សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នក​ម៉ែ​មហិមា​ណាស់​! យាយ​អាយុ​៩៨​ឆ្នាំ​តាម​ទៅ​ថែទាំ​កូនប្រុស​អាយុ​៨០​ឆ្នាំ​
07, Nov 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​សម្រាប់​ម្តាយ កូន​អាយុ​ច្រើន​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​គេ​នៅតែ​ជា​ក្មេង​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​។ លោក Tom Keating អាយុ​៨០​ឆ្នាំ បាន​ទៅ​រស់នៅ​មណ្ឌល​ថែទាំ​ជន​ចាស់ជរា Moss View ក្នុង​តំបន់ Huyton ក្រុង​លី​វើ​ភូ​ល ដោយ លោ ក​ត្រូវការ​ជំនួយ និង​ការថែទាំ​បន្ថែម​។ មួយឆ្នាំ​ក្រោយមក លោកយាយ Ada ដែលមាន​វ័យ​៩៨​ឆ្នាំ បានសម្រេច​ប្តូរ ទីលំនៅ​ទៅកាន់​ទីនោះ​ផងដែរ ក្រោម​ហេតុផល​ថា មានឱកាស​មើលថែទាំ​កូនប្រុស​ច្បង​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Liverpool Echo​។​



​លោកយាយ Ada Keating និង​កូនប្រុស Tom Keating មាន​គម្លាត​អាយុ​គ្នា​១៨​ឆ្នាំ​។ លោក Tom ត្រូវបាន​ចាត់ទុកជា​កូនប្រុស​ម្នាក់​ដ៏​មហា​សំណាង ពីព្រោះ​នៅតែ​ទទួល​បានការ​ថ្នាក់ថ្នម​ដោយផ្ទាល់​ពី​ម្តាយ បើទោះបីជា​ខ្លួន​មាន​អាយុ​៨០​ឆ្នាំ​ទៅហើយ​ក្តី​។ ដោយ​មិន​ចង់ឃើញ​កូន​លំបាក លោកយាយ Ada អាយុ​៩៨​ឆ្នាំ បាន​ប្តូរ​លំនៅដ្ឋាន​ពី​តំបន់ Wavertree ទៅ​រស់នៅ​មណ្ឌល​ចាស់ជរា Moss View ក្នុង​តំបន់ Huyton ក្រុង​លី​វើ​ភូ​ល​។​

​នៅក្នុង​មណ្ឌល​ចាស់ជរា លោកយាយ Ada មានឱកាស​ជាច្រើន​នៅ​ជាមួយ​លោកតា Tom ដែលជា​កូនប្រុស ដោយ​ពួកគេ​អាច​លេង​ហ្គេម​ជាមួយគ្នា មើល​ទូរទស្សន៍​រួមគ្នា​។ ក្នុង​បទ​សម្ភាស​ជាមួយ Liverpool Echo លោកយាយ បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​តែងតែ​ទៅដល់​បន្ទប់​របស់ Tom ដើម្បី​និយាយថា រាត្រីសួស្តី ហើយ​ពេលព្រឹក ថា អា​រុណ​សួស្តី រួមទាំង​ហៅ​ញ៉ាំ​អាហារ​ពេលព្រឹក​»​។​



​លោកយាយ​បាន​បន្ថែមថា លោកតា Tom តែងតែ​ដើរ​តាម​គាត់​ជានិច្ច ហើយក៏​មើលថែទាំ​គាត់​វិញ​ផងដែរ​។ លោកតា Tom បាន​អះអាងថា គាត់​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ដែលមាន​ឱកាស​នៅ​ជាមួយ​ម្តាយ និង​ទទួលបាន​ការថែទាំ​បន្តទៀត​ពី​គាត់​។​

​លោកយាយ Ada និង​លោកតា Harry ដែលជា​ស្វាមី មានកូន​៤​នាក់ រួមមាន Tom, Barbara, Margi និង Janet ដោយ​កូនពៅ​ស្លាប់​តាំងពី​អាយុ​១៣​ឆ្នាំ​។ នៅមុន​ចូលនិវត្តន៍  លោក Tom គឺជា​អតីត​វិចិត្រករ និង​ជា​អ្នកជំនាញ​ផ្នែក​តុបតែង​ម្នា​ក់នៅ​ក្រុមហ៊ុន​ឯកជន រីឯ​លោកយាយ Ada ជា​អតីត​គិលានុបដ្ឋាយិកា​។​

​លោកតា Tom មិនដែល​បាន​រៀបការ​នោះឡើយ ហើយ​គាត់​តែងតែ​នៅ​ជាមួយ​លោកយាយ Ada ដើម្បី​មើលថែទាំ​គាត់ មុនពេល​ចេញទៅ​រស់នៅ​មណ្ឌល​ថែទាំ​ជន​ចាស់ជរា Moss View ក្នុង​តំបន់ Huyton ក្រុង​លី​វើ​ភូ​ល​។ ដោយសារតែ​យល់ថា កូនប្រុស​មាន​សុខភាព​ហាក់ដូចជា​ទ្រុឌទ្រោម​ជាង​ខ្លួន លោកយាយ Ada បានសម្រេច​ចិត្ត​ដូរ​ទីលំនៅ​ដើម្បី​តាមមើល​ថែទាំ​កូន​។​



​ដូចជា Debi Higham ដែលជា​ចៅស្រី​ម្នាក់​របស់​លោកយាយ Ada ផងដែរ លោក Philip Daniels ប្រធាន​មណ្ឌល Moss View បានបង្ហាញ​ពី​ក្តីរំភើប​របស់ខ្លួន​ចំពោះ​ទំនាក់ទំនង​ម្តាយកូន​ទាំងពីរ​។ លោក​បាន​អះអាង​ផងដែរ​ថា នេះ​ជា​ករណី​លើកដំបូង​បំផុត​ដែល​ម្តាយ និង​កូន រស់នៅក្នុង​មណ្ឌល​ចាស់ជរា​ជាមួយគ្នា​។​

​លោក Philip រំភើប​យ៉ាងខ្លាំង​ចំពោះ​សម្តី​របស់​លោកយាយ Ada ដែលថា​៖ «​អ្នក​មិនអាច​បញ្ឈប់​តួនាទី​ជា​ម្តាយ​របស់ខ្លួន​នោះឡើយ​»៕
 

Tag:
 គ្រួសារ​
  ម្តាយ​
© រក្សាសិទ្ធិដោយ thmeythmey.com