កីឡាជាតិ
ជាតិ
AFC U19៖ វៀតណាម និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ទៅ​វគ្គ​បន្ត ខណៈ​កម្ពុជា​នៅតែ​ចាំ​អ៊ុត​ឱកាស​
08, Nov 2017 , 7:59 am        
រូបភាព
ដោយ: រួបរួម
​ការប្រកួត​ពូ​ល​ផ្សេងៗ​វគ្គ​ជម្រុះ AFC U19 Championship ឆ្នាំ​២០១៨ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា នេះ ដោយ​ពូ​ល​មួយចំនួន​រកឃើញ​ក្រុម​ដែល​ត្រូវ​ឈានទៅ​វគ្គ ហើយ​ក្រុម​ដែល​ត្រូវ​ហាលអាវ​ផងដែរ​។ សម្រាប់ U19 កម្ពុជា ពួកគេ​នៅតែ​ចាំមើល​ឱកាស​របស់ខ្លួន​ក្នុងចំណោម​ក្រុម​លេខ​២​ឆ្នើម​។​



​ជាមួយនឹង​ការប្រកួត​មួយ​លើក​ដែល​នៅ​សេសសល់ ក្រុម U19 អារ៉ាប់​រួម​អេ​មី​រ៉ាត់ និង​វៀតណាម ទទួល​កៅអី​ទៅកាន់​ការប្រកួត​ជុំ​ចុងក្រោយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ស្វ័យប្រវត្តិ ដោយ​ពួកគេ​ក្តោប​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល A និង​ពូ​ល H រៀងៗ​ខ្លួន​។​

​អារ៉ាប់​រួម​អេ​មី​រ៉េត និង​វៀតណាម ត្រូវ​រួម​ដំណើរ​ជាមួយ​ចិន និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី សម្រាប់​ការប្រកួត​ជុំ​ចុងក្រោយ​ចន្លោះ​ពីថ្ងៃ​ទី​១៨ ខែតុលា ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​។​

​ដោយសារតែ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី មិនមាន​ពិន្ទុ​គ្រប់គ្រាន់​ក្នុងការ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១ ឬ​លេខ​២​នៅក្នុង​ពូ​ល F ចំនួន​ក្រុម​លេខ​២​ឆ្នើម ដែល​ត្រូវ​រួម​ដំណើរ​ជាមួយ​ម្ចាស់​កំពូល​តារាង​នៃ​ពូ​ល​នីមួយៗ នឹង​មានតែ​៥​ប៉ុណ្ណោះ​។​

​សម្រាប់​ការប្រៀបធៀប​តារាង​លេខ​ពីរ​ឆ្នើម សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ធ្វើការ​ស៊ីសង​គ្នា​តែ​រវាង​៣​ក្រុម​កំពូល​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ស្មើភាព​សម្រាប់​ពូ​ល​ដែលមាន​៥​ក្រុម និង​ពូ​ល​ខ្លះ​មានតែ​៣​ក្រុម​។​

​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២​នៅក្នុង​ពូ​ល G បន្ទាប់ពី​ចិន ហើយ​ពិន្ទុ​ដែល​កម្ពុជា​ត្រូវ​ប្រៀបធៀប​ជាមួយ​លេខ​២​ពូ​ល​ផ្សេងទៀត​នោះ គឺ ៣​ពិន្ទុ (+០) ដោយ​ផ្អែកលើ​លទ្ធផល​ចាញ់​ចិន ១-០ និង​ឈ្នះ​មី​យ៉ាន់​ម៉ា ៣-២ រីឯ​លទ្ធផល​ស្មើ ០-០ ជាមួយ​ហ្វីលីពីន មិន​ត្រូវបាន​រាប់បញ្ចូល​នោះឡើយ​។​

​ផ្ទុយ​ពី​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ចិន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​វៀតណាម ដែល​ទទួលបាន​កៅអី​ស្វ័យប្រវត្តិ​ទៅកាន់​ជុំ​ចុងក្រោយ ក្រុម​ដែល​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ​រួមមាន ណេ​ប៉ាល់ (​ពូ​ល A), បង់​ក្លា​ដែ​ស ម៉ា​ល់​ឌី​វ ស្រីលង្កា (​ពូ​ល B), លី​បង់ (​ពូ​ល C), ឥណ្ឌា តួ​កមេ​នី​ស្ថាន (​ពូ​ល D), ប៉ា​ឡេ​ស្ទី​ន (​ពូ​ល E), ទី​ម័​រ​ខាងកើត ព្រុយ​ណេ (​ពូ​ល F), មី​យ៉ាន់​ម៉ា ហ្វីលីពីន (​ពូ​ល G), ឡាវ (​ពូ​ល H), សិង្ហ​បុរី ម៉ុង​ហ្គោ​លី (​ពូ​ល I) និង ហុងកុង (​ពូ​ល J)​។ ដោយឡែក អា​ហ្វ​ហ្គា​នី​ស្ថាន និង​កោះ Northern Mariana Islands បាន​ដកខ្លួន​ចេញ​មុន​ការប្រកួត​៕


Tag:
 AFC U19
  U19 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com