ជាតិ
អ្នក​ចុះឈ្មោះ​បោះឆ្នោត បាន​ត្រឹម ២៩​ភាគរយ ខណៈ​នៅសល់​ពេល​តែ ៣​ថ្ងៃ​ទៀត​
06, Nov 2017 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​បិទ​បញ្ចប់ នៅក្រោយ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ ប្រភពពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឲ្យ​ដឹងថា រយៈពេល​២​ខែ គឺ​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា រហូតមកដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២0១៧ មាន​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត តែ​ជិត​៥​សែន​នាក់​ប៉ុណ្ណោះ ដោយ​ស្មើនឹង ២៩​ភាគរយ​។



​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​១៨​ឆ្នាំ និង​មាន​សិទ្ធិ​បោះឆ្នោត នៅសល់​ជាង​១​លាន​នាក់​ទៀត​ឯណោះ ដែល​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អះអាង​កាលពី​កន្លងមក​ថា ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត គឺ​ភាគច្រើន​ជា​អ្នក​ចំណាក់ស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។
​ដើម្បី​អាច​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក្នុង​ឆ្នាំ​២0១៨ ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវតែទៅ​ចុះឈ្មោះ មុននឹង​ត្រូវ​បិទ​បញ្ចប់​នៅក្រោយ​ថ្ងៃ​ទៅ​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។

​ចំណែកឯ​ប្រជាពលរដ្ឋ​ជិត ៨​លាន​នាក់ ដែល​បាន​ចុះឈ្មោះ កាលពី​ឆ្នាំ​២0១៦ នឹង​អាច​ទៅ​បោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ តែម្តង ដោយ​មិន​តម្រូវ​ឲ្យ​ចុះឈ្មោះ​ឡើងវិញ​ទេ​។ ប៉ុន្តែ​ពួកគេ ក៏​ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​របស់ខ្លួន​ឡើងវិញ​ដែរ ដែល​ត្រូវបាន​បិទ​ផ្សាយ​នៅតាម​ឃុំ​-​សង្កាត់ ឬក៏​ចូលទៅ​ស្វែងរក​តាម​គេហទំព័រ http://www.voterlist.org.kh/​។ 

​បើ​បូក​បញ្ចូល​ប្រជាពលរដ្ឋ​ជិត ៨​លាន​នាក់ ដែល​បាន​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២0១៦ (​ចំនួន​ចាស់​)  ជាមួយ​ប្រជាពលរដ្ឋ​ជិត ៥​សែន​នាក់ ដែល​ទើបនឹង​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​២0១៧ (​ចំនួន​ថ្មី​)  ប្រជាពលរដ្ឋ​សរុប មាន​ជាង ៨.៣​លាន​នាក់​ហើយ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បច្ចុប្បន្ន​៕



Tag:
 បោះឆ្នោតជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com