ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក វុទ្ធី មុនី​រ័ត្ន បណ្ឌិត​ជំនាញ​ធនធានទឹក​ក្រោម​ដី ចែករំលែក​បទពិសោធ​ន៍​សិក្សា​នៅ​ជប៉ុន​
06, Nov 2017 , 7:59 am        
រូបភាព
លោក វុទ្ធី មុនីរ័ត្ន
លោក វុទ្ធី មុនីរ័ត្ន
ដោយ: ថ្មីៗ
​លោក វុទ្ធី មុនី​រ័ត្ន បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត ជំនាញ​ធនធានទឹក​ក្រោម​ដី ពី​សាកលវិទ្យាល័យ​ឈី​បា ប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០១០​។ បច្ចុប្បន្ន​លោក ជា​ប្រធាន​សមាគម​អតីត​និស្សិត​មកពី​ប្រទេស​ជប៉ុន និង​ជា​អគ្គនាយក​ក្រុមហ៊ុន ថៃ​វ៉ា សេ​យ​គី​(​ខេ​ម​បូ​ឌា​)​ខ​ប​ភើ​រេ​សិន ដែលមាន​រោងចក្រ​ដំឡើង​ម៉ាស៊ីនកិនស្រូវ ក៏ដូចជា​សម្ភារ​កសិក​ម្ម នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រាជធានី​ភ្នំពេញ​។



​ក្រៅពី​រៀបរាប់​ប្រាប់​ពី​ជំនាញ​ធនធានទឹក​ក្រោម​ដី​ដែល​លោក​បាន​សិក្សា លោក វុទ្ធី មុនី​រ័ត្ន បានផ្តល់​បទពិសោធន៍​ថា មុននឹង​បន្ត​ការសិក្សា ប្រទេស​ជប៉ុន ទី​១​និស្សិត​ត្រូវ​រៀន​ឲ្យ​បាន​ពិន្ទុ​ខ្ពស់ និង​សមត្ថភាព​ភាសា​អង់គ្លេស ឬ​ជប៉ុន ទី​២ យើង​គួរតែ​ដឹង​ពី​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ ទី​គួរតែ​រាប់អាន​ញាតិមិត្ត​ឲ្យ​បាន​ច្រើន ក៏ដូចជា​សិក្សា ពី​អត្តចរិត​ជនជាតិ​ជប៉ុន​។​

​សូម​អាន​បទ​សម្ភាស​រវាង លោក ទីន សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក វុទ្ធី មុនី​រ័ត្ន ដូចតទៅ​៖



​លោក ទីន សុខ​លីម​៖ ហេតុអ្វី​បាន​លោក​ជ្រើសរើស​រៀន​ជំនាញ​ធនធានទឹក​ក្រោម​ដី ខណៈ​និស្សិត​ជាច្រើន​មិនសូវ​ចាប់អារម្មណ៍​?

​លោក វុទ្ធី មុនី​រ័ត្ន​៖ កាលពី​ក្មេង​នៅមុខ​ផ្ទះ​របស់ខ្ញុំ​មាន​ទន្លេ និង​ខាងក្រោយ​មាន​បឹង​។ ខ្ញុំ​បាន​ចំណាយពេល​ជាច្រើន​ដើម្បី​រកត្រី រហូតដល់​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា ខ្ញុំ​ក៏បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ជំនាញ​ជលផល​។ បន្ទាប់មកទៀត ខ្ញុំ​បានបញ្ចប់​ការសិក្សា ជំនាញ​អក្ស​សាស្ត្រ​អង់គ្លេស ពី​វិទ្យាស្ថាន​ភាសាបរទេស​។ ក្រោយមកទៀត​ខ្ញុំ​ក៏បាន ជាប់​អាហារូបករណ៍ នៅ​ប្រទេស​ជប៉ុន​។ ដោយសារ​ពេលនោះ ខ្ញុំ​មើលឃើញថា​ផ្នែក​ខាង​ទឹក សំខាន់​ណាស់​។ ដូច្នេះ​ខ្ញុំ​ចង់​រៀន ពី​ការគ្រប់គ្រង កាកសំណល់ និង​សំរាម ដែល​ធ្វើ​ឲ្យ​កង្វក់​ទឹក​នៅតាម​បឹង និង​ទន្លេ​។ ក្រោយពី​បាន​សិក្សា​នៅ​ប្រទេស​ជប៉ុន ខ្ញុំ​ក៏បាន​ដឹងថា​ទឹក​ដែល​នៅក្រោម​ដី ច្រើន​លើសលុប ជាង​ទឹក​នៅលើ​ដី​ទៅទៀត​។ នេះ​ជា​ប្រភពទឹក​ដែល​យើង​អាច​ប្រើប្រាស់ ជា​និរន្ត​ន៍​បាន​។ កន្លែង​ណា ក៏មាន​ទឹក​ដែរ និង​គ្រាន់តែ​កន្លែង​ខ្លះ​មាន​ច្រើន និង​កន្លែង​ខ្លះ​មាន​តិច​។ ទឹក​ទាំងអស់នេះ យើង​អាច​ជីក​យកមកប្រើ​ប្រាស់ ដើម្បី​ឧស្សាហកម្ម និង​ប្រើប្រាស់​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​។



​លោក ទីន សុខ​លីម​៖
ទឹក​ក្រោម​ដី មាន​ច្រើនជាង​ទឹក​លើគោក តើ​មកពី​អ្វី​? 

​លោក វុទ្ធី មុនី​រ័ត្ន​៖ យើង​អាច​ប្រៀបធៀប​ថា ទឹក​ដែល​នៅក្រោម​ដី​នោះ វា​ប្រៀបដូចជា​អេ​ប៉ុង​មួយ​អ៊ីចឹង​។ ដី​មាន​ភ្លៀង​ដាក់​គ្រប់ពេលវេលា សូម្បីតែ​ទឹក​ហូ​នៅតាម​ទន្លេ​នោះ ក៏​វា​ហូរ​ជ្រៀប​ទៅក្នុង​ដី​ដែរ​។ ទឹក​ទាំងអស់នេះ បានមកពី​ភ្លៀង និង​ទឹក​ផ្សេងៗ ដែល​យើង​ប្រើប្រាស់​ពីលើ​រាល់ថ្ងៃនេះ​។ អ៊ីចឹង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ គឺ​សុទ្ធតែ​ទឹក​នៅក្រោម​ដី​នេះ​។ ចំណែក​ទឹក​នៅ​ទន្លេ មានតែ​នៅ​ទន្លេ​ទេ​។

​លោក ទីន សុខ​លីម​៖
ត្រឡប់មក​ជំនាញ ធនធានទឹក​ក្រោម​ដី តើ​លោក​បាន​សិក្សា​អី្វ​ខ្លះ​?

