បទវិភាគ
រដូវ​រៀបការ​៖ ពលរដ្ឋ​ស្ថិតក្នុង​គំនាប​ហិរញ្ញវត្ថុ​គ្រួសារ និង​កាតព្វកិច្ច​សង្គម​
12, Jan 2018 , 3:48 pm         10791
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាជន​ខ្មែរ​មួយចំនួន​កំពុងស្ថិត​ក្នុង​គំនាប​ហិរញ្ញវត្ថុ​គ្រួសារ និង​កាតព្វកិច្ច​សង្គម​ដោយសារ​ពិធីបុណ្យ​មាន​កាន់តែច្រើន​។ អ្នកជំនាញ​សង្គម​មួយចំនួន​បាន​និយាយថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រជាជន​ខ្មែរ​ខ្លួនឯង​ត្រូវ​កាត់បន្ថយ​ការ​ប្រារព្ធ​ពិធីបុណ្យ​បរទេស និង​ខ្មែរ​មួយចំនួន​ដែល​មិនចាំបាច់​។


​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ភាព​រអ៊ូរទាំ​លើ​ការចំណាយ​សម្រាប់​ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ​ត្រូវបាន​គេ​ឮសូរ​កាន់តែ​ច្រើនឡើង និង​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។ មាន​មែន​ការ​រអ៊ូរទាំ​ពី​កញ្ចប់​ចំណាយ​ប៉ោង​ឡើង ប៉ុន្តែ​ប្រជាជន​ខ្មែរ​មួយចំនួន​នៅតែ​បន្ត​អបអរសាទរ​ពិធីបុណ្យ​បរទេស​មួយចំនួន​បន្ថែ​ម​ទៀត ក្រៅពី​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ ឬ​នៅ​បន្ត​អបអរសាទរ​ពិធី​របស់​ខ្មែរ​មួយចំនួន​ដែល​គេ​អាច​លុច​ចោល​បាន​។
 
​អ្នកជំនាញ​ផ្នែក​សង្គម​មួយចំនួន​បាន​និយាយថា ប្រទេស​កម្ពុ​ជាមាន​ពិធីបុណ្យ​ប្រពៃណី​ចាំបាច់​ខានមិនបាន​របស់ខ្លួន​ច្រើន​ហើយ ដូចជា​៖​ពិធីបុណ្យ​កថិន បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យបច្ច័យបួន បុណ្យ​ដឹងគុណ​មាតាបិតា ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​ឡើង​គេហដ្ឋាន​ថ្មី ពិធីបង្កក់កូន​ចៅ និង​នៅមាន​ពិធីបុណ្យ​មួយចំនួន​ផ្សេងៗ​ទៀត​របស់​ខ្មែរ​។
 
​ដោយ​មិន​និយាយ​ពី​ពិធីបុណ្យ​បែប​បស្ចិមប្រទេស អ្នកជំនាញ​សង្គម​ដដែល​បាន​បន្ថែមទៀតថា គ្រាន់តែ​បុណ្យ​ក្នុងប្រទេស​សម្រាប់​អ្នកមាន​សែស្រឡាយ​ខ្មែរ​ចិន ខ្មែរ​វៀតណាម ពួកគេ​ត្រូវ​បង្ខំចិត្ត​ប្រារព្ធ​ពិធី​ទាំងពីរ​នេះ​ជា​រៀងរាល់ឆ្នាំ ពោលគឺ​ពួកគេ​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផង និង​ចូលឆ្នាំ​ចិន ផង​។
 
​ក្រៅពី​ពិធីបុណ្យ​ដែលមាន​ស្រាប់​តាំងពី​ជីដូន​ជីតា​មក គេ​សង្កេតឃើញ​មាន​ពិធីបុណ្យ​ជាច្រើន​បន្ថែមទៀត​ទើប​ត្រូវបាន​ប្រជាជន​ខ្មែរ​មួយចំនួន​ប្រតិបត្តិ​ឡើង​តាម​វប្បធម៌​ប​ស្ចឹ​ម​ប្រទេស​។ ពិធីបុណ្យ​ទាំងនោះ​ជារួម​មាន​៖​ពិធីបុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ​ហៅថា​បុណ្យ​សង្សារ ពិធីបុណ្យ​ណូអែល ពិធីបុណ្យ​បំណាច់​ឆ្នាំ ពិធីបុណ្យ​ហាល​ឡូ​វិ​ន​សម្រាប់​កុមារ​។​ល​។ ពិធីបុណ្យ​ទាំងនេះ​ទើបត្រូវ​បាន​គេ​ប្រតិបត្តិ​ក្នុង​រយៈពេល​ជាង​១០ ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​អ្នកជំនួញ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ជារឿយៗ​ធ្លាប់បាន​ត្អូញត្អែរ​ពី​ចំនួន​ថ្ងៃ​ឈប់សម្រាក​របស់​ជាតិ​ច្រើនពេក​។ ដោយសារ​បញ្ហា​នេះ ក្រុមហ៊ុន​សហគ្រាស ពេលខ្លះ យឺតយ៉ាវ​ក្នុងការ​ប្រគល់​ទំនិញ​អោយទាន់​ពេលវេលា​។​
 
