ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​ខាង​រដ្ឋាភិបាល ចូល​បំភ្លឺ​ពី​ការប្តឹង​លោក លឺ ឡាយស្រេង ពីបទ​បរិហារកេរ្តិ៍
06, Nov 2017 , 12:02 pm        
រូបភាព
លោក លឺ ឡាយស្រេង ដែលកំពុងស្ថិតនៅ​ក្រៅ​ប្រទេស
លោក លឺ ឡាយស្រេង ដែលកំពុងស្ថិតនៅ​ក្រៅ​ប្រទេស
​ភ្នំពេញ​៖ យោងតាម​ដីកា​កោះហៅ លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា ត្រូវ​ចូលទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ ជុំវិញ​បណ្តឹង​របស់ខ្លួន ដែល​ប្តឹង លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ប្រមាថ​។



​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ពាក្យបណ្តឹង​នេះ កើតឡើង គឺ​ដោយសារតែ​លោក លឺ ឡាយស្រេង បាន​និយាយថា សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានផ្តល់​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​ថ្នូរ​នៃ​ការប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅក្នុង​ពាក្យបណ្តឹង លោក គី តិច បានចាត់ទុក ការលើកឡើង​បែបនេះ​របស់លោក លឺ លាយ​ស្រេង ថា​ជា​អំពើ​ទុច្ចរិត និង​ជាការ​បំផ្លើស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​សម្តេច ហ៊ុន សែន​។

​ក្នុង​ពាក្យបណ្តឹង​នោះ​ដដែល លោក​មេធាវី គី តិច មិន​ត្រឹមតែ​ស្នើ​ឲ្យ​តុលាការ ផ្តន្ទាទោស​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​លោក ថែមទាំង​ទាមទារ​ឲ្យ​លោក លឺ ឡាយស្រេង បង់ប្រាក់​ចំនួន ៥​រយ​លាន​រៀល ដល់​សម្តេច ហ៊ុន សែន ដែលជា​ដើមបណ្តឹង ផងដែរ​។ លោក គី តិច បាន​យក​ខ្សែអាត់​សំឡេង​របស់លោក លឺ ឡាយស្រេង ដែល​បែកធ្លាយ ហើយ​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សីហា  ធ្វើជា​អង្គហេតុ​នៃ​ការប្តឹង​។

​លោក លឺ ឡាយស្រេង មិន​បដិសេធ​នោះទេ ចំពោះ​សំឡេង​បែកធ្លាយ​នេះ​។ ក្រោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សីហា បង្ហោះ​សំឡេង​របស់លោក លឺ ឡាយស្រេង ដែល​សន្ទនា​គ្នា​តាម​ទូរ​សព្ទ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ គី លំអង ដែលជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរនោះ  លោក ក៏​ចេញមក​សារភាព និង​សុំទោស​ចំពោះ​សម្តេច ហ៊ុន សែន​។ លើសពីនេះ លោក ក៏បាន​សុំ​ព្រះរាជទាន​លើកលែងទោស ពី​ព្រះមហាក្សត្រ ផងដែរ ដ្បិត​លោក បាន​ប្រើ​ពាក្យពេចន៍​ខ្លះ ដែលមាន​លក្ខណៈ​ប្រមាថ ដល់​ព្រះមហាក្សត្រ​។  

​តាមរយៈ​វីដេអូ​ឃ្លី​ប លោក លឺ ឡាយស្រេង បាន​និយាយ​សុំទោស​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​មានប្រើ​ពាក្យ​លើសលួស​ខ្លះៗ​។ ដូច្នេះ​សូម​អភ័យទោស​ដល់​បងប្អូន​ទាំងអស់ ជាពិសេស​សម្តេចនាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​។ ខ្ញុំ​ដូចជា​ព្រួយបារម្ភ​ខ្លាំងពេក ចេះតែ​និយាយ​ផ្តេសផ្តាស​ទៅ​ក៏មាន​។ ប៉ុន្តែ ខ្ញុំ មិនដែល​មានចិត្ត​ប្រមាថកាតទាន​ទេ សូម្បី​នាយករដ្ឋមន្ត្រី​»​។ 

​ជុំវិញ​ការប្រើ​ពាក្យ​ប្រមាថ​ដល់​ព្រះមហាក្សត្រ ក្រសួងយុត្តិធម៌ បាន​ចេញមក​ប្រតិកម្ម​នឹង​លោក លឺ ឡាយស្រេង​។ ក្រសួង​មាន​សមត្ថកិច្ច​មួយ​នេះ បានស្នើ​ឲ្យ​តុលាការ ចាត់វិធានការ​លើ​លោក លឺ ឡាយស្រេង ទៅតាម​ច្បាប់​។

​រីឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​ប្រធាន​ជា​សែ​រាជវង្ស ក៏​មិន​នៅ​ស្ងៀម​ដែរ​។ គណបក្ស​នេះ បានរៀបចំ​បណ្តឹង ដើម្បី​ប្តឹង​លោក លឺ ឡាយស្រេង ពី​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​បរិហារកេរ្តិ៍ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​យ៉ាងណា​ក៏ដោយចុះ បច្ចុប្បន្ននេះ លោក លឺ ឡាយស្រេង បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​បរទេស​បាត់ទៅ​ហើយ​។ យោងតាម​ដីកា​កោះហៅ លោក លឺ ឡាយស្រេង ត្រូវ​ចូលទៅ​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២0១៧៕
អត្ថបទទាក់ទង




Tag:
 លឺ ឡាយស្រេង​
  មេធាវី​
  គី តិច​
© រក្សាសិទ្ធិដោយ thmeythmey.com