​លោក វុទ្ធី មុនី​រ័ត្ន​៖ ការសិក្សា​ជំនាញ ធនធានទឹក​ក្រោម​ដី​នោះ យើង​ចង់ដឹងថា តើ​ធនធានទឹក​ក្រោម​ដី មាន​ចំនួន​ប៉ុន្មាន​នៅ​កន្លែង​នោះ​? យើង​សិក្សា​ពី​ដី​នៅ​កន្លែង​នោះ​ទៀត តើ​ដី​នោះ​មាន​ជ្រាប​ទឹក​ប៉ុណ្ណា​? ជា​ប្រភេទ​ដីឥដ្ឋ ឬ​ដីល្បាយខ្សាច់​? ដើម្បី​យើង​អាច​បូមទឹក​នោះ យកមកប្រើ​ប្រាស់​បាន​។ ពីព្រោះថា ប្រសិនបើជា​ប្រភេទ​ដីឥដ្ឋ មាន​ជម្រាល វា​តូច​ពេក ដូច្នេះ​វា​បឺត​មក មិន​ចង់​ចេញ​ទេ​។  និយាយ​ឲ្យ​ស្រួល​ស្តាប់ទៅ ដើម្បី​ថែរក្សា ប្រាសាទ​អង្គ​វត្ត យើង​ត្រូវ​រក្សា​លំនឹង​ទឹក​ក្រោម​ដី ឲ្យ​បានល្អ​។ ប្រសិនជា​យើង​ជីក ឲ្យ​ជ្រៅ បូម​ឲ្យ​ខ្លាំង វា​អស់​ទឹក​នៅ​ខាង​ក្នុងនោះ វា​នឹងមាន​ការបាក់​ស្រុតដី​។ ប្រសិនបើ​យើង​ថែទាំ​វា មិនបាន​ល្អ​ទេ​។ ការបាក់​ស្រុតដី​នេះ វា​ធ្វើ​ឲ្យ​ផ្អៀង​ប្រាសាទ វា​អាច​នឹង​បាក់​ប្រាសាទ​អស់​ដែរ​។ នេះ​ជា​រឿង​មួយ​។ មួយទៀត ដើម្បី​រក្សា​ទឹក​យើង​មាន​ប៉ុន្មាន​? យើង​ត្រូវ​ដឹងថា​មាន​ភ្លៀង​ប៉ុន្មាន​?​ទឹក​នេះ​ចូលទៅ​ក្រោម​ដី​ប៉ុន្មាន​? យើង​ត្រូវការ​វាស់វែង​។ ប្រសិនបើ​ភ្លៀង​យើង​ប៉ុណ្ណឹង តំបន់​យើង​ប៉ុណ្ណឹង តើ​យើង​អាចមាន​ធនធានទឹក​ប៉ុណ្ណា​? យើង​អាច​បូម ក្នុង​មួយថ្ងៃ​ប៉ុណ្ណា​? យើង​ត្រូវ​ប្រាស់​យ៉ាងម៉េច ដើម្បី​កុំ​ឲ្យ​វា​ជ្រុល ឬ​ប្រើប្រាស់​យ៉ាងម៉េច ដើម្បី​កុំ​ឲ្យ​វា​តិចពេក​។ ប្រសិនបើ​ទន្លេ​ខាងលើ​គេ​ទប់​ទៅ តើ​យើង​បាន​ទឹក​ពី​ណា​ផឹក​? អ៊ីចឹង​ទឹក​នៅក្រោម​ដី​នេះ យើង​ត្រូវការពារ​ធ្វើ​យ៉ាងម៉េច​? កុំ​ឲ្យ​វា​មានការ​បំពុលបរិស្ថាន​។ ពីព្រោះ​យើង​ដឹង​ហើយ​ថា ប្រសិនបើ​យើង​ធ្វើ​អ្វី នៅ​ខាងលើ ដែល​សុទ្ធតែ​ជាតិពុល ជាពិសេស​ការប្រើប្រាស់​ជាតិគីមី នៅ​តំបន់កសិកម្ម ឬ​ឧស្សាហកម្ម​។ ប្រសិនបើ​ជាតិពុល​នេះ ជ្រាបចូល​ទៅក្នុង​ទឹក​។ ទឹក​នេះ​ក៏​ពុល​ដែរ​។ ដូច្នេះ​យើង​មិន​អាចយ​កក​ទឹក​នេះ មកប្រើប្រាស់​កើត​ទេ​។ ដូច្នេះ​យើង​ត្រូវ​រក្សា​ការពារ ពីព្រោះ​ទឹក​នៅក្រោម​ដី​នេះ ក៏​វា​បានមកពី​លើដី​ដែរ​។



​លោក ទីន សុខ​លីម​៖ តើ​យើង​ត្រូវ​ថែរក្សា​ទឹក ដើម្បី​កុំ​ឲ្យ​បំពុលបរិស្ថាន​ដោយ​របៀប​ណា​?

​លោក វុទ្ធី មុនី​រ័ត្ន​៖ យើង​ដឹង​ហើយ​ថា ទឹក​នៅក្រោម​ដី បានមកពី​លើដី​។ អ៊ីចឹង​យើង​ត្រូវ​ដឹងថា​ប្រភពទឹក​នេះ វា​ចូល​នៅ​កន្លែង​ណា​? វា​ចេញ​នៅ​កន្លែង​ណា​? វា​ចូល​នោះ ជា​ទឹក​ប្រភេទ​អ្វី​? ប្រសិនបើ​ទឹកលូ ចូលទៅ ក៏​វា​មិនសូវ​ជា​ស្អាត​ប៉ុន្មាន​ដែរ​។ ទឹក​នោះ​វា​នឹង​ជ្រាបចូល​ទៅក្នុង​ដី​។ វា​មិន​នៅ​មួយកន្លែង​ទេ វា​នឹង​ជ្រាប​បន្តទៅទៀត​។ ពី​កន្លែង​ដែលមាន​សំពាធ​ខ្លាំង ទៅ​កន្លែង​ដែលមាន​សំពាធ​ខ្សោយ​។ ដូច្នេះ​ប្រសិនបើ​យើង​ជីក​អណ្តូង យក​ទឹក​មកប្រើប្រាស់ ទឹក​នេះ​សុទ្ធតែ​សំរាម​។ យើង​ធ្លាប់​ឃើញ​ហើយ​ថា ជួល​កាល កើតមក​កូន​ក្បាល​ពីរ ឬ​ក្បាល​បី វា​អាច​ដោយសារ ការប្រើប្រាស់​ទឹក​នេះ​។ ប៉ុន្តែ​យើង​បែ​ជា​ជឿថា​នេះ មកពី​ព្រះ ឬ​មនុស្ស​ដែលមាន​បុណ្យ​បារមី​ទៅវិញ​។  

​លោក ទីន សុខ​លីម​៖ សម្រាប់​និស្សិត​ដែល​រៀន​ជំនាញ​នេះ ចប់​ទៅ​អាចធ្វើ​អ្វី​បាន​? ចុះ​ទីផ្សារការងារ យ៉ាងណាដែរ​?

​លោក វុទ្ធី មុនី​រ័ត្ន​៖ ប្រសិនបើ​ខ្ញុំ​ធ្វើ​ការងារ ជំនាញ​ធនធានទឹក​ក្រោម​ដី វា​មាន​ច្រើនណាស់ ជាពិសេស​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ពីព្រោះ​ប្រទេស​ទាំងនេះ ខ្វះខាត​ទឹក​។ ដោយឡែក ប្រទេស​យើង មានទឹក​ច្រើន​ប៉ុន្តែ​យើង​មិនទាន់​គិតគូរ​ទេ​។  នៅ​ប្រទេស​កម្ពុជា ធនធានទឹក​ដែល​នៅក្រោម​ដី ជា​ប្រភពទឹក​ដ៏​សំខាន់ សម្រាប់​អ្នក​ដែល​រស់នៅ​ឆ្ងាយ​ពី​ទន្លេ​។ ប្រទេស​កម្ពុជា​យើង មាន​រៀង​ជា​បាតខ្ទះ​។ អ៊ីចឹង​នៅក្នុង​កណ្តាល​ផ្ទៃ ប្រទេស​នោះ វា​មាន​ពពួក​ដីល្បាប់​ច្រើន ឬ​ល្បាប់​ដីឥដ្ឋ​។ ល្បាប់​ទាំងអស់នេះ វា​ធ្វើ​ឲ្យ​ជម្រាប​ទឹក វា​តូច​មែនទែន ដូច្នេះ​បាន​កន្លែង​ខ្លះ យើង​ជីក​អណ្តូង​ទៅ វា​អត់​ចេញ​ទឹក និង​កន្លែង​ខ្លះ​ចេញ​ទឹក​។ នេះ​វា​អាស្រ័យ​លើ​កន្លែង​យើង​បើកមុខ ជា​ប្រភេទ​ដី​អ្វី​? យើង​គួរតែ​ជីក​អណ្តូង​ទូទាំងប្រទេស​យើង ឲ្យ​ជ្រៅៗ ហើយ​យើង​ធ្វើ​គំរូ​សកាត់​ទទឹង នៅ​ផែនដី​របស់​យើង​។ គំរូ​សកាត់​ទទឹង​ជម្រៅ​ប៉ុណ្ណា ដើម្បី​ឲ្យ​យើង​ដឹងថា​ខ្សែរ​ទឹក​នៅ​កន្លែង​នេះ វា​មកពី​កន្លែង​ណា​? ដូច​ទឹក​នៅ​កំពង់ធំ វា​មានទឹក​ហូ​ចេញពី​ខាងក្រោម​ដី យើង​ត្រូវតែ​សិក្សា​ថា តើ​ទឹក​នេះ វា​ហូរ​ចេញពី​កន្លែង​ណា​? វា​ប្រា​ដក​ជាមាន​ប្រភព​។



​លោក ទីន សុខ​លីម​៖ និយាយ​ពី​ការសិក្សា​របស់លោក​នៅ​ជប៉ុន​វិញ តើ​លោក​ជួប​ផល​លំបាក​អ្វី​?

