៅ​កម្ពុជា មិនអាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​លោក សង្កត់ធ្ងន់ថា សហគមន៍​អន្តរជាតិ នៅតែ​ទទួលស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។

​ការអះអាង​របស់លោក សម រង្ស៊ី ធ្វើឡើង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២0១៧ ក្នុងឱកាស​ដែល​លោក បាន​ពិភាក្សាតាមរយៈការភ្ជាប់វីដេអូក្នុងហ្វេស​ប៊ុក ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ២0នាក់ ដែល​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់​នៅឯ​បរទេស​ជា​បណ្តោះអាសន្ន ក្រោយ​ឯកឧត្តម កឹម សុខា ត្រូវបាន​ចាប់ខ្លួន ដោយ​ស្ថិតនៅក្រោម​ការសង្ស័យរ​បស់​តុលាការ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។ ហើយ​ការប្រកាស​របស់លោក សម រង្ស៊ី ចាត់ទុកជា​ការឆ្លើយតប​ទៅនឹង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្ហាញ​ជំនឿ​ជារឿយៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ជៀសផុត​ពី​ការរំលាយចោល​។

​លោក សម រង្ស៊ី ក៏​ព្យាយាម​ប្រើ​វោហារសាស្ត្រ ដើម្បី​ទប់ទល់​នឹង​ការអូសទាញ​របស់​សម្តេច ហ៊ុន សែន ផងដែរ ដែល​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ទៅដល់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សម រង្ស៊ី ប្រាប់​ដល់​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា កុំ​ឲ្យ​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​តែ​តំណែង ព្រោះ​ជា​ទង្វើ ដែល​នាំ​ឲ្យ​ខ្លួន​អស់​តម្លៃ​។   

​មិនតិច​ដងនោះ​ទេ ដែល​សម្តេច ហ៊ុន សែន ប្រកាសថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រំលាយ​។ ហើយក៏​លើសពី​ពីរ​ទៅ​បី​ដង​ដែរ ដែល​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ អំពាវនាវ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​សមាជិក​រដ្ឋសភា ឲ្យ​ទៅ​ចុះចូល​ជាមួយ​ខ្លួន​។ តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២0១៧ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ដូច្នេះ​៖«​ត្រូវ​ប្រញាប់ប្រញាល់​ចាកចេញ​»​។

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ខាងមុខនេះ តុលាការ​កំពូល នឹង​បើកសវនាការ ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ដោយ​ក្រសួងមហាផ្ទៃ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ជា​អ្នកស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល​។

​គណបក្ស​ទាំងពីរ​ខាងលើ ក៏ដូចជា​ក្រសួងមហាផ្ទៃ សុទ្ធតែ​យល់ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម កឹម សុខា ជុំវិញ​ការរៀបចំ​គម្រោង ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដោយមាន​អ្នកជំនាញ​ជា​ជនបរទេស​នៅចាំ​ជួយ​ពីក្រោយ​ខ្នង​។ នេះ​ជា​មូលហេតុ ដែល​ស្ថាប័ន​ទាំងបី​នោះ ចង់​ឲ្យ​តុលាការ ចាត់ការ​លើ​ឯកឧត្តម កឹម សុខា ហើយ​ថែមទាំង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ទៀត​៕


Tag:
 CNRP
  CPP
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com