​បើ​ផ្អែកលើ​កត្តា​ធម្មជាតិ និង​ផ្អែកលើ​ទ្រឹស្តី​សេដ្ឋកិច្ច គេ​ពិតជា​អាច​និយាយបានថា ពិធីបុណ្យ​កាន់តែច្រើន​អនុញ្ញាតអោយ​មនុស្ស​សប្បាយ​កាន់តែខ្លាំង ចំណាយ​ច្រើន ហើយ​វា​នឹង​នាំអោយមាន​កំណើនសេដ្ឋកិច្ច​ច្រើន ប៉ុន្តែ​នៅពេលដែល​ពិធីបុណ្យ​មាន​កាន់តែច្រើន ពេលនោះ កញ្ចប់​ថវិកា​គ្រួសារ​អ្នកមាន​ជីវភាព​យ៉ាប់យ៉ឺន​ក៏​កាន់តែ​ស្ងួត​ដែរ​។​
 
​នៅក្នុង​ប្រទេស​កម្ពុជា កម្មករ​រកប្រាក់​ចំណូល​ប្រចាំខែ​បាន​ប្រមាណ​ជា​២០០ ដុល្លារ​អាមេរិក​។ មន្ត្រីរាជការ​ទទួលបាន​ប្រាក់ខែ​ជា​មធ្យម​ជិត​៣០០​ដុល្លារ​អាមេរិក​។ បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន អាច​រកប្រាក់​ចំណូល​បាន​ពី​ជាង​២០០ ដុល្លារ​ដល់​ជិត​១​ពាន់​ដុល្លារ​។
 
​ប្រាក់ចំណូល​មើលទៅ​គួរសម​ដែរ ប៉ុន្តែ​ការចំណាយ​មាន​កម្រិត​ខ្ពស់ ពីព្រោះ​ទំនិញ​នៅ​ទីផ្សារ​មានតម្លៃ​ថ្លៃ​។ ការចំណាយ​លើ​ម្ហូបអាហារ សម្លៀកបំពាក់ ការ​ស្នាក់នៅ ទឹក​ភ្លើង​គឺជា​រឿង​មួយ​។ ប៉ុន្តែ​ពេលនេះ អ្វីដែល​ប្រជាជន​ខ្មែរ​មួយចំនួន​កំពុង​ប្រឈម​នោះ​គឺ​ការចំណាយ​ទៅលើ​ពិធីបុណ្យ​ប្រពៃណី​របស់​ជាតិ​បូក​បន្ថែម​ពិធីបុណ្យ​អន្តរជាតិ និង​ពិធី​ជួបជុំ​អត់​ប្រយោជន៍​មួយចំនួន​ផ្សេងទៀត​។
 
​នៅក្នុង​ប្រទេស​កម្ពុជា ការ​មួយ​រោង គេ​ត្រូវ​ការចំណាយ​ជា​មធ្យម​៣០​ដុល្លារ​នៅ​ទីក្រុង​ភ្នំពេញ ឬ​២០​ដុល្លារ​នៅ​ជនបទ​។ ហើយ​នេះ​មិនទាន់​ទាំង​គិត​តម្លៃ​តុបតែង​ខ្លួន​និង​តម្លៃ​ធ្វើដំណើរ​ផង​។​
 
​ការចំណាយ​ប្រាក់កាស​ក្នុង​ចំនួន​នេះ​មិនមាន​បញ្ហា​អ្វី​ទេ​សម្រាប់​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​នោះ​ប៉ុន្តែ​សម្រាប់​គ្រួសារ​ខ្សត់ខ្សោយ ទឹកប្រាក់​នេះ​មាន​ទំហំ​ធំ​ណាស់​សម្រាប់​ចិញ្ចឹម​គ្រួសារ​ប្រចាំថ្ងៃ​។​
 
​អ្នកជំនាញ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​និយាយថា គ្រួសារ​ខ្មែរ​មួយចំនួន​បាន និង​កំពុង​ស្ថិតនៅក្នុង​គំនាប​សេដ្ឋកិច្ច និង​កាតព្វកិច្ច​សង្គម​។ មានន័យថា ប្រសិនបើ​ពួកគេ​ប្រតិបត្តិ​ពិធីបុណ្យ​មួយចំនួន​ខ្លាំងពេក ពេលនោះ ពួកគេ​ខ្វះ​ប្រាក់​សម្រាប់​ចិញ្ចឹមជីវិត​គ្រួសារ​។ ផ្ទុយទៅវិញ ប្រសិនបើ ពួកគេ​មិន​គោរព​ប្រតិបត្តិ​ពិធី​ប្រពៃណី​ផ្សេងៗ​របស់​ខ្មែរ ពេលនោះ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការស្តីបន្ទោស​ពី​សង្គម​។​
 
​ដូច្នេះ ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ អ្នកពាក់ព័ន្ធ​ទាំងឡាយ​ត្រូវ​កាត់បន្ថយ​ពិធីបុណ្យ​ណា​ដែល​មិនមែនជា​របស់​ខ្មែរ ឬ​ពិធីបុណ្យ​ណា​ដែល​មិនចាំបាច់​ចោល ទោះបី​ពិធីបុណ្យ​នោះ​ជា​របស់​ខ្មែរ​ក៏ដោយ​។ ម្យ៉ាងវិញទៀត អ្នក​ដែល​ចូលចិត្ត​បង្កើត​កម្មវិធី​ដែល​មិនសូវមាន​ប្រយោជន៍ ហើយ​ធ្វើ​អ្នក​ផ្សេងទៀត​ចំណាយ​ប្រាក់​នោះ គួរ​ពិចារណា​ឡើងវិញ​៕

Tag:
 សង្គម
  រៀបការ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង