ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
នីតិបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ អាចរងទោសទណ្ឌ និងពិន័យជាប្រាក់ ១០ ទៅ៥០លានរៀល
× នីតិបុគ្គល មិនត្រឹមតែទទួលទោសទណ្ឌ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌនោះទេ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ចែងពីការដាក់ទោសនីតិបុគ្គលដែរ។ នៅពេលក្រុមហ៊ុនមួយ ផ្ដល់សិទ្ធិឲ្យតំណាងរបស់ខ្លួន ឬបុគ្គល ដឹកជញ្ជូននូវទំនិញដែលជាផលប្រយោជន៍របស់ខ្លួន ហើយបុគ្គលជាអ្នកបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពច្បាប់ បណ្ដាលឲ្យអ្នកដទៃ របួស អសមត្ថភាពប្រកបការងារ ឬបណ្ដាលឲ្យស្លាប់ ក៏ត្រូវទទួលទោសទណ្ឌដែរ។
ច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨៦ បានចែងថា នីតិបុគ្គល ត្រូវប្រកាសទោសព្រហ្មទណ្ឌតាមលក្ខណ្ឌដែល មានចែងក្នុងមាត្រា៤២ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា៨៥ ស្តីពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។
នីតិបគ្គលត្រូវផ្ដន្ទាទោសជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងបន្ថែមទោសមួយឬ ច្រើនដូចតទៅ៖
១. ការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ការរំលាយ និងការជម្រះបញ្ជីនៃនីតិបុគ្គល។
២. ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានរបស់តុលាការ តាមបែបបទកំណត់ដោយ មាត្រា ១៧១ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានរបស់តុលាការ។
៣. ការហាមឃាត់ធ្វើសកម្មភាពណាមួយ ឬច្រើនតាមបែបបទកំណត់ដោយ មាត្រ១៧២ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ការហាមឃាត់ចំពោះធ្វើសកម្មភាព។
៤. ការបិទគ្រឹះស្ថានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយមាត្រា១៧៦ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ការបិទគ្រឹះស្ថាន។
៥. ការហាមឃាត់ចំពោះការធ្វើអាជីវកម្ម លើគ្រឹះស្ថានដែលបើកចំហដល់សាធារណជន ឬដែលប្រើប្រាស់ដល់សាធារណជន តាមបែបបទកំណត់ដោយក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ មាត្រ១៧៧ ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថាន។
៦. ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមបែបកំណត់ដោយ ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា១៨០ ការបិទសេចក្ដីសម្រេច។
៧. ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស នៅក្នុងសារព័ត៌មានសរសេរ ឬផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ តាមបែបកំណត់ដោយក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ មាត្រា១៨១ ការផ្សាយសេចក្ដីសម្រេចតាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ជាអាទិ៍៕
Tag:
ច្បាប់ចរាចរណ៍
នីតិបុគ្គល
ទោសទណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com