​លោក វុទ្ធី មុនី​រ័ត្ន​៖ ខ្ញុំ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដូចជា​មិន​ការលំបាក​អ្វី​ទេ ប៉ុន្តែ​វា​ដូចជា​សប្បាយ​ទៅវិញ ដោយសារ​ប្រទេស​គេ គេ​យកចិត្តទុកដាក់​ធនធាន​ទឹក​ក្រោម​ដី​។ យើង​មាន​មន្ទី​ពិសោធន៍ ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ការណែនាំ​ពី​គ្រូ​ជំនាញ ជួប​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ជំនាញ សំខាន់​សម្ភារៈ​នៅក្នុង​ការសិក្សារ និង​ការធ្វើ​ការពិសោធន៍​នៅ​យើង​មាន​គ្រប់បែបយ៉ាង​។

​លោក ទីន សុខ​លីម​៖ ចំពោះ​និស្សិត ដែលមាន​បំណង ចង់ទៅ​សិក្សា​ប្រទេស​ជប៉ុន តើ​ពួកគេ ត្រូវ​ត្រៀម​អ្វីខ្លះ​?

​លោក វុទ្ធី មុនី​រ័ត្ន​៖ ទី​១ ប្រសិនបើ​គាត់​មានលទ្ធភាព ចេញ​លុយ​ខ្លួនឯង នេះ​ជា​រឿង​មួយ​ងាយ​ណាស់​។ ប៉ុន្តែ​ចំពោះ​និស្សិត ដែល​មិនមាន​លទ្ធភាព​ទេ ពួកគេ​ត្រូវខិតខំ​រៀនសូត្រ ឲ្យ​បាន​ពិន្ទុ​ល្អ និង​ត្រូវមាន​សមត្ថភាព ផ្នែក​ភាសា​អង់គ្លេស ឬ​ភាសា​ជប៉ុន ដើម្បី​ប្រឡង​អាហារូបករណ៍ ទៅ​ប្រទេស​ជប៉ុន​។ ទី​២ មុននឹង​ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុន យើង​គួរតែ​ដឹង​ពី​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ​របស់ខ្លួន​។ ទី​៣ ក្រោយពី​បាន​ទៅ​សិក្សា យើង​គួរតែ​រាប់អាន​ញាតិមិត្ត​ឲ្យ​បាន​ច្រើន ក៏ដូចជា​សិក្សា ពី​អត្តចរិត​ជនជាតិ​ជប៉ុន​។ ប្រទេស​ជប៉ុន​ជា​ប្រទេស​អភិវឌ្ឍ​ខ្លាំងណាស់​។ យើង​ជា​ជនជាតិ​អាស៊ី​ដូចគ្នា ហេតុអ្វី​ក៏​យើង​មិនទាន់​អាចធ្វើ​បាន​ដូច​គេ​?



​លោក ទីន សុខ​លីម​៖ តើ​អ្វី​ជា​អនុសាសន៍​របស់លោក​ចុងក្រោយ សម្រាប់​និស្សិត​ដែលមាន​បំណង​ចង់​ដាក់​អាហារូបករណ៍​ដូចជា​លោក​?

​លោក វុទ្ធី មុនី​រ័ត្ន​៖ សម្រាប់​និស្សិត​ដែលមាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា នៅក្នុង​ប្រទេស​ជប៉ុន គួរតែ​ខិតខំ​ត្រៀមខ្លួន​ពី​ឥឡូវនេះ​ទៅ​ឲ្យ​ហើយ ទាំង​ភាសា ជំនាញ​ដែល​គាត់​ចង់​រៀន និង​លក្ខណៈ​ត្រៀម​ផ្សេងៗ​ទៀត ជាពិសេស​សុខភាព​។ ប្រសិនជា​យើង​ទៅ​រៀន​ហើយ សុខភាព​មិនល្អ ក៏​វា​មិនកើត​ទេ​។ ចំពោះ​ការ រៀន​ទៀតសោធ គួរតែ​បែងចែក​ម៉ោង​សិក្សា ម៉ោង​កីឡា និង​រាប់អាន​ញាតិ និង​ត្រលប់មក​កម្ពុជា​វិញ​កាន់​សញ្ញាបត្រ និង​សមត្ថភាព​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕ 


Tag:
 វុទ្ធី មុនី​រ័ត្ន​
 ​ សាកលវិទ្យាល័យ​ឈី​បា​
 ​ សមាគម​អតីត​និស្សិត​មកពី​ប្រទេស